13/02/2023 - 16:04

ខេត្ត​វិញ​ឡុង​ គ្រប់​គ្រង​បាន​ជំ​ងឺ​គ្រុន​ឈាម​

យោង​តាម​សេចក្តី​របាយ​ការណ៍​របស់​ផ្នែក​សុខា​ភិបាល​ខេត្ត​វិញ​ឡុង​ ស្ថាន​ភាព​ជំ​ងឺ​គ្រុន​ឈាម​ក្នុង​ខេត្ត​ត្រូវ​បាន​គ្រប់​គ្រង​ ចំ​នួន​ករណី​កើត​ជំ​ងឺ​ថ្មី​បាន​ថយ​ចុះ​ជា​បន្ត​បន្ទាប់​។​

ប្រ​ជា​ជន​នៅ​ភូមិ​ទ្រុង​ត្រា​ច តែង​ពិនិត្យ​មើល​ពាង​ ក្រឡ​តម្កល់​ទឹក​ខ្លាច​មាន​ដង្កូវ​ទឹក​។​

ដើម្បី​គ្រប់​គ្រង​បាន​ជំ​ងឺ​រាត​ត្បាត​ ខេត្ត​វិញ​ឡុង​ បាន​អនុវត្ត​នូវ​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ព្រម​ៗ​គ្នា​ ដូច​៖ ឃោសនា​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​អំ​ពី​វិធាន​ការ​បង្ការ​ និង​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំ​ងឺ​គ្រុន​ឈាម​។​ ធ្វើ​ការ​ត្រួត​ពិនិត្យ​ប្រ​ចាំ​ខែ​អំ​ពី​ដង់​ស៊ី​តេមូស និង​ដង្កូវ​ទឹក​នៅ​តាម​ឃុំ​។​ ទន្ទឹម​នឹង​នោះ​ បើក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​ បាញ់​ថ្នាំ​គីមី​ទ្រង់​ទ្រាយ​ធំ​ ដើម្បី​កម្ចាត់​សត្វ​មូស។ល។​ ក្រៅ​ពី​នេះ​ គឺ​ការ​សហ​ការ​រវាង​ផ្នែក​សុខា​ភិបាល​ជា​មួយ​នឹង​ភូមិ​នា​នា​ យ៉ាង​ហ្មត់​ចត់​។​

យោង​តាម​ប្រ​សាសន៍​លោក​ស្រី​ដាំង​ធី​បែ​សាវ​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រា​អូង​ ឱ្យ​ដឹង​៖ ដើម្បី​បង្ការ​ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​ និង​ជំ​ងឺ​ឆ្លង​ផ្សេង​ៗ​ទៀត​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រា​អូង​ បាន​ចេញ​សារ​លិខិត​លេខ​ ២៦៩៣/UBND-VX ស្តីពី​ការ​បង្ការ​ និង​ទប់​ស្កាត់​ជំ​ងឺ​គ្រុន​ឈាម​ និង​ជំ​ងឺ​ឆ្លង​ផ្សេង​ៗ​នៅ​ក្នុង​ស្រុក​។​ សារ​លិខិត​បាន​បញ្ជាក់​ច្បាស់​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​បាន​សំ​ណូម​ពរ​មណ្ឌល​សុខា​ភិបាល​ស្រុក​ បង្កើន​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក​ និង​បាញ់​ថ្នាំ​គីមី​សម្លាប់​មូស ដោយ​ម្ចាស់​ការ​លើ​ភូមិ​សាស្រ្ត​។​ ពិសេស​ គឺត្រូវ​ពិនិត្យ​តាម​ដាន​ស្ថាន​ភាព​ជំ​ងឺ​រាត​ត្បាត​យ៉ាង​ដិត​ដល់​ សំ​ដៅ​ប្រ​ទះ​ឃើញ​ករណី​កើត​ជំ​ងឺ​ថ្មី​បាន​ឆាប់​។​ ជៀស​វាង​ការ​ផ្ទុះ​រាល​ដាល​ជំ​ងឺ​នៅ​កន្លែង​សម្បុករោគ​ចាស់​។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​ការ​ហ្វឹក​ហាត់​ដល់​បុគ្គ​លិក​សុខា​ភិបាល​អំ​ពី​ការ​តាម​ដាន​ និង​ព្យា​បាល​ជំ​ងឺ​គ្រុន​ឈាម​ តាម​ការ​ណែ​នាំ​របស់​ក្រ​សួង​សុខា​ភិបាល​ ដើម្បី​សង្រ្គោះ ព្យា​បាល​អ្នក​ជំ​ងឺ​ឱ្យ​បាន​ទាន់​ពេល​ និង​កម្ចាត់​សម្បុក​រោគ​ពេល​ប្រ​ទះ​ឃើញ​ភ្លាម​។ល។​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ក៏​បាន​រំលឹក​ពី​ការ​សហការ​រវាង​ផ្នែក​សុខា​ភិបាល​ និង​ផ្នែក​អប់រំ ម្ល៉ោះ​ហើយ​ក៏​បាន​សំ​ណូម​ពរ​ដល់​ការិ​យាល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ ត្រូវ​ដឹក​នាំ​គ្រឹះ​ស្ថាន​អប់រំ​នា​នា​ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​យុទ្ធ​នា​ការ​កម្ចាត់​សត្វ​មូស និង​ដង្កូវ​ទឹក​ក្នុង​សាលា​រៀន​ និង​សហគមន៍ ​លាង​ដៃ​ជា​មួយ​សាប៊ូ និង​ចាត់​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ឆ្លង​ផ្សេង​ៗ​ទៀត​ តាម​សេចក្តី​ណែ​នាំ​របស់​ផ្នែក​សុខា​ភិបាល​។ល។​

