22/04/2023 - 07:45

មរតក​បេតិក​ភណ្ឌ​អរូបី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​

ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ​ បាន​និង​កំ​ពុង​ស្នង​បន្ត​នូវ​បេតិក​ភណ្ឌ​វប្បធម៌​ដ៏​មាន​តម្លៃ​ដែល​ដូន​តា​បាន​បន្សល់​ទុក​មក។​ មាន​ដូច​ជា​ពិធី​បុណ្យ​នា​នា​និង​ប្រ​ព័ន្ធ​តន្ត្រី​ប្រ​ជា​ប្រិយ​ដែល​ផ្សារ​ភ្ជាប់​ស្អិត​ល្មួត​ជា​មួយ​នឹង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ការ​ប្រ​ជុំ​ជីវ​ភាព​សហគមន៍​ជា​ដើម​។​ ក្នុង​នោះ​ ខឿន​តន្ត្រី​ប្រ​ជា​ប្រិយ​មាន​តួនា​ទីដ៏​សំ​ខាន់​ក្នុង​ការ​បង្ហាញ​និង​អំ​ណះអំ​ណាង​នូវ​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ​ ធានា​ការ​ឯក​ភាព​ក្នុង​ភាព​សម្បូរ​បែប​នៃ​ខឿន​វប្បធម៌​-សិល្បៈ​វៀត​ណាម។​ ហើយ​ក្នុង​ប្រ​ភេទ​តន្រី្ត​ទាំង​នោះ​ មាន​មួយ​ចំ​នួន​បាន​ក្លាយ​ជាបេតិក​ភណ្ឌ​អរូបី​ថ្នាក់​ជាតិ​ ត្រូវ​បាន​និង​កំ​ពុង​តែ​អភិរក្ស​ ក៏​ដូច​ជា​បាន​បង្ហាត់​ បង្រៀន​ដល់​កូន​ចៅ​ជំ​នាន់​ក្រោយ​ផង​ដែរ។​
* អស់ពីចិត្តជាមួយចម្រៀងចាប៉ីដងវែង
* ការរីកលូតលាស់នៃសិល្បៈប្រជាប្រិយរាំវង់
* ព្រួតដៃអភិរក្សភ្លេងពិណពាទ្យ
* អភិរក្សសិល្បៈចម្រៀងអាយ៉ៃ
* មកកាម៉ាវ ទស្សនាសិល្បៈភ្លេងស្គរធំនៅថើយប៊ិញ

អស់​ពី​ចិត្ត​ជា​មួយ​ចម្រៀង​ចាប៉ី​ដង​វែង​

មក​កាន់​ភូមិ​ទ្រព្រះ​បាទ​ ឃុំ​តឹង​ហ៊ីប ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ សួរ​រក​ផ្ទះ​សិប្ប​ករ​ថាច់​កេន តាម​អ្នក​ណា​ក៏​ស្គាល់​ដែរ។​ ដ្បិត​អី​កេរ្តិ៍​ឈ្មោះ​បង​កេន ល្បី​សុស​សាយ​នៅ​តំ​បន់​តឹង​ហ៊ីប ជា​មួយ​នឹង​ទេព​កោ​សល្យ​ខាង​ចម្រៀង​ចាប៉ី​ដង​វែង​។​ អាច​និយាយ​បាន​ថា​ បង​គឺ​អ្នក​ស្នង​បន្ត​សិល្បៈ​ប្រ​ពៃណី​របស់​ជន​ជាតិ​ខ្មែរ​ រួម​ចំ​ណែក​ថែ​រក្សា​និង​ពង្រីក​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ជាតិ។​

សិប្ប​ករ​ថាច់​កេន កំ​ពុង​ដេញ​ចាប៉ី​ដង​វែង​។​

បងកេន ធ្លាប់​ចូល​រួម​ពិធី​ប្រ​ឡង​មហោ​ស្រព​ជា​ច្រើន​លើក​ហើយ​ ទទួល​បាន​លិខិត​សរ​សើរ​ ប័ណ្ណ​សរ​សើរ​ជា​ច្រើន​ មាន​ដូចៈ ចំ​ណាត់​ថ្នាក់​លេខ​ ៣ ក្នុង​សមោ​សរ​ចម្រៀង​ របាំ ភ្លេង​ខ្មែរ​ណាម​បូ​ លើក​ទី I ឆ្នាំ​ ២០១៩ នៅ​ខេត្ត​សុក​ត្រាំង​ រង្វាន់​ A ជា​មួយ​នឹង​ឈុត​ចម្រៀង​ចាប៉ី​ដង​វែង​ ក្នុង​ពិធី​បុណ្យ​អក​អំ​បុក​ឆ្នាំ ២០២០ នៅ​ខេត្ត​ត្រា​វិញ​ ចំ​ណាត់​ថ្នាក់​លេខ​ ១ ក្នុង​សមោសរ​ចម្រៀង​ប្រ​ជា​ប្រិយ​ខ្មែរ​ តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ លើក​ទីII ឆ្នាំ​ ២០២២ នៅ​ខេត្ត​សុក​ត្រាំង​ ។ល។​ បច្ចុប្បន្ន​ បង​ថាច់​កេន បំ​ពេញ​ការ​ងារ​នៅ​ក្រុម​សិល្បៈ​ខ្មែរ​រស្មី​ច័ន្ទ​តារា​ ភូមិ​បាកោយ​ ឃុំ​ដូង​ចូវ​ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ។​

បង​ថាច់​កេន ឱ្យ​ដឹង​៖ “តាំង​ពី​តូច ខ្ញុំ​ចូល​ចិត្ត​សិល្បៈ​ ពិសេស​គឺចម្រៀង​ចាប៉ី​ដង​វែង​ ហើយ​បាន​ជីតា​បង្ហាត់​ដេញ​ចា​ប៉ី​ បង្ហាត់​ផ្លុំ​ខ្លុយ​ ក្រោយ​ពី​ជីតា​គាត់​អនិច្ច​កម្ម​ ខ្ញុំ​ក៏​ទៅ​រក​សិប្ប​ករ​ថាច់​ម៉ូវ ជួយ​បង្ហាត់​បង្រៀន​បន្ថែម។​ ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្ញុំ​គឺចង់​ឱ្យ​ក្មេង​ៗ​ជំ​នាន់​ក្រោយ​យល់​ថា​ នេះ​ជា​សិល្បៈ​ប្រ​ពៃណី​របស់​ជន​ជាតិ។​ បក្ស​និង​រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់​ ហើយ​បាន​ទទួល​ស្គាល់​ជា​បេ​តិក​ភណ្ឌ​វប្ប​ធម៌​អរូបី។​ ខ្ញុំ​ក៏​មាន​បំ​ណង​ឱ្យ​កូន​ចៅ​ខ្មែរ​ខិត​ខំ​ថែរក្សា​សិល្បៈ​នេះ​ ហើយ​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ប្តេជ្ញា​ចិត្ត​អនុវត្ត​សម្រេច​គោល​បំ​ណង​ផង​ដែរ​”។​ ចម្រៀង​ចាប៉ី​ដង​វែង​ គឺទាម​ទារ​អ្នក​សម្ដែង​ត្រូវ​ចេះ​កំ​ណាព្យ​កាព្យ​ឃ្លោង​ ហើយ​ច្រៀង​បណ្ដើរ​ ដេញ​ចាប៉ី​បណ្ដើរ​ ធ្វើ​យ៉ាង​ណា​ឱ្យ​សមស្រប​នឹង​បរិបទ​ និង​ចេះ​ធ្វើ​ឧបករណ៍​ភ្លេង​ផង។​ ពេល​សម្ដែង​ត្រូវ​ចេះ​គួប​ផ្សំ​ដៃ​ទាំង​ពីរ គឺដៃ​ឆ្វេង​ចុច​ខ្ទង់​ ដៃ​ស្ដាំ​កេះ​ចាប៉ី​ ដើម្បី​បញ្ចេញ​សូរ​សៀង​តាម​លំ​នាំ​បទ​។​ ក្រោយ​មួយ​រយៈ​ពេល​រៀន​ពី​ជីតា​ និង​បាន​ការ​បង្ហាត់​បង្ហាញ​របស់​សិប្ប​ករ​ថាច់​ម៉ូវ បង​ថាច់​កេន ចេះ​ដេញ​បាន​ ១០ បទ​ ប៉ុន្តែ​និយម​សម្ដែង​ត្រឹម​តែ ៦ បទ​ប៉ុណ្ណោះ​ មាន​ដូច​៖ ផាត​ជាយ ផាត​ជាយ​ក្លាយ ផាយ​ផាត សំ​ពោង​ សំ​ពោង​ក្លាយ នគរ​រាជ។​ ជំ​ហាន​ដំ​បូង​ក្នុង​ដំ​ណើរ​ការ​រៀន​ចម្រៀង​ចាប៉ី​ដង​វែង​មិន​មែន​ងាយ​ស្រួល​នោះ​ទេ​ ប៉ុន្តែ​ថាច់​កេន នៅ​តែតាំង​ចិត្ត​ប្រឹង​ប្រែង​ហាត់​ទម្រង់​សិល្បៈ​ដ៏​ពិសេស​នេះ​ឱ្យ​កាន់​តែ​ស្ទាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

