03/04/2023 - 14:41

ការ​ទន្ទឹង​រង់​ចាំ​ល្ខោន​យីកេ​អូរ​ឡឹម​

សិល្បៈ​ល្ខោន​យីកេរ​បស់​ជន​ជាតិ​ខ្មែរ​នៅ​ឃុំ​អូរ​ឡឹម​ ស្រុក​ទ្រីតូង ខេត្ត​អាង​យ៉ាង​ បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ថ្នាក់​ជាតិ​ កាល​ពី​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០២៣។ ព័ត៌​មាន​នេះ​ បាន​ផ្តល់​ក្តី​រំភើប​ចំ​ពោះ​ការ​ទន្ទឹង​រង់​ចាំ​ទស្សនា​ល្ខោន​យីកេ​ជា​យូរ​ណាស់​មក​ហើយ​របស់​ប្រ​ជា​ជន​នៅ​ឃុំ​អូរ​ឡឹម​ ដែល​ជា​ទម្រង់​សិល្បៈ​ដ៏​ពិសេស​របស់​ជន​ជាតិ​ខ្មែរ​ តែ​កំ​ពុង​រង​ការ​សាប​រលាប​បន្តិច​ម្តងៗ។

ល្ខោន​យីកេ ជា​ទម្រង់​សិល្បៈ​ដ៏​ពិសេស​ម៉្យាង​របស់​ជន​ជាតិ​ខ្មែរ​នៅ​ទ្រី​តូង។ រូបៈ baodantoc.vn

មាន​យោ​បល់​ខ្លះ​លើក​ឡើង​ថា សិល្បៈ​ល្ខោន​យីកេ របស់​ខេត្ត​អាង​យ៉ាង​ កើត​មាន​មក​ជាង​ ២០០ ឆ្នាំ​មុន​ម៉្លេះ នាពេល​លោក​ ង្វៀង​វ៉ាន់​ថ្វយ (ថ្វយ​ង៉ុក​ហូវ​) ទទួល​ព្រះ​រាជ​បញ្ជា​ស្តេច​យ៉ា​ឡុង​ ជីក​ព្រែក​ទាំង​ពីរ​គឺ​ព្រែក​ថ្វយ​ហា និង​ហ្វិញ​តេ។ កាល​នោះ​ ដើម្បី​បម្រើ​ការ​កម្សាន្ត​ដល់​អ្នក​មក​ជីក​ព្រែក ក្រោយ​ពី​ពេល​ធ្វើ​ការ​ងារ​នឿយ​ហត់​នោះ​ លោក​ង្វៀង​វ៉ាន់​ថ្វយ បាន​នាំ​ក្រុម​ល្ខោន​ប៊ិញ​ឌិញ មក​ពី​ស្រុក​កំ​ណើត​របស់​គាត់​ឱ្យ​សម្តែង។  សម័យ​នោះ​ បង​ប្អូន​ខ្មែរ​ក៏​ចង់​បង្កើត​ក្រុម​ល្ខោន​មួយ​ដែល​មាន​អត្ត​សញ្ញណ​ជាតិ​របស់​ខ្លួន​ដែរ​។ ដូច្នេះ​ហើយ​ ល្ខោន​យីកេ ដោយ​ការ​គួប​ផ្សំ​រវាង​របាំ​និង​ចម្រៀង​របស់​ជន​ជាតិ​ខ្មែរ​រួម​នឹង​បែប​បទ​សម្តែង​នៃ​ល្ខោន​ហាក​បូ ប៊ិញ​ឌិញ ក៏​បាន​បង្កើត​ឡើង។ មាន​មតិ​ខ្លះ​ថា ទម្រង់​សិល្បៈ​ល្ខោន​យីកេ គឺ​មាន​តែ​នៅ​ស្រុក​ទ្រី​តូង​និង​ទិញ​បៀង​នៃ​ខេត្ត​អាង​យ៉ាង​ប៉ុណ្ណោះ។

