ទិវាបុណ្យវប្បធម៌ កីឡានិងទេសចរណ៍ខ្មែរណាមបូ លើកទី ៨ នៅខេត្តសុកត្រាំង និងពិធីបុណ្យអកអំបុកអុំទូក លើកទី ៥ នៅតំបន់វាលរាបទន្លេគឺវឡុង (ហៅកាត់ថា ទិវាបុណ្យ) បានប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២២។
សម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរជាព្រឹត្តិការណ៍មួយក្នុងទិវាបុណ្យ។
ពិធីបណ្ដែតប្រទីប លើដងព្រែក Maspero ក្រុងសុកត្រាំង។
បើកទិវាបុណ្យនៅល្ងាចថ្ងៃទី ៦ ខែវិច្ឆិកា ក្រោមបធានបទ “អភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរណាមបូ សមភាព និងសាមគ្គីភាព” និងបិទនៅល្ងាចថ្ងៃទី ៨ ខែវិច្ឆិកា។ ដោយឡែកពិធីប្រណាំងទូក-ង នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ៧ និងទី៨ ខែវិច្ឆិកាខាងមុខនេះ ដោយមានទូក-ង បុរស-ស្ត្រីចំនួន ៥៦ ទូក នៅក្នុងនិងក្រៅខេត្តចូលរួម។ ទូក-ងផ្នែកខាងនារីប្រណាំងចម្ងាយខ្សែទឹក ១.០០០ ម៉ែត្រ ចំណែកទូក-ងផ្នែកខាងបុរសប្រណាំងចម្ងាយខ្សែទឹក ១.២០០ម៉ែត្រ។
លោកត្រឹងមិញលី នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង បានឱ្យដឹង៖ ក្នុងក្របខ័ណ្ឌនៃទិវាបុណ្យ មានសកម្មភាពវប្បធម៌ កីឡានិងទេសចរណ៍រហូតដល់ ២១ បានប្រព្រឹត្តឡើង។ ក្នុងនោះ មានសកម្មភាពលេចធ្លោជាច្រើន ដូចជា៖ ការតាំងពិព័រណ៍ ផ្សព្វផ្សាយឧទ្ទេសនាមវប្បធម៌ប្រពៃណី; ផ្សារណាត់ជំរុញពាណិជ្ជកម្មផលិតផល OCOP និងផលិតផលពិសេសនៅតំបន់នានានៃខេត្តសុកត្រាំង; សមោសរវប្បធម៌មហាជន; សម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីខ្មែរ; សម្តែងបង្ហាញ ឧទ្ទេសនាមពីឈុតឆាកនៃពិធីបុណ្យ ពិធីកិច្ចសកម្មភាពវប្បធម៌ប្រពៃណីជនជាតិខ្មែរនិងប្រគំភ្លេងពិណពាទ្យ។ សម្តែងវប្បធម៌ សិល្បៈបម្រើមហាជន; ដាក់តាំង ច្នៃនិងឧទ្ទេសនាមមុខម្ហូបអាហារ; ប្រកួតកីឡាមហាជនចំនួន ៧ វិញ្ញាសា ពិសេសក្នុងក្របខណ្ឌនៃទិវាបុណ្យនេះ នឹងមានពិធីប្រកាសសេចក្តីសម្រេចបង្កើត កំណត់ត្រា ហ្គីណេសវៀតណាម ចំពោះ “វិញ្ញាសាកីឡាប្រណាំងទូក-ងរបស់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង ដោយមានទូក-ង និងកីឡាករ-ការិនីចូលរួមច្រើនជាងគេ” និងប្រកាសនិមិត្តសញ្ញាទេសចរណ៍ខេត្តសុកត្រាំង។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង លោកត្រឹងវ៉ាន់លូវ ប្រធានគណៈកម្មការរៀបចំទិវាបុណ្យ បានអះអាង៖ នេះជាទិវាបុណ្យដ៏ធំមួយ ដោយមានការចូលរួមពីខេត្ត ក្រុងចំនួន ១២ នៅភូមិភាគខាងត្បូង។ អាស្រ័យហេតុនេះ គណៈកម្មការរៀបចំបានចង្អុលការដល់សមាជិកពាក់ព័ន្ធ ត្រូវត្រៀមរៀបចំឱ្យបានហ្មត់ចត់ ធានាសន្តិសុខ និងសុវត្ថិភាពក្នុងរយៈពេលប្រព្រឹត្តឡើងនៃទិវាបុណ្យ។ ខ្លឹមសារនៃទិវាបុណ្យត្រូវប្រកបដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរ។ ជាពិសេស គឺពិធីបើកដ៏មហោឡារិក ពិសិដ្ឋនិងត្រឹមត្រូវតាមប្រវត្តិសាស្រ្ត។
ជាងនេះទៅទៀត ទិវាបុណ្យគឺជាឱកាសសម្រាប់សិប្បករ តន្ត្រីករ សិល្បករ និងកីឡាករ-ការិនីនៅភូមិភាគខាងត្បូង បានជួបប្រាស្រ័យ ដោះដូរបទពិសោធន៍ក្នុងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អរបស់ជនជាតិខ្មែរណាមបូ ក្នុងសម័យសមាហរណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិ៕
យ្វីអាញ - បកប្រែ៖ សុផន