 សិប្ប​ករ​ថាច់​កេន កំ​ពុង​ច្រៀង​ចាប៉ី​ដង​វែង។​

​ជាអ្នក​រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​សិប្ប​ករ​ ថាច់​កេន លោក​ង្វៀង​វ៉ាន់​ចួក (ជន​ជាតិ​ខ្មែរ​) ឱ្យ​ដឹង​៖ “ការ​រួម​ចំ​ណែក​ក្នុង​ចលនា​សិល្បៈ​នៅ​ភូមិ​ភាគ​ និង​ទេព​កោ​សល្យ​ច្រៀង​ចាប៉ី​ ដង​វែង​របស់​បង​ថាច់​កេន គួរ​ឱ្យ​កោត​សរ​សើរ​ណាស់។​ មាមីង​ស្ដាប់​ហើយ​ ចាប់​អា​រម្មណ៍​នូវ​អត្ថ​ន័យ​ខ្លឹម​សារ​ដ៏​ពី​រោះ​ តាម​រយៈ​ចម្រៀង​ចាប៉ី​ដែល​គាត់​បាន​សម្ដែង​”។​ លោក​ថាច់​សម័យ​ កម្មា​ភិបាល​វប្ប​ធម៌​ឃុំ​តឹង​ហ៊ីប ទទួល​បន្ទុក​គ្រប់​គ្រង​ថ្នាក់​រៀន​ចម្រៀង​ចាប៉ី​ដង​វែង​ បញ្ជាក់៖ “សិប្ប​ករ​ថាច់​កេន ជា​អ្នក​មាន​ស្នា​ដៃ​ក្នុង​ការ​ថែ​រក្សា​និង​ពង្រីក​សិល្បៈ​ចម្រៀង​ចាប៉ី​ដង​វែង​ ព្រម​ទាំង​បាន​បណ្ដុះ​បណ្ដាល​ក្មេង​ៗ​ជំ​នាន់​ក្រោយ​ស្នង​បន្ត។​ គាត់​តែង​បាន​មាមីង​នៅ​ទីនេះ​ស្រ​ឡាញ់​ចូល​ចិត្ត​និង​គោ​រពរាប់​អាន។​ និយាយ​អំ​ពី​ការ​អភិរក្ស​ និង​ពង្រីក​វប្បធម៌​សិល្បៈ​របស់​ជន​រួម​ជាតិ​ខ្មែរ​ គឺ​តែង​បាន​ថ្នាក់​ដឹក​នាំរដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​យក​ចិត្ត​ទុក​ដាក់​ ជាពិសេស​គឺ ចម្រៀង​ចាប៉ី​ដង​វែង។​ អាច​និយាយ​បាន​ថា​ សិប្ប​ករ​ថាច់​កេន បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ដល់​ការ​អភិរក្ស​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​សិល្បៈ​ ប្រ​ពៃណី​របស់​ជន​ជាតិ​ ដើម្បី​មិន​ឱ្យ​ទម្រង់​សិល្បៈ​នេះ​រង​ការ​សាប​រលាប”។​

បង​ថាច់​កេន រ៉ាយ​រ៉ាប់៖ “ខ្ញុំ​យល់​ឃើញ​ថា​ ទម្រង់​សិល្បៈ​នីមួយ​ៗ​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​ ចង់​រៀន​ចម្រៀង​ចាប៉ី​ដង​វែង​ ដំ​បូង​ខ្លួន​យើង​ត្រូវ​មាន​ចំ​ណង់ចំ​ណូល​ចិត្ត​ ហើយ​តាំង​ចិត្ត​ហាត់​ឱ្យ​ទាល់​តែ​ចេះ។​ ខ្ញុំ​មិន​ដែល​រួញ​រា​ចំ​ពោះ​ការ​លំ​បាក​ក្នុង​ពេល​ហា​ត់នោះ​ទេ។​ ខ្ញុំ​សង្ឃឹម​ថា​ នឹង​មាន​ក្មេង​ៗ​ជំ​នាន់​ក្រោយ​កាន់​តែ​ច្រើន​ដែល​មាន​ចំ​ណង់​ចំ​ណូល​ចិត្ត​នឹង​ចម្រៀង​ចាប៉ី​ដង​វែង​ ហើយ​ រួម​គ្នា​ហាត់ ដើម្បី​រួម​ចំ​ណែក​ថែ​រក្សា​វប្បធម៌​ ដ៏​មាន​តម្លៃ​របស់​ជន​ជាតិ”។

 ការ​លូត​លាស់​នៃ​សិល្បៈ​ប្រ​ជា​ប្រិយ​រាំវង់​

របាំ​រាំ​វង់​កកើត​ឡើង​តាំង​ពី​យូរ​លង់​ ហើយ​ក្លាយ​ជា​សិល្បៈ​មិន​អាច​ខ្វះ​បាន​ក្នុង​កម្ម​ពិធី​ផ្សេង​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ឆ្នាំ​ ២០២០ សិល្បៈ​របាំ​ប្រ​ជា​ប្រិយ​ “របាំ​រាំ​វង់​របស់​ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​សុក​ត្រាំង​” បាន​ក្រ​សួង​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍ ទទួល​ស្គាល់​ជា​បេ​តិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ។​

 ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​ ច្រៀង​-រាំ​វង់​ បម្រើ​មហោ​ស្រព​វប្បធម៌​កីឡា​ និង​ទេស​ចរណ៍​ជន​រួម​ជាតិ​
ខ្មែរណាមបូ លើកទី ៨ នៅខេត្តសុកត្រាំង។

តាម​ប្រ​សាសន៍​លោក​សើុង​ថាញ​លីម នា​យក​រង​មន្ទីរ​វប្បធម៌​ កីឡា​ និង​ទេសចរណ៍​ខេត្ត​សុក​ត្រាំង​ ជន​រួម​ជាតិ​ខ្មែរ​កើត​មក​គឺភាគ​ច្រើន​ចេះ​រាំ​តែ​ម្ដង​ ក្នុង​នោះ​មាន​របាំប្រ​ជា​ប្រិយ​ជា​ដើម​ របាំ​រាំវង់​ ត្រូវ​បាន​ចាត់​ទុក​ថា​រីក​លូត​លាស់​បំ​ផុត​នា​បច្ចុប្បន្ន​។​ របាំ​រាំវង់​មាន​លក្ខណៈ​សប្បាយ​រីក​រាយ​ មាន​ភាព​រស់​រវើក​ដោយ​កាយ​វិការ​ដៃ​ ជើង​ ទៅ​តាម​ចង្វាក់​ភ្លេង​។​ របាំ​រាំវង់​របស់​ជន​រួម​ជាតិ​ខ្មែរ​អាច​រាំ​ជា​វង់​មូល​ ជា​ជួរ​ ជា​គូ និង​អ្នក​ចូល​រួម​មិន​កំ​ណត់​… លោក​សើុង​ថាញ​លីម គូស​បញ្ជាក់​៖ “របាំ​រាំវង់​បាន​ក្លា​យជាចំ​ណី​អា​រម្មណ៍​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវ​ភាព​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ពិសេស​ក្នុង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សែន​ដូន​តា អក​អំ​បុក​ ប្រ​ណាំង​ទូក​-ង បុណ្យ​ភូមិ​ ឬ​ក្នុង​មង្គល​ការ​ឡើង​ផ្ទះ​ថ្មី។ល។​ គឺ​តែង​មាន​សកម្ម​ភាព​ច្រៀង​រាំ។​ អ្នក​ចូល​រួម​រាំ​វង់​មាន​គ្រប់​វ័យ​ទាំង​អស់​តាំង​ពី​ក្មេង​រហូត​ដល់​ចាស់​ ដូច្នេះ​បាន​ក្លា​យ​ជា​ផលិត​ផល​វប្បធម៌​ស្មារតី​ពិសេស​ ប្រ​កប​ដោយ​លក្ខណៈ​ពិសេស​ ហើយ​ក៏​ជា​តាម​តម្រូវ​ការ​ខាង​ស្មារតី​បន្ទាប់​ពី​ពល​កម្ម​នឿយ​ហត់​ដែរ”។​