លោក​ចៅ​សំ​បូរ នៅ​ភូមិ​ភឿក​ឡុក​ ឃុំ​អូរ​ឡឹម​ ឱ្យ​ដឹង​៖ ល្ខោន​យី​កេ អាច​សម្តែង​បម្រើ​នៅ​ទីធ្លា​វត្ត​នា​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ធំ​ៗ​របស់​ជន​ជាតិ​ខ្មែរ​ ដូច​ជា៖ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​សែន​ដូន​តា បុណ្យ​អក​អំ​បុក។ល។ ឬ​សម្តែង​នៅ​ព្រ​លាន​ហាល​ស្រូវ ​បន្ទាប់​ពី​រដូវ​ច្រូត​កាត់​រួច​ ដើម្បី​បម្រើ​ការ​កម្សាន្ត​របស់​មា​មីង​។ សាច់​រឿង​ហាក់​ដូច​បាន​ចាំ​មាត់​និង​បាន​ផ្សព្វ​ផ្សាយ​បន្ត​ពី​ជំ​នាន់​មួយ​ទៅ​ជំនាន់​មួយ​ជា​ភា​សា​ខ្មែរ។ ក្រុម​ល្ខោន​យីកេ នៅ​ឃុំ​អូរ​ឡឹម​ បាន​ចង​ក្រង​និង​សម្តែង​ឡើង​វិញ​រឿង​បុរាណៗ​ចំ​នួន​ ១០ ដូច​ជា៖ រឿង​យក្ខិណី រឿង​ទុំ​ទាវ​ រឿង​ចន្ទ​បុប្ផា។ល។ ខ្លឹម​សារ​រឿង​ទាំង​នេះ​ សំ​ដៅ​លើក​កម្ពស់​លក្ខណៈ​មនុស្ស​ធម៌៖ ធ្វើ​ល្អ​បាន​ល្អ​ ធ្វើ​អា​ក្រក់​បាន​អា​ក្រក់ … ក្រៅ​ពី​នេះ​ ក៏​មាន​សាច់​រឿង​ សម័យ​ទំ​នើប​ផង​ដែរ​ ដើម្បី​ចូល​រួម​ផ្សព្វ​ផ្សាយ​ បង្ការ​ទប់​ស្កាត់​ជំងឺ​គ្រុន​ឈាម​ ការ​ពារ​ព្រៃ​ឈើ ការ​ពារ​សុខ​ភាព។ល។

លោក​ចៅ​សំ​បូរ អា​យុ ៥៥ ឆ្នាំ​ ជា​សមា​ជិក​មួយ​រូប​នៃ​ក្រុម​សិល្បៈ​យីកេ​អូរ​ឡឹម​ បាន​រៀប​រាប់​៖ ដំ​ណាក​កាល​ “រីក​ចម្រើន​” នៃ​សិល្បៈ​ល្ខោន​យីកេ គឺ​កាល​គាត់​នៅ​តូច​ៗ។ គាត់​បាន​ទស្សនា​ល្ខោន​សម្តែង​នៅ​ក្នុង​វត្ត​និង​មជ្ឈ​មណ្ឌល​ឃុំ​… កាល​នោះ​ គាត់​មាន​អា​យុប្រ​ហែល​ ១៦-១៧ ឆ្នាំ​ គាត់​ក៏​សុំ​ចូល​លេង ហើយ​ក៏​បាន​អនុ​ញ្ញាត​ឱ្យ​ចូល​រួម​ក្រុម​សិល្បៈ​ល្ខោន​យីកេ។ កាល​នោះ​ ក្រោយ​ពី​មួយ​ថ្ងៃ​ប្រ​កប​ការ​ងារ​ចិញ្ចឹម​ជីវិត​ សមា​ជិក​ក្នុង​ក្រុម​ក៏​បាន​មក​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​លោក​ចៅ​ម៉ែន​សា​រ៉ាយ ដើម្បី​ហាត់​សម​។ សមា​ជិក​ខ្លះ​ជាកសិករ ខ្លះ​រត់​ម៉ូតូ​ឌុប​ និង​ខ្លះ​លក់​ដូរ ឬក៏​ធ្វើ​ជាង​សំ​ណង់​... ប៉ុន្តែ​គ្រប់​គ្នា​បាន​ចូល​ខ្លួន​ដើរ​តួអង្គ​នីមួយ​ៗយ៉ាង​ល្អ​ឥត​ខ្ចោះ។ កាល​នោះ​ ក្រោម​ការ​ដឹក​នាំ​របស់​ លោក​ចៅ​ម៉ែន​សារ៉ាយ ក្រុម​សិល្បៈ​ល្ខោន​យី​កេរ​ឃុំ​អូរ​ឡឹម​ បាន​តំ​ណាង​ឱ្យ​ខេត្ត​អាង​យ៉ាង​ និង​សហ​គមន៍​ខ្មែរ​ណាម​បូ ដើម្បី​ចូល​រួម​សមោ​សរ​វប្ប​ធម៌​ និង​សិល្បៈ​បណ្តា​ជន​ជាតិ​វៀត​ណាម​ នៅ​ភូមិ​ភាគ​នានា​ក្នុង​ទូទាំង​ប្រ​ទេស​និង​ទទួល​បាន​រង្វាន់​ជា​ច្រើន​… ប៉ុន្តែ​ច្រើន​ឆ្នាំ​មក​នេះ​ ចាប់​តាំង​ពី​លោក​ចៅ​ម៉ែន​សា​រ៉ាយ បាន​ទទួល​មរណ​ភាព​ បូក​ផ្សំ​នឹង​សមា​ជិក​មួយ​ចំ​នួន​ប្រឹង​តែ​ប្រកប​របរ​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត​ ម្ល៉ោះ​ហើយ​ ខ្លះ​ទៅ​ទីក្រុង​ហូជី​មិញ​ ប៊ិញ​យឿង​ ... ក្រុម​បែក​រលែក​ក៏​ឈប់​ដំ​ណើរ​ការ​។

