គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង បានរួមជាមួយនឹងខេត្តកំពត (ព្រះរាជាណាចក្រកម្ពុជា) រៀបចំកិច្ចប្រជុំបូកសរុបបណ្ដោះអាសន្ន លទ្ធផលកិច្ចសហប្រតិបត្តិការ ៣ ឆ្នាំ ២០១៩–២០២១ និងទិសដៅអនុវត្តការងារឆ្នាំបន្ត នៅទីស្នាក់ការគណៈកម្មាធិការរដ្ឋបាលខេត្តកំពត។
សមមិត្ត ឡឹមមិញថាញ់ (អង្គុយខាងឆ្វេង) និងឯកឧត្តមម៉ៅ ធនិន (អង្គុយខាងស្ដាំដៃ) ចុះហត្ថលេខាលើរបាយការណ៍បូកសរុបបណ្ដោះអាសន្ន លទ្ធផលកិច្ចសហប្រតិបត្តិការ ៣ ឆ្នាំ២០១៩-២០២១ និងទិសដៅសហប្រតិបត្តិការឆ្នាំបន្ត រវាងខេត្តគៀងយ៉ាង និងខេត្តកំពត។
ក្នុងកិច្ចប្រជុំ សមមិត្ត ឡឹមមិញថាញ់ អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង បានអះអាង៖ ខេត្តគៀងយ៉ាងតែងអនុវត្តនូវគោលនយោបាយឥតងាករេ មិនបង្អង់ពង្រឹងពង្រីកនិងអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងខេត្តកំពត សំដៅអភិវឌ្ឍខ្លាំងជាងទៀតលើគ្រប់វិស័យ តាមតម្រូវការដាក់ចេញរវាងរដ្ឋាភិបាលវៀតណាមនិងកម្ពុជា បានចុះហត្ថលេខាជាមួយនឹងគោលលំនាំ “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរយូរអង្វែង”។
ឯកឧត្តម ម៉ៅធនិន អភិបាលខេត្តកំពត បានវាយតម្លៃ៖ រយៈពេល ៣ ឆ្នាំកន្លង លទ្ធផលជាវិជ្ជមានដែលភាគីទាំងពីរសម្រេចបាន គឺមានសារៈសំខាន់ខ្លាំងណាស់ បង្កលក្ខណសម្បត្តិងាយស្រួលដើម្បីខេត្តទាំងពីរបន្តសម្រេចបាននូវជំហានថ្មី រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរ។ លទ្ធផលដែលសម្រេចបាន ជួយដល់ខេត្តទាំងពីរកាន់តែជិតស្និទ្ធនឹងគ្នាថែមទៀត រក្សាចំណងសាមគ្គីភាពនិងមិត្តភាពកាន់តែស្អិតល្មួតថែមទៀត។ល។
យោងតាមរបាយការណ៍ កិច្ចសហប្រតិបត្តិការ ជំរុញដំណើរការទេសចរណ៍ ក៏បានភាគីទាំងពីរយកចិត្តទុកដាក់អនុវត្ត បង្កលក្ខណសម្បត្តិជូនអាជីវកម្មទេសចរណ៍ខេត្តគៀងយ៉ាងនិងអាជីវកម្មទេសចរណ៍ខេត្តកំពត បើកជើងទេសចរណ៍ នាំភ្ញៀវមកទេសចរណ៍តាមផ្លូវគោកដោយឆ្លងកាត់ច្រកទ្វារអន្តរជាតិហាតៀង-ព្រែកចាក។ ចំពោះការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន ភាគីទាំងពីរបានសហការ និងបង្កលក្ខណសម្បត្តិងាយស្រួលសម្រាប់ស្ថាប័នសមត្ថកិច្ចអនុវត្តការងារខ័ណ្ឌសីមាព្រំដែនដីគោកវៀតណាម-កម្ពុជា។ មកទល់សព្វថ្ងៃ ភាគីទាំងពីរបានឯកភាពនិងបោះបង្គោលព្រំដែនសំខាន់ៗបាន ២៣/២៨ បង្គោលបន្ទាប់បន្សំ ៨០/៨០ បង្គោលតម្រុយព្រំដែន ៤/៤៕
យោងតាមកាសែតគៀងយ៉ាង-ថាច់ធី