របាំ​រាំវង់​ ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​វត្ត​សំ​រោង​ ក្រុង​សុក​ត្រាំង​ ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា។​

នៅ​សុក​ត្រាំង​ សិល្បៈ​របាំ​រាំវង់​តែង​បាន​ជន​រួម​ជាតិ​ខ្មែរ​ថែរក្សា​ អភិ​រក្ស​និង​ពង្រីក​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ។​ ម៉្លោះ​ហើយ​ នៅ​ថ្ងៃ​បុណ្យ​ទាន​ ឬ​សកម្ម​ភាព​វប្បធម៌​គឺ ងាយ​នឹង​ប្រ​ទះ​ឃើញ​រូប​ភាព​យុវ​ជន​រហូត​ដល់​មនុស្ស​ចាស់​ ចូល​រាំ​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីក​រាយ។​ បង​ស្រី​តឺគឹម​ឡង នៅ​ក្រុង​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “សូរ​តន្រ្តី​ចង្វាក់​រាំវង់​លាន់​ឡើង​ គឺខ្ញុំ​ចាប់​ផ្ដើម​រាំ​តែ​ម្ដង​ ព្រោះ​កាយ​វិការ​ដូច​នៅ​ក្នុង​ខ្លួន​ស្រាប់។​ កាយ​វិការ​របាំ​រាំវង់​ ត្រូវ​គួប​ផ្សំ​ទាំង​ដង​ខ្លួន​ ដៃ​ ជើង​ ប្រ​កប​ដោយ​ភាព​ទន់​ភ្លន់​ មើល​ទៅ​សម​សួន​ ខ្ញុំ​ចូល​ចិត្ត​ខ្លាំង​ណាស់​។​ លោក​កាវ​ដូរ៉ា អ្នក​មាន​ប្រ​ជា​ប្រិយ​ នៅ​ឃុំ​ថាញ់​ភូ ស្រុក​ម៉ីស្វៀង​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ក្នុង​មង្គល​ការ​ខួប​កំ​ណើត​ ឡើង​គេ​ហដ្ឋាន​ថ្មី។ល។​ ឬ​ពិធី​បុណ្យ​ទាន​ នៅ​តាម​វត្ត​អា​រាម​ តែង​មាន​តូរ្យ​តន្រ្តី​ដើម្បី​មាមីង​ខ្មែរ​ច្រៀង​-រាំ បង្ក​ប​រិយា​កាស​សប្បាយ​រីក​រាយ សាម​គ្គី​ភាព​ក្នុង​សហគមន៍។​ ដូច្នេះ​ រាំ​វង់​បាន​រីក​លូត​លាស់​នៅ​ក្នុង​សហគមន៍​ជន​រួម​ជាតិ​ខ្មែរ​ ហើយ​កាន់​តែ​មោទន​ភាព​ជាង​ទៀត​ពេល​បាន​ក្លាយ​ជា​បេ​តិក​ភណ្ឌ​ជាតិ​។​ ប្រ​ការ​នេះ​ បញ្ជាក់​ឱ្យ​ឃើញ​ថា​រដ្ឋ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ថែ​រក្សា​និង​ពង្រីក​តម្លៃ​វប្បធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ”។​

សិស្សា​នុ​សិស្ស​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ ចូល​រួម​ប្រ​ឡង​របាំ​រាំវង់។​

ទោះ​ឆ្លង​កាត់​ពេល​វេលា​ដ៏​យូរ​លង់​ តែ​សិល្បៈ​របាំ​រាំវង់​នៅ​តែ​ដក់​ជាប់​ក្នុង​អា​រម្មណ៍​យុវ​វ័យ​ខ្មែរ​ជា​និច្ច​។​ បច្ចុប្បន្ន​ របាំ​រាំ​វង់​រីក​ លូត​លាស់​នៅ​គ្រប់​ភូមិ​ស្រុក​ និង​វត្ត​អា​រាម។​ សិល្ប​ករ​ឆ្នើម​ ឡឹម​វិញ​ភឿង នា​យក​រង​ស្ថានីយ​វិទ្យុ​ទូរ​ទស្សន៍​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ ទោះ​បី​កន្លង​ជា​ច្រើន​សតវត្សរ៍ ឋិត​ថេរ​ចីរ​កាល​ ជា​មួយ​ទម្រង់​សិល្បៈ​កម្សាន្ត​ទំ​នើប​ៗ​ជា​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​របាំ​រាំវង់​នៅ​តែ​គង់​វង្ស​ជា​រៀង​រហូត​ និង​បាន​កូន​ចៅ​ខ្មែរ​ស្រ​ឡាញ់​ពេញ​ចិត្ត​បំ​ផុត។​  របាំ​រាំវង់​ត្រូវ​បាន​សាលា​ជន​ជាតិ​អន្តេ​វាសិក​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាល។​ រៀង​រាល់​ ២ ឆ្នាំ​ម្តង​ ខេត្ត​តែង​រៀប​ចំ​ប្រ​ឡង​សិល្បៈ​សម្រាប់​សាលា​ជន​ជាតិ​អន្តេ​វា​សិក​នៅ​ស្ថានីយ​វិទ្យុ​ទូរ​ទស្សន៍​ខេត្ត​ ទាក់​ទាញ​សិស្ស​ខ្មែរ​ចូល​រួម​ប្រ​ឡង​យ៉ាង​ច្រើន។​ នេះ​ជា​សួន​កម្សាន្ត​មាន​ប្រ​យោជន៍​សម្រាប់​សិស្សា​នុសិស្ស​ជន​រួម​ជាតិ​ខ្មែរ​ ព្រម​ទាំង​លើក​កម្ពស់​ស្មារតី​របស់​យុវ​វ័យ​ក្នុង​ការ​អភិរក្ស​និង​ពង្រីក​បេតិក​ភណ្ឌ​វប្បធម៌​របស់​ជន​ជាតិ​ផង”។​

លោក​សើុង​ថាញលីម ឱ្យ​ដឹង​៖ “ឆ្នាំ​ ២០២២ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ បាន​ផ្ដល់​សច្ចា​នុមតិ​លើ​គម្រោង​ “អភិរក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​” ក្នុង​​នោះ​ មាន​សិល្បៈ​ប្រ​ជា​ប្រិយ​ “របាំ​រាំវង់​”។​ បច្ចុប្បន្ន​ ដោយ​ផ្អែក​លើ​គម្រោង​ដែល​បាន​អនុម័តិ​ អង្គ​ភាព​ដែល​ទទួល​បន្ទុក​ កំ​ពុង​ផ្ដុំ​កម្លាំង​កសាង​ផែន​ការ​ ដូច​ជា​៖ រៀប​ចំ​សិក្សា​ស្រាវ​ជ្រាវ​ វាយ​តម្លៃ​ពី​តថ​ភាព​នៃ​ការ​អភិរក្ស​ និង​ពង្រីក​តម្លៃ​; រៀប​ចំ​សកម្ម​ភាព​ស្ដារ​ឡើង​វិញ​ បង្ហាត់​បង្រៀន​បន្ត​ ពិធី​សមោសរ​ប្រ​ឡង​ មហោស្រព។ល។​ អំ​ពី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​។​ ទន្ទឹម​នឹង​នោះ​ ឧទ្ទេស​នាម ផ្សព្វ​ផ្សាយ​និង​អភិវឌ្ឍ​សិល្បៈ​ប្រ​ជា​ប្រិយ​ “របាំ​រាំវង់​” ទៅ​ជាផលិត​ផល​ទេស​ចរណ៍។​