       ***

ថ្ងៃ​ដែល​ទៅ​ផ្ទះ​លោក​ចៅ​សំ​បូរ ក្នុង​ដំ​ណើរ​រឿង​យើង​ខ្ញុំ​បាន​ដឹង​ថា គាត់​គឺ​ជា​អ្នក​ប្រ​មូល​ផ្តុំ​សិល្ប​ករ-ការ​នី រៀប​ចំ​ហាត់​សម​សម្ដែង។ ដើម្បី​ស្ថា​ប័ន​ពាក់​ព័ន្ធ​ធ្វើ​សំ​ណុំ​ឯក​សារ​ស្នើ​ទទួល​ស្គាល់​សិល្បៈ​ល្ខោន​យីកេ ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​អរូបី​ថ្នាក់​ជាតិ​។ ដូច្នេះ​ហើយ​ ពេល​មាន​សេចក្តី​ប្រកាស​ពី​លទ្ធ​ផល​ គឺ​គាត់​មាន​ការ​រំ​ភើប​ឥត​ឧបមា។ លោក​ចៅ​សំ​បូរ ចែក​រំ​លែក៖ “… បង​ប្អូន​ស្រ​ឡាញ់​សិល្បៈ​ល្ខោន​យីកេ មិន​អាច​លះ​បង់​បាន​ឡើយ​។ ខ្ញុំ​ស្ម័គ្រ​ចិត្ត​ដើរ​ហៅ​ ដើរ​ប្រ​មូល​ផ្តុំ​បង​ប្អូន​ ដើម្បី​ឱ្យ​ទម្រង់​សិល្បៈ​ល្ខោន​យីកេ​នេះ​បាន​ ”រស់​រាន​” ឡើង​វិញ​ ហើយ​នេះ​មិន​ត្រឹម​តែ​ជា​បំ​ណង​របស់​បង​ប្អូន​ក្នុង​ក្រុម​ប៉ុណ្ណោះ​ទេ គឺ​ថា​ជា​ក្តី​បំ​ណង​របស់​ប្រ​ជា​ជន​នៅ​ឃុំ​អូរ​ឡឹម​ទាំង​អស់​ ដែល​ធ្លាប់​បាន​ទស្សនា​យើង​ខ្ញុំ​សម្តែង​ហោច​ណាស់​ក៏​ម្តង​នោះ​ឯង”៕

                                 ថាញ​ឡុង​-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