ភ្ញៀវទេសចរភាគច្រើនជ្រើសរើសដាឡាតជាគោលដៅទេសចររៀងរាល់ឆ្នាំ ពីព្រោះចូលចិត្តអាកាសធាតុត្រជាក់ និងបានភ្លក់រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ឬសាមញ្ញបំផុតគ្រាន់តែបានធ្វើដំណើរទស្សនាផ្កាព្រៃដ៏ស្រស់បំព្រងនៅតាមសងខាងដងផ្លូវ។
ល្អាងភ្នំសាងស្នេហ៍។
ដាឡាតគឺជាគោលដៅទេសចរមានភាពទាក់ទាញអារម្មណ៍យ៉ាងពិសេស មិនថាពេលព្រួយឬសប្បាយនោះទេ ភ្ញៀវទេសចរតែងចង់មកកម្សាន្តនៅទីនេះ។ ចួនកាលគ្រាន់តែធ្វើដំណើរទស្សនាកម្សាន្តជុំវិញក្រុង ធ្វើដំណើរតាមដងផ្លូវតូចៗ ឬជួរដើមឈើធំៗ ខ្ពស់ត្រដែត ហាក់មានអារម្មណ៍ថា ដាឡាត បាន”ដក់ជាប់” ក្នុងដួងចិត្តទៅហើយ។
ល្បាក់ទឹក Pongour.
មកទេសចរដាឡាត ខណៈពេលមានអារម្មណ៍មិនល្អ ភ្ញៀវទេសចរគប្បីទៅផ្សាររាត្រី ប្រជ្រៀតចូលក្នុងចរន្តមនុស្ស ទិញមើមដំឡូងជ្វាដុតឈ្ងុយៗ រួចអង្គុយបៀតនឹងកាំជណ្តើរនៅផ្សារ ហើយទទួលទានដំឡូងជ្វាដុតបណ្តើរ គយគន់មនុស្សម្នាធ្វើដំណើរកម្សាន្ត ឬអ្នកលក់ដូរបណ្តើរ ដើម្បីយល់ច្បាស់ពីដំណើរជីវិតនេះ ក្រោយពីឆ្លងកាត់លំបាក នឹងមានពេលទំនេរ ល្ហែល្ហើយ សុភមង្គល។ ហើយសួរខ្លួនឯង តើយើងបានឆ្លងកាត់ការលំបាកដូចមនុស្សដែលកំពុងចិញ្ចឹមជីវិតក្នុងស្ថានភាពត្រជាក់បែបនេះទេ?
តោងខ្សែឆ្លងនៅព្រៃស្រល់។
លុះព្រឹកឡើង ជំនួសឱ្យការទៅទីតាំងចាស់ ដូច៖ សួនច្បារ ភ្នំថុងហាយម៉ោ ស្ថានីយរថភ្លើងដាឡាត។ល។ ភ្ញៀវទេសចរអាចជួលម៉ូតូ ជិះតាមដងផ្លូវតូចៗ រួចចូលទៅភូមិដាច់ស្រយាលស្ថិតនៅតាមចង្កេះភ្នំ។ នៅតាមដងផ្លូវ ភ្ញៀវទេសចរពិតជានឹងជួបប្រទះនូវផ្ទះតូចៗដ៏ស្រស់ស្អាត ដែលព័ទ្ធជុំវិញដោយផ្កាជាច្រើនប្រភេទរីកបង្អួតសម្រស់។ នៅតាមដងផ្លូវ ភ្ញៀវទេសចរអាចថតរូបតាមចំណង់ចិត្តដោយផ្កាព្រៃ រីករហង់នៅក្បែរផ្លូវ។ ប្រៀបដូចស្ថានសួគ៌នៃប្រភេទផ្កា ម៉្លោះហើយភ្ញៀវទេសចរអាចគយគន់តាមចិត្តសម្រស់បុប្ផាគ្រប់ទីកន្លែងនៅក្រុងខ្ពង់រាបនេះ។
សម្រស់បុប្ផានៅដាឡាត។
ទោះជាមានផ្ទៃដីតូច ប៉ុន្តែដាឡាតមានមន្តស្នេហ៍ទាក់ទាញភ្ញៀវទេសចរ ដោយសារមានគោលដៅទេសចរណ៍ស្ទើររាប់មិនអស់។ នោះគឺល្អាងភ្នំសាងស្នេហ៍ បឹងសុ៊យវ៉ាង Langbiang មណ្ឌលសមាធិត្រុកឡឹម ឬហាងកាហ្វេដែលយុវវ័យតែងទៅរក ដូច៖ មៃ៉ឡាងថាង Lululola ។ល។ ដើម្បីស្តាប់តូរ្យតន្ត្រីបណ្តើរ និងទស្សនាព្រះអាទិត្យរៀបអស្ដង្គតផុតកំពូលភ្នំបណ្តើរ។ ឬក៏គ្រាន់តែភ្លក់រសជាតិកាហ្វេ និងទស្សនាពពករសាត់អណ្តែតតាមខ្យល់ តំណត់ភ្លៀងធ្លាក់នៅតាមហាងកាហ្វេចង្កេះភ្នំ ។ល។ ពិសេស អារម្មណ៍ស្រស់ស្រាយបំផុត ពេលបានអង្គុយគយគន់ផ្ទៃទឹកបឹងហូស្វឹងហឿង នាពេលព្រះអាទិត្យទម្លាក់ស្បៃរាត្រី។
ដាឡាតតែងមានភាពផ្លាស់ថ្មីរហូត ដោយមានល្បែងឆ្លងកាត់ល្បាក់ទឹក ឬតោងខ្សែយោលទោងនៅព្រៃស្រល់ ប្រមាញ់ពពកនៅស្ពានឈើ បើកម៉ូតូនៅលើសណ្ឋានដីដ៏ចំណាប់អារម្មណ៍ ។ល។ នោះគឺជាគោលដៅគប្បីទៅនៅពេលមានអារម្មណ៍រីករាយ៕
ហាថាញ-វិមាន