អភិរក្ស​ទម្រង់​សិល្បៈ​ចម្រៀង​អា​យ៉ៃ​ 

ខេត្ត​ហូវ​យ៉ាង​ បាន​និង​កំ​ពុង​ខ្វល់​ខ្វាយ​ស្វែង​រក​វិធី​អភិរក្ស​ចម្រៀង​អា​យ៉ៃ​របស់​ជន​រួម​ជាតិ​ខ្មែរ។​ នៅ​ក្នុង​ភូមិ​ស្រុក​ ឥឡូវ តែង​ឮ​សូរ​សៀង​សំ​នៀង​តន្ត្រី​ និង​ចម្រៀង។ល។​ ចម្រៀង​អា​យ៉ៃ​របស់​មាមីង​ខ្មែរ​ នៅ​ឃុំ​សា​ភៀង ស្រុក​ឡុង​មី បាន​ក្លាយ​ជា​បេតិក​ភណ្ឌ​វប្បធម៏​អរូបី​ថ្នាក់​ជាតិ។​

ការ​សម្ដែង​សិល្បៈ​ចម្រៀង​អា​យ៉ៃ​របស់​ខេត្ត​ហូវ​យ៉ាង។​

*បំ​ផុស​ទម្រង់​សិល្បៈ​គិត​ស្មាន​ថា​សាប​រលាប

អា​យ៉ៃ​ជា​ទម្រង់​សិល្បៈ​មួយ​កើត​មាន​ជា​យូរ​អង្វែង​មក​ហើយ​ អ្នក​ច្រៀង​មាន​ភាព​បុិន​ប្រ​សប់​ខាង​កំ​ណាព្យ​ កាព្យ​ខ្លោង​ ច្រៀង​ឆ្លង​ឆ្លើយ​រវាង​គូ​បុរស​នា​រី ដោយ​ពាំនាំ​នូវ​ខ្លឹម​សារ​ និង​មាន​លក្ខណៈ​វិសេស​វិសាល​ សម្បូរ​បែប។​ ជួន​កាល​ជា​ពាក្យ​ពេចន៍​ ប្រៀប​ធៀប​ល្បង​ប្រាជ្ញា​ ជួន​កាល​ជា​ពាក្យ​ដោះ​ដូរ​ សម្តែង​មនោ​សញ្ចេត​នា​ ច្រៀង​បណ្ដើរ​ បញ្ចេញ​កាយ​វិការ​បណ្ដើរ។​ សំ​នួន​វោ​ហារ​ក្នុង​បទ​ចម្រៀង​ភាគ​ច្រើន​ស្ងើច​សរ​សើរ​ពី​ភូមិ​ស្រុក​សុខ​សាន្ត​ មនុស្ស​គ្រប់​រូប​ បាន​រស់​នៅ​ស្រ​ណុក​សុខ​សប្បាយ​ និង​សុភ​មង្គល។ល។​ ប៉ុន្តែ​ចម្រៀង​ប្រ​ភេទ​នេះ​ គឺមាន​តែ​ព្រឹទ្ធា​ចារ្យ​មួយ​ចំ​នួន​ដែល​នៅ​ចេះ​ ហើយ​មិន​សូវ​ឃើញ​សម្តែង​ក្នុង​ពិធី​ជួប​ជុំ​ធំ​ៗ​ ឬ​ក្នុង​ពិធី​បុណ្យ​ទាន​របស់​ជន​ជាតិ​ខ្មែរ​ឡើយ។​ ឆ្នាំ​ ២០១៦ ខេត្ត​ហូវ​យ៉ាង​ បាន​មោះ​មុត​ក្នុង​ការ​កសាង​និង​ផ្សព្វ​ផ្សាយ​គម្រោង​ “បង្រៀន​និង​អភិរក្ស​សិល្បៈ​ចម្រៀង​អា​យ៉ៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​នៅ​ខេត្ត​ហូវ​យ៉ាង​ ដំ​ណាក់​កាល​ ២០១៦-២០២០”។​  វគ្គ​បង្រៀន​សិល្បៈ​ចម្រៀង​អា​យ៉ៃ​បាន​រៀប​ចំ​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ និង​នៅ​តាម​វត្ត​អា​រាម​ខ្មែរ​ក្នុង​ខេត្ត​ បាន​ទាក់​ទាញ​សិល្ប​ករ​-ការិនី និង​កូន​ចៅ​ខ្មែរ​ចូល​រួម​រាប់​រយ​នាក់។​ អ្នក​ណា​ក៏​សោ​មនស្ស​រីក​រាយ​និង​ប្តេជ្ញា​ចិត្ត​រៀន​សូត្រ​ ហាត់​សម ពី​ព្រោះ​ចង់​ចេះ​ចង់​ដឹង​ពី​ទម្រង់​សិល្បៈ​ដ៏​ល្អ​របស់​ជន​ជាតិ​ ទន្ទឹម​នឹង​ទម្រង់​សិល្បៈ​ផ្សេង​ៗ​ទៀត​ ដូច​៖ យូរ​កេរ​ ឆៃ​យុាំ រាំ​វង់​ជា​ដើម។​

សិល្បករ​ថាច់​ស៊ី​ផន មក​ពី​ខេត្ត​បាក​លីវ​ បាន​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​វគ្គ​បង្រៀន​នៅ​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ “ខ្ញុំ​មាន​ក្តី​រំភើប​យ៉ាង​ខ្លាំង​ ពេល​បាន​អញ្ជើញ​ចូល​រួម​បង្ហាត់​បង្រៀន​ដល់​មា​មីង​ខ្មែរ​នៅ​ខេត្ត​ហូវ​យ៉ាង​ ពី​ទម្រង់​សិល្បៈ​របស់​ជន​ជាតិ។​ ខេត្ត​ហូវ​យ៉ាង​ បាន​ខ្នះ​ខ្នែង​យ៉ាង​ខ្លាំង​ រីឯ​សិល្ប​ករ​ដូច​រូប​ខ្ញុំ​ ក៏​យក​អស់​ពី​ចិត្ដ​ដើម្បី​បង្ហាត់​បង្រៀន​ដែរ។​ គ្រូ​និង​សិស្ស​យើង​ខ្ញុំ​ជួប​លំ​បាក​ជា​ច្រើន​ ប៉ុន្តែ​លំ​បាក​បំ​ផុត​គឺសិក្ខា​កាម​មិន​ចេះ​អក្សរ​ខ្មែរ​ ត្រូវ​រៀន​ប្រ​កប​មួយ​ពាក្យ​ៗ​ ដើម្បី​អាន​បទ​ចម្រៀង”។​ ជា​សន្សឹម​ៗ​ ការ​លំ​បាក​បាន​ឆ្លង​ផុត​ សិក្ខា​កាម​ទាំង​ឡាយ​ ច្រៀង​កាន់​តែពី​រោះ​ ហើយ​ប្រ​គំ​ភ្លេង​កាន់​តែ​ពូកែ​ ផ្តើម​ពី​នោះ​ក្នុង​មហោ​ស្រព​ ពិធី​ប្រ​ឡង​ ក៏​តែង​មាន​វត្ត​មាន​សិល្បៈ​ចម្រៀង​អា​យ៉ៃ​នៅ​លើ​ឆាក​ផង​ដែរ។​ មិន​ត្រឹម​តែ​ដូច្នោះ​ នៅ​កន្លែង​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ក៏​បាន​បង្កើន​ក្លឹប​ចម្រៀង​អា​​យ៉ៃ​ ដើម្បី​ពង្រីក​ទម្រង់​សិល្បៈ​ពិសេស​នេះ​នៅ​ក្នុង​សហគមន៍។ល។​