នៅ​ស្រុក​វ៉ុង​លីម លោក​ផាម​មិញ​ហ្វាង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ក៏​បាន​សំ​ណូម​ពរ​ឃុំ​ ទីប្រ​ជុំ​ជន​នា​នា​បង្កើន​ការ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​ផ្សព្វ​ផ្សាយ​អនុវត្ត​យុទ្ធ​នា​ការ​កម្ចាត់​សត្វ​មូសនិង​ដង្កូវ​ទឹក​ លើ​ភូមិ​សាស្រ្ត​យ៉ាង​ខ្លាំង​ក្លា​បំ​ផុត​។​ បង្កើត​ក្រុម​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​រាត​ត្បាត​ក្នុង​សហគមន៍ ​ដើម្បី​ឃោ​សនា​ ត្រួត​ពិនិត្យ​ និង​ណែ​នាំ​ពី​ការ​អនុវត្ត​នូវ​វិធាន​ការ​បង្ការ​និង​ទប់​ស្កាត់​ជំ​ងឺ​តាម​ការ​ណែ​នាំ​របស់​ក្រសួង​សុខា​ភិបាល​។ល។​ លោក​កៀង​ថាញ់​ដាក កម្មា​ភិបាល​ដំ​ណាក់​សុខា​ភិបាល​ឃុំ​ទ្រុង​ថាញ់ ស្រុក​វ៉ុង​លីម ឱ្យ​ដឹង​៖ “ខ្ញុំ​ត្រូវ​បាន​ថ្នា​ក់​ដឹក​នាំចាត់​ឱ្យ​តាម​ដាន​យ៉ាង​ដិត​ដល់​ស្ថាន​ភាព​ជំ​ងឺ​គ្រុន​ឈាម​នៅ​ភូមិ​ទ្រុង​ត្រាច ដែល​ជា​ភូមិ​មួយ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​។​ អា​ស្រ័យ​ការ​ស្រុះ​ចិត្ត​គំ​និត​របស់​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​ភូមិ​គ្មាន​កើត​មាន​ជំ​ងឺ​រាត​ត្បាត​ទេ​”។​

យោ​ង​តាម​ប្រ​សាសន៍​ លោក​ហ្វិញ​ថាញ​តឹម នា​យក​រង​មជ្ឈ​មណ្ឌល​គ្រប់​គ្រង​ជំ​ងឺ​ខេត្ត​វិញ​ឡុង​ មក​ដល់​ពេល​នេះ​ ចំ​នួន​ករណី​កើត​ជំ​ងឺ​គ្រុន​ឈាម​ក្នុង​ខេត្ត​បាន​ថយ​ចុះ​ជាង​ ៥០% បើ​ធៀប​នឹង​ខែ​មុន​ៗ​។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​ក៏​បាន​ផ្តល់​អនុសាសន៍​ថា​ ប្រ​ជា​ជន​ត្រូវ​តែ​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ និង​កុំ​មាន​ការ​ធ្វេស​ប្រ​ហែស​ ដើម្បី​ជៀស​វាង​ជំ​ងឺ​ផ្ទុះ​រាល​ដាល​ឡើង​វិញ​៕​

                            ហា​ថាញ-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