* អភិរក្ស​បេតិក​ភណ្ឌ​ចម្រៀង​អា​យ៉ៃ​

ឆ្នាំ​ ២០២២ ក្រ​សួង​វប្ប​ធម៌​ កីឡា​និង​ទេស​ចរណ៍ បាន​ដាក់​បញ្ចូល​ចម្រៀង​អា​យ៉ៃ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​សា​ភៀង ស្រុក​ឡុង​មី ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ។​ ផ្តើម​ពី​នេះ​ ក៏​ដាក់​បន្ទុក​ធ្ងន់​ដល់​ការ​អភិរក្ស​និង​ពង្រីក​ទម្រង់​សិល្បៈ​ដ៏​ពិសេស​នេះ​ នៅ​ក្នុង​ជីវ​ភាព​សហគមន៍​ផង​ដែរ។​ លោក​យឿង​ថាញ​តុង នា​យក​រង​មន្ទីរ​វប្បធម៌​ កីឡា​ និង​ទេស​ចរណ៍​ខេត្ត​ហូវ​យ៉ាង​ ឱ្យ​ដឹង​៖ “មិន​ត្រឹម​តែ​បើក​វគ្គ​បង្រៀន​ចាប់​ពី​កម្រិត​មូល​ដ្ឋាន​ រហូត​ដល់​កម្រិត​ខ្ពស់​ ដើម្បី​ឱ្យ​មាមីង​ខ្មែរ​បាន​ចេះ​បាន​ស្គាល់​ពី​ទម្រង់​សិល្បៈ​នេះ​ប៉ុណ្ណោះ​ទេ​ យើង​ខ្ញុំ​នៅ​ទាំង​ប្រ​មូល​ផ្តុំ​វិនិ​យោ​គ​ឧបករណ៍​ភេ្លង រៀប​ចំ​បង្ហាត់​ភ្លេង​ ដើម្បី​ពង្រីក​ទម្រង់​សិល្បៈ​ដ៏​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ឱ្យ​មាន​របៀប​រៀប​រយ​ល្អ​ទៀត​ផង។​ ផ្តើម​ពី​នោះ​ បង្ក​ជា​សួន​កម្សាន្ត​ដ៏​មាន​ប្រ​យោ​ជន៍​ជូន​លោក​គ្រូ​ អ្នក​គ្រូ​ និង​សិស្សា​នុសិស្ស​ជន​ជាតិ​ខ្មែរ​ផង​ បង្ក​ប្រភព​ដើម្បី​កសាង​ឈុត​ឆាក​ចូល​រួម​ទិវា​បុណ្យ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ភូមិ​ភាគ​ ក៏​ដូច​ជា​ក្នុង​តំ​បន់​ និង​ទូទាំង​ប្រ​ទេស​ផង​ ។ល។​” នេះ​គឺ​ជា​វិធី​អភិរក្ស​និង​ពង្រីក​ជំ​ហា​​ ដំ​បូង​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នូវ​ទម្រង់​សិល្បៈ​មួយ​ដ៏​ពិ​សេស​ ដែល​ប្រ​ឈម​នឹង​ការ​សាប​រលាប​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ នៅ​ខេត្ត​ហូវ​យ៉ាង។​

បាន​ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​ចម្រៀង​អា​យ៉ៃ​បាន​អភិ​រក្ស​និង​ពង្រីក​ប្រ​កប​ដោយ​ភាព​ជំ​នាញ​ មាន​របៀប​រៀប​រយ​ល្អ​ ក៏​ដូច​ជា​មាន​ការ​វិនិ​យោគ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​។​ លោក​យឿង​ថាញ​តុង នា​យក​រង​មន្ទីរ​វប្បធម៌​ កីឡា​ និង​ទេស​ចរណ៍ គូស​បញ្ជាក់៖ “បាន​ជ្រើស​រើស​និង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​បេតិក​ភណ្ឌ​អរូបី​ថ្នាក់​ជាតិ​ គឺ​ជា​ក្តី​មោទនៈ​របស់​ជន​រួម​ជាតិ​ខ្មែរ​ និយាយ​ដោយ​ឡែក​ ប្រ​ជា​ជន​នៅ​ខេត្ត​ហូវ​យ៉ាង​និយាយ​រួម​ ហើយ​ក៏​ជា​ក្តី​រីក​រាយ​របស់​អ្នក​បម្រើ​ការ​ងារ​ផ្នែក​ខាង​វប្បធម៌​សិល្បៈ​ផង​ដែរ។​ ផ្នែក​វប្បធម៌​នឹង​ម្ចាស់​ការ​រៀប​ចំ​សកម្ម​ភាព​ឱ្យ​បាន​ច្រើន​ ដើម្បី​ទ្រោល​បំ​ភ្លឺ​សាយ​សុស និង​ញ្ាំង​ឱ្យ​ទម្រង់​សិល្បៈ​ចម្រៀង​អា​យ៉ៃ​ មាន​ជីវិត​រស់​រវើក​ឡើង​វិញ​ ហើយ​កាន់​តែបាន​គេ​ដឹង​ឮ​ច្រើន​ក្នុង​ពេល​ខាង​មុខ”។​

ការ​ស្តារ​ទម្រង់​សិល្បៈ​មួយ​ដែល​ជិត​សាប​រលាប​ គឺ​ជា​ការ​លំ​បាក​និង​ចំ​ណាយ​កម្លាំង​ច្រើន​ រីឯ​ការ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​រឹត​តែ​លំ​បាក​​ជាង​ទៀត​។​ ខេត្ត​ហូវ​យ៉ាង​ បាន​បោះ​ជំ​ហាន​ដំ​បូង​ ដោយ​វិធាន​ការ​ជា​ច្រើន​ប្រ​កប​ដោយ​ឆន្ទៈ​មោះ​មុត សន្សឹម​ៗ​នឹង​នាំ​យក​ចម្រៀង​អា​យ៉ៃ​ វិល​មក​ក្នុង​ជីវ​ភាព​របស់​សហគមន៍​មា​មីង​ខ្មែរ​ នៅ​ហូវ​យ៉ាង​និយាយ​ដោយ​ឡែក​ និង​ក្នុង​សកម្ម​ភាព​វប្បធម៌​ សិល្បៈ​របស់​ខេត្ត​ហូវ​យ៉ាង​និយាយ​រួម។​

ព្រួត​ដៃ​អភិរក្ស​ភ្លេង​ពិណ​ពាទ្យ​

នៅ​ឆ្នាំ​ ២០២០ ភ្លេង​ពិណ​ពាទ្យ​របស់​ជន​ជាតិ​ខ្មែរ​នៅ​ខេត្ត​សុក​ត្រាំង​ ត្រូវ​បាន​ក្រ​សួង​វប្ប​ធម៌​កីឡា​ និង​ទេស​ចរណ៍ ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ។​ នេះ​ជាមោទន​ភាព​ដ៏​ធំ​និង​ជា​កម្លាំង​ចិត្ត​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ បន្ត​ព្រួត​ដៃ​អភិរក្ស។​

 ក្រុម​ភ្លេង​ពិណ​ពាទ្យ​នានា​វត្ត​ កំ​ពុង​ប្រ​គំ​ក្នុង​ពិធីប្រ​ឡង​។​

ភ្លេង​ពិណ​ពាទ្យ​ ជា​ប្រ​ភេទ​ភ្លេង​បុរាណ និង​ពេញ​និយម​របស់​ជន​ជាតិ​ខ្មែរ។​ ឆ្លង​កាត់​ដំ​ណាក់​កាល​បង្កើត​គង់​វង្ស​ និង​អភិវឌ្ឍ​ភ្លេង​ពិណ​ពាទ្យ​ត្រូវ​បាន​អភិរក្ស​និង​គង់​វង្ស​ដល់​បច្ចុប្បន្ន​។​ ភ្លេង​ពិណ​ពាទ្យ​រួម​មាន​ឧបករណ៍ ដូច​ជា៖ ស្រ​ឡៃ​; រនាត​ឯក​, រនាត​ដែក​, រនាត​ធុង​; គង​តូច, គង​ធំ​; ឈឹង; ស្គរ​សម្ភោរ, ស្គរ​ធំ​។​ យោង​តាម​លោក​ត្រឹង​វ៉ាន់​អ៊ុក នា​យក​សារ​មន្ទីរ​ខេត្ត​សុក​ត្រាំង​ បាន​ឲ្យ​ដឹង​៖ តាម​ការ​សង្កេត​ជាក់​ស្ដែង​ និង​សិក្សា​ស្រាវ​ជ្រាវ​ឯក​សារ​អាច​បញ្ជាក់​ថា​ ភ្លេង​ពិណ​ពាទ្យ​មាន​បទ​ភ្លេង​ប្រ​ហែល ២៣០បទ​ សម្រាប់​ប្រ​គំ​ក្នុង​ពិធី​បុណ្យ​នានា​។​ ដោយ​ឡែក​នៅ​ខេត្ត​សុក​ត្រាំង​ បច្ចុប្បន្ន​គេ​ច្រើន​ប្រ​គំ​តែប្រ​មាណ​ ២១ បទ​។​ ភ្លេង​ពិណ​ពាទ្យ​ភាគ​ច្រើន​មាន​នៅ​តាម​វត្ត​ ហើយ​តែង​បាន​ប្រ​គំ​ក្នុង​ពិធី​បុណ្យ​នា​នា​ ដូច​ជា​៖ បុណ្យ​កឋិន​ទាន​ ពុទ្ធា​ភិសេក សែន​ដូន​តា ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សព។ល។​ ក្នុង​ពិធី​បុណ្យ​នីមួយ​ៗ​ តួយ៉ាង​ដូច​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ឬ​បុណ្យ​សព គេក៏​ប្រ​គំ​បទ​ភ្លេង​ផ្សេង​គ្នា​ដែរ​។​ ម្ល៉ោះ​ហើយ​ពេល​ឮ​សំ​ឡេង​ភ្លេង​ពិណ​ពាទ្យ​បន្លឺ​ឡើង​ មា​មីង​ដឹង​ថា​ មាន​ពិធី​បុណ្យ​ទាន​អ្វី​ ឬ​បុណ្យ​សព​នៅ​តាម​ភូមិ​ស្រុក​ឬ​ក៏​ក្នុង​វត្ត។​   លោក​ត្រឹង​លីវ​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ មាន​ប្រ​សាសន៍៖ “ទោះ​ទៅ​ដល់​ទី​ណា​ឱ្យ​តែ​ឮ​សម្លេង​ភ្លេង​ពិណ​ពាទ្យ​ គឺ​ដឹង​ថា​នៅ​តំ​បន់​នោះ​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ។​ ដូច្នេះ​ ភ្លេង​ពិណ​ពាទ្យ​ត្រូវ​បាន​ចាត់​ទុក​ជា​ “រតន​វត្ថុ​” របស់​ជន​រួម​ជាតិ​ខ្មែរ​។​ ឥឡូវ ភ្លេង​ពិណ​ពាទ្យ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​បេតិក​ភណ្ឌ​អរូបី​ ថ្នាក់​ជាតិ​ កាន់​តែ​មាន​អត្ថ​ន័យ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​ ព្រម​ទាំង​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ក្នុង​ការ​ថែ​រក្សាវ​ប្បធម៌​ជាតិ។​ ព្រះ​តេជ​ព្រះ​គុណ​លី​ឌាង ព្រះ​ចៅ​អធិ​ការ​វត្ត​ជ្រោយ​ទឹម​ចាស់​ ក្រុង​សុក​ត្រាំង​ មាន​ថេរ​ដី​កា​៖ “ភ្លេង​ពិណ​ពាទ្យ​បាន​ទទួល​ស្គាល់​ជា​បេ​តិក ​ភណ្ឌ​ជាតិ​ គឺជា​ស្មារតី​និង​ជា​កម្លាំង​ចិត្ត​ដ៏​ធំ​ធេង​សម្រាប់​កូន​ខ្មែរ​គ្រប់​រូប​ ដូច្នេះ​ត្រូវ​បន្ត​រួម​ដៃ​គ្នា​ថែ​រក្សា។​ វត្ត​ជាកន្លែង​តម្កល់​ ឯអ្នក​ប្រ​គំ​គឺជា​កូន​ចៅ​ពុទ្ធ​បរិស័ទ​ខ្មែរ។​ ជា​ពិសេស​ បច្ចុប្បន្ន​ អ្នក​ប្រ​គំ​ភ្លេង​ភាគ​ច្រើន​ជា​យុវ​វ័យ​ ដូច្នេះ​អាច​បញ្ជាក់​ថា​ ភ្លេង​ពិណ​ពាទ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ចំ​ពោះ​ស្រ​ទាប់​យុវ​វ័យ”។​ ចំ​ណែក​លោក​ហាង​ថាញ​វិញ​ ជាសមា​ជិក​ ក្រុម​ភ្លេង​ពិណ​ពាទ្យ​វត្ត​ជ្រោយ​ទឹម​ចាស់​ បាន​ឱ្យ​ដឹង​៖ “ឪ​ពុក​ខ្ញុំ​ជា “គ្រូ​” ភ្លេង​ពិណ​ពាទ្យ​ ដូច្នេះ​ ខ្ញុំ​ស្រ​ឡាញ់​ភ្លេង​ពិណ​ពាទ្យ​ខ្លាំង​ណាស់​។​ ភ្លេង​ពិណ​ពាទ្យ​មាន​តែ​វត្ត​ទេ​ ទើប​គ្រប់​សមត្ថ​ភាព​ជាវ ព្រោះ​តម្លៃ​ខ្ពស់​ណាស់​ ឯសិប្ប​ករ​ជំ​នាញ​ធ្វើ​ឧបករណ៍​ភ្លេង​កម្រ​ណាស់​ បើ​ចង់​ទិញ​ត្រូវ​ទៅ​ដល់​ប្រ​ទេស​កម្ពុជា។​ ម្យ៉ាង​វិញ​ទៀត​ សិល្បករ​បង្ហាត់​ប្រ​គំ​ក៏​តិច​តួច​ដែរ​ ដូច្នេះ​ហើយ​ខ្ញុំ​ចូល​រួម​ប្រ​គំ​បណ្ដើរ​ និង​បង្រៀន​ដល់​ក្មេង​ៗ​នៅ​ភូមិ​ស្រុក​ ឱ្យ​ចេះ​ប្រ​គំ​បទ​ភ្លេង​មួយ​ចំ​នួន​ដែល​និយម​ប្រ​គំ​ក្នុង​ពិធី​បុណ្យ​ទាន​នា​នា​បណ្ដើរ។​ គោល​បំ​ណង​គឺចង់​ជួយ​ឱ្យ​ប្អូន​ចេះ​ស្រ​ឡាញ់​ភ្លេង​ពិណ​ពាទ្យ​ និង​រួម​គ្នា​ថែ​រក្សា​មរតក​ជាតិ។​

បច្ចុប្បន្ន​ នៅ​ខេត្ត​សុក​ត្រាំង​ តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ការ​ថែ​រក្សា​វប្បធម៌​ជាតិ​ ដូច​ជា​បាន​ឧបត្ថម្ភ​ភ្លេង​ពិណ​ពាទ្យ​ដល់​សាលា​ជន​ជាតិ​អន្តេ​វា​សិក។​ ព្រម​ទាំង​បាន​អញ្ជើញ​សិល្បករ​ពី​ក្រុម​សិល្បៈ​ខេត្ត​មក​ប​ង្រៀន​ដល់​សិស្ស​សា​លា។​ លោក​គ្រូ​គឹម​វ៉ាន់​ង៉យ នា​យក​រង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​សុក​ត្រាំង​ បាន​ឱ្យ​ដឹង​៖  “រៀង​រាល់​ថ្ងៃ​សៅរ៍ សិស្ស​សាលា​តែង​ចូល​រៀន​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ។​ សម្រាប់​ប្អូន​ៗ​ ភ្លេង​ពិណ​ពាទ្យ​ជា​សម្បត្តិ​បេតិក​ភណ្ឌ​របស់​ជាតិ​ ដូច្នេះ​ហើយ​ត្រូវ​តែ​បន្ត​វេន​គ្នា​អភិរក្ស។​ ទន្ទឹម​នឹង​នេះ​ ផ្នែក​វប្បធម៌​ខេត្ត​បាន​សហ​ការ​ជា​មួយ​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ រៀប​ចំ​កម្ម​វិធី​ប្រ​ឡង​ និង​ពិធី​សម្តែង​នា​នា​ ដូច្នេះ​ហើយ​បាន​ទាក់​ទាញ​ប្អូន​ៗ​ចូល​សិក្សា​កាន់​តែ​ច្រើន​ ដើម្បី​ចូល​រួម​ប្រ​ឡង​ប្រ​គំ​ភ្លេង។​ ជា​ពិសេស​ សិស្សា​នុសិស្ស​របស់​សា​លា​ក៏​ចេះ​ជ្រើស​រើស​បទ​ភ្លេង​ឱ្យ​សម​ស្រប​ទៅ​នឹង​សកម្ម​ភាព​របស់​សា​លា​ ដូច​ជា​ពិធី​បើក​បវេសន​កាល​ ពិធី​បិទ​វគ្គ​ឆ្នាំ​សិក្សា​ ដូច្នេះ​ពេល​ប្រ​គំ​ស្ដាប់​ទៅ​មាន​ការ​ពី​រោះ​រណ្ដំ​ណាស់”។​

ដោយ​មាន​ទំ​នៀម​ទម្លាប់​វប្បធម៌​ប្រ​ពៃណី​ដ៏​យូរ​លង់​ មាន​អត្ត​សញ្ញាណ​ជាតិ​ដ៏​ថ្កើង​ថ្កាន ដូច្នេះ​ជន​រួម​ជាតិ​ខ្មែរ​គ្រប់​រូប​ និង​ថ្នាក់​ដឹក​នាំ គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ខេត្ត​សុក​ត្រាំង​ កំ​ពុង​តែ​ខិត​ខំ​ប្រឹង​ប្រែង​រក្សា​នូវ​បេតិក​ភណ្ឌ​ដ៏​វិសេស​វិសាល​របស់​ជន​ជាតិ​ខ្មែរ។​ គម្រោង​ “អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​អរូបី​ជាតិ​” ទើប​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​ ផ្តល់​សច្ចា​នុម័ត។​ ម្ល៉ោះ​ហើយ​ គម្រោង​អភិរក្ស​ភ្លេង​ពិណ​ពាទ្យ​ត្រូវ​បាន​អនុវត្ត​ដោយ​ថវិកា​សរុប​ជាង​ ២,១ ពាន់​លាន​ដុង។​ ប្រ​ការ​នេះ​ កាន់​តែ​សបញ្ជាក់​ថា​ បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នឹង​ត្រូវ​បាន​រួម​ដៃ​គ្នា​ថែ​រក្សា​ និង​ពង្រីក​តម្លៃ​ក្នុង​ជីវ​ភាព​នា​សម័យ​ទំ​នើប”។​ លោក​ត្រឹង​វ៉ាន់​ អ៊ុក បាន​ឱ្យ​ដឹង​ដូច្នេះ។                     

មក​កាម៉ាវ ទស្សនា​សិល្បៈ​វង់​ភ្លេង​ស្គរ​ធំ​

រសៀល​ថ្ងៃ​មួយ​ក្នុង​ខែ​មីនា​ នៅ​ក្បែរ​ប្រ​ឡាយ​កីខូ ភូមិ​កីខូ ឃុំ​ហូធី​គី ស្រុក​ថើយ​ប៊ិញ ខេត្ត​កា​ម៉ាវ ទេស​ភាព​នៅ​តំ​បន់​ជន​បទ​ ហាក់​មាន​ភាព​ស្ងប់​ស្ងាត់។​ រស្មី​ព្រះ​អា​ទិត្យ​ នា​ពេល​សា​យ័ណ្ហ ចាំង​ប៉ះ​ស្លឹក​ស្មាច់​ដែល​កំ​ពុង​រេ​រាំ​តាម​ជំ​នោរ​ខ្យល់។ល។​ ពី​ចម្ងាយ​ឮ​សម្លេង​ច្រៀង​ល្វើយ​ៗ​របស់​កសិករ​ខ្មែរ​ អម​ដោយ​សម្លេង​ស្គរ ទ្រសោ​ ទ្រ​អ៊ូ​គង។ល។​ លាយ​ឡំ​គ្នា​ឮ​សូរ​រងំ បាន​ញុាំង​ឱ្យ​បរិយា​កាស​ក្នុង​ភូមិ​ស្រុក​ហាក់​មាន​ភាព​ស្រ​ងេះ​ស្រងោច​បន្តិច​ ប៉ុន្តែ​ក៏​មាន​ភាព​រម​ទម្យ​ផង​ដែរ។​

សមាជិក​ ក្លិប​វង់​ភ្លេង​ស្គរធំ​នៅ​ភូមិ​កីខូ កំ​ពុង​ប្រ​គំ​នៅ​ផ្ទះ​សមាជិក​ម្នាក់​ក្នុង​ក្លិប។​

នោះ​គឺចំ​ណាប់​អា​រម្មណ៍​របស់​ខ្ញុំ​ពេល​លើក​ដំ​បូង​បាន​ស្ដាប់​ បាន​ឃើញ​ផ្ទាល់​ សិប្ប​ករ​នៅ​ភូមិ​កីខូ ប្រ​គំ​បទ​ភ្លេង​ដោយ​វង់​ភ្លេង​ស្គរ​ធំ​របស់​ជន​រួម​ជាតិ​ខ្មែរ។​ ថ្ងៃ​នោះ​ តាម​សម្ដី​សិប្ប​ករ​ហ៊ឺវ​បឹង​ ប្រ​ធាន​ក្លិប​វង់​ភ្លេង​ស្គរ​ធំ​ភូមិ​កីខូ “ក្រុម​ភ្លេង​” បាន​មក​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​សមា​ជិក​ម្នាក់ ដែល​គាត់​ម្ដាយ​ចាស់​កំ​ពុង​មាន​ជំ​ងឺ។​ ក្រុម​ភ្លេង​ពួក​គាត់​ប្រ​គំ​ដើម្បី​លួង “ខ្មោច​” បណ្ដេញ​ ”ខ្មោច​” កុំ​ឱ្យ​មក​អុក​ឡុក​ ជួយ​ឱ្យ​អ្នក​ជំ​ងឺ​ឆាប់​ជា​សះ​ស្បើយ ភូមិ​ស្រុក​សុខ​សាន្ត។ល។​ ទោះ​បីខ្វះ​ឧបករណ៍​ភ្លេង​ដ៏​សំ​ខាន់​គឺ​ស្គរ​ធំ​ បាន​ធ្វើ​ឱ្យ​សម្លេង​លាន់​ឮ​ចុះ​អន់​បន្តិច​ក៏​ពិត​មែន​ ប៉ុន្តែ​ មិន​បាត់​ព្រ​លឹង​នៃ​ភ្លេង​ស្គរ​ធំ​នោះ​ឡើយ។​ នោះ​គឺ​បទ​ភ្លេង​ញុាំង​ឱ្យ​អ្នក​ស្ដាប់​មាន​អា​រម្មណ៍​អណ្តែត​ត្រ​សែត ស្រ​ងេះ​ស្រ​ងោច​ខុស​ៗ​គ្នា។​ ហើយ​នេះ​ក៏​ជា​ចំ​ណុច​សំ​ខាន់​ ចំ​ណុច​ពិ​សេស​នៃ​ភ្លេង​ស្គរ​ធំ​ផង​ដែរ។​ ដ្បិត​អី​ “សិល្បៈ​វង់​ភ្លេង​ស្គរ​ធំ​គឺយោ​ង​តាម​ស្ថាន​ភាព​ ឬ​កម្ម​វិធី​បុណ្យ​នីមួយ​ៗ​ ទើប​សិល្ប​ករ​ប្រ​គំ​បទ​ភ្លេង​ទៅ​តាម​នោះៗ​។​ ឧទាហរណ៍​៖ ក្នុង​ស្ថាន​ភាព​ទុក្ខ​ព្រួយ​ សង្វេគ គឺចង្វាក់​យឺត​ៗ​ សម្រាប់​ប្រើ​ក្នុង​កម្ម​វិធី​បុណ្យ​សព។​ បទ​ដែល​មាន​ចង្វាក់​លាន់​រំពង​អឹង​កង​ ប្រើ​ក្នុង​ពិធី​ដាក់​ទូក​-ងចុះ​; បទ​ដែល​មាន​ចង្វាក់​ស្រាល​ៗ​ រីក​រាយ​ ប្រើ​ក្នុង​ពិធី​រៀប​មង្គល​ការ​; ចង្វាក់​ស្រ​ទន់ រម​ទម្យ ប្រើ​ក្នុង​ពិធី​សាសនា។ល។​” លោក​ហ៊ឺវ​បឹង​ បាន​ចែក​រំ​លែក​ដូច្នេះ។​

សិប្ប​ករ​កំ​ពុង​ប្រ​គំ​ភ្លេង​ស្គរ​ធំ​នៅ​ទីធ្លា វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​ក្របី​ឃ្លៀច។​

ជន​រួម​ជាតិ​ខ្មែរ​ខេត្ត​កា​ម៉ាវ ប្រ​គំ​ភ្លេង​ស្គរ​ធំ​ ក្នុង​ពិធី​បុណ្យ​ទាន​ផ្សេង​ៗ​ មាន​ដូច​៖ បុណ្យ​ពុទ្ធា​ភិសេក ពូន​ភ្នំ​ខ្សាច់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​ចូល​វស្សា​ បុណ្យ​ចេញ​វស្សា​របស់​ព្រះ​សង្ឃ​ បុណ្យ​ឆ្លង​ចេតិយ បុណ្យ​អក​អំ​បុក​ បុណ្យ​សែន​ដូន​តា បុណ្យ​បំ​បួស​ ពិធី​លៀង​អា​រក្ស​ អ្នក​តា បុណ្យ​កម្សាន្ត​ភូមិ។ល។​ វង់​ភ្លេង​ស្គរធំ​តែង​អង្គុយ​ប្រ​គំ​លើ​កម្រាល​ផ្ទាល់​ដី​នៅ​ទីធ្លា​ខាង​មុខ​ផ្ទះ។​ ស្គរ​ធំ​ត្រូវ​បាន​រៀប​ដាក់​នៅ​កណ្ដាល​វង់​ ឬ​ផ្នែក​ជ្រុង​ណា​មួយ​ដើម្បី​ងាយ​ស្រួល​ដល់​សិប្ប​ករ​ប្រ​គំ។​ សិប្ប​ករ​កាន់​ឧបករណ៍​ភ្លេង​ឯទៀត​ក៏​អង្គុយ​ជា​វង់​នៅ​លើ​កម្រាល​នោះ​ដែរ។​

វង់​ភ្លេង​ស្គរ​ធំ​របស់​ជន​ជាតិ​ខ្មែរ​ បាន​បង្កើត​និង​គង់​វង្ស​នៅ​ខេត្ត​កាម៉ាវ​ជាង​ ១០០ ឆ្នាំ​មក​ហើយ។ល។​ តាម​សម្តី​សិប្ប​ករ​ទាំង​ឡាយ​ វង់​ភ្លេង​ស្គរ​ធំ​មាន​វត្ត​មាន​នៅ​ខេត្ត​កាម៉ាវ គឺអា​ស្រ័យ​លោក​ហ៊ឺវ​ភិន និង​លោក​ហ៊ឺវ​ម៉ោក​ នៅ​ខេត្ត​ត្រា​វិញ​ បាន​ទៅ​ការ​ប្រ​ពន្ធ​នៅ​ខេត្ត​កា​ម៉ាវ ហើយ​រស់​នៅ​តំ​បន់​តឹង​ឡុក​ ស្រុក​ថើយ​ប៊ិញ រួច​បាន​នាំ​ភ្លេង​យក​មក​និង​បាន​ប្រ​គំ​នៅ​បណ្តា​ឆ្នាំ​ចុង​ទសវត្សរ៍​ទី​១៩។​ ក្នុង​អំ​ឡុង​ប៉ុន្មាន​ឆ្នាំ​ដំ​បូង​ទសវត្សរ៍ ទី​២០​នៃ​សតវត្សរ៍​ទី ២០ ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​រួប​រួម​សាមគ្គី​គ្នា​កសាង​វត្ត​មួយ​ឈ្មោះ​ថា​ វត្ត​ក្រ​បី​ឃ្លៀច​ វង់​ភ្លេង​ស្គរ​ធំ​នៅ​តំ​បន់​នេះ​ ក៏​ចាប់​ផ្ដើម​បង្កើត​និង​ប្រ​គំ​ជា​ញឹក​ញាប់​នៅ​ទី​នោះ។​ រហូត​ដល់​ឆ្នាំ​ ១៩៥៨ វត្ត​ត្រូវ​បាន​ប្ដូរ​ទី​តាំង​មក​នៅ​ក្បែរ​ផ្លូវ​ជាតិ​លេខ​ ៦៣ ហើយ​ផ្លាស់​ឈ្មោះ​ជា​វត្ត​សិរី​មាន​ជ័យ​វង្ស​ស្រង់​ក្រ​បី​ឃ្លៀច​ ក្នុង​អំ​ឡុង​ពេល​កសាង​វត្ត​អា​រាម​វង់​ភ្លេង​ស្គរ​ធំ​ ក៏​បាន​រៀប​ចំ​ក្រុម​អ្នក​ភ្លេង​សម្ដែង​ជា​លំ​នឹង។​

កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ ២០២២ ក្រសួង​វប្បធម៌​ កីឡា​និង​ទេ​សចរណ៍ បាន​ចុះ​ហត្ថ​លេខា​លើ​សេចក្ដី​សម្រេច​លេខ​ ៧៨៦/QĐ-BVHTTDL ប្រ​កាស​បញ្ជី​ឈ្មោះ​បេតិ​ក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ ចំ​ពោះ​សិល្បៈ​វង់​ភ្លេង​ស្គរ​ធំ​របស់​ជន​រួម​ជាតិ​ខ្មែរ​ នៅ​ស្រុក​ប៊ិញ​ថើយ​ ខេត្ត​កា​ម៉ាវ។​ លោក​ហ៊ឺវ​ទ្រុង​ ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​កាម៉ាវ ឱ្យ​ដឹង​៖  ការ​បញ្ចូល​សិល្បៈ​វង់​ភ្លេង​ស្គរ​ធំ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ បាន​បង្ក​ជា​កម្លាំង​ចលករ​យ៉ាង​ធំ​សម្រាប់​ខេត្ត​កា​ម៉ាវ បន្ត​អភិរក្ស​ និង​ពង្រីក​ទម្រង់​សិល្បៈ​ប្រ​ជា​ប្រិយ​ដ៏​ពិសេស​នេះ​។​ ព្រម​ជា​មួយ​នោះ​ ក៏​បាន​នាំ​មក​ថាម​ពល​ថ្មី​ ឆ្លើយ​តប​តម្រូវ​ការ​ទទួល​ផល​វប្បធម៌​ ស្មារតី​របស់​ប្រ​ជា​ជន​ ជា​ពិ​សេស​ គឺជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត។​ តាម​ប្រ​សាសន៍​ លោក​ហ៊ឺវ​ទ្រុង​ បច្ចុប្បន្ន​ ខេត្ត​កាម៉ាវរក្សា​បន្ត​សកម្ម​ភាព​ក្លិប​វង់​ភ្លេង​ស្គរ​ធំ​ចំ​នួន​ ២ នៅ​ស្រុក​ថើយ​ប៊ិញ។​ នោះ​គឺ៖ ក្លិប​វង់​ភ្លេង​ស្គរ​ធំ​នៅ​ភូមិ​កីខូ ឃុំ​ហូធីគី មាន​សមាជិក​ចំ​នួន​ ២០ នាក់ និង​ក្លិប​វង់​ភ្លេង​ស្គរធំ​នៅ​ឃុំ​តឹង​ឡុក​ មាន​សមាជិក​ចំ​នួន​ ២២ នាក់។​ “ជាពិសេស​ ក្នុង​ឆ្នាំ ​២០២២ ខេត្ត​កា​ម៉ាវ​បើក​វគ្គ​បង្រៀន​ភ្លេង​ស្គរធំ​បាន​ ២ ថ្នាក់។​ ឆ្លង​តាម​រយៈ​នោះ​ ទាក់​ទាញ​យុវ​វ័យ​ជា​ច្រើន​ចូល​រៀន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។​ ដោយ​ការ​បង្ហា​ត់​បង្រៀន​ដល់​យុវ​វ័យ​ស្នង​បន្ត​ ក៏​ដូច​ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ផ្នែក​ពាក់​ព័ន្ធ​ ខ្ញុំ​ជឿ​ជាក់​ថា​ សិល្បៈ​ វង់​ភ្លេង​ស្គរធំ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ថើយ​ប៊ិញ នឹង​បាន​អភិរក្ស​ ព្រម​ទាំង​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​និង​ក្រៅ​ខេត្ត​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​” លោក​ហ៊ឺវ​ទ្រុង​ បាន​ចែក​រំលែក ដូច្នេះ​៕​

ក្រុមអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ

ចែករំលែកអត្ថបទ