នាយកដ្ឋានដាំដុះចំណុះក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានសហការជាមួយនឹងអង្គការអភិវឌ្ឍន៍ប្រទេសហូឡង់ (SNV) រៀបចំសិក្ខាសាលាផ្ដើមដំណើរការថ្នាក់ជាតិ លើគម្រោងផ្លាស់ប្តូរសង្វាក់តម្លៃស្រូវអង្ករ ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅវាលរាបទន្លេគឺវឡុង។
ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
គម្រោងខាងលើ គ្រោងនឹងអនុវត្តនៅតាមភូមិភាគដែលមានទំហំផ្ទៃដីធំ ផលិតស្រូវនៅវាលរាបទន្លេគឺវឡុង (ដូច៖ ខេត្តគៀងយ៉ាង អាងយ៉ាងនិងដុងថាប) ចាប់ពីឆ្នាំ ២០២២-២០២៧។ ក្នុងគោលបំណងសំដៅលើកស្ទួយការចងសម្ព័ន្ធនៃសង្វាក់តម្លៃស្រូវអង្ករ បង្កើនប្រាក់ចំណូលដល់គ្រួសារកសិករនិងបង្កើនវិធានការព្រមទាំងបច្ចេកវិទ្យាឆ្លាតវៃដើម្បីផលិតស្រូវដោយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទាបនិងកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ ពោល គឺគម្រោងប្រើប្រាស់យន្តការផ្ដល់ជូនរង្វាន់ផ្អែកលើផលិតផល លើកទឹកចិត្តនិងទាក់ទាញការចូលរួមសហការពីភ្នាក់ងារទាំងឡាយក្នុងសង្វាក់តម្លៃស្រូវអង្ករ ពិសេសរវាងកសិករ និងអា ជីវកម្ម ដើម្បីជំរុញបើកទូលាយការអនុវត្តដោយទ្រង់ទ្រាយធំនៃបច្ចេកវិទ្យាផលិតស្រូវជឿនលឿន។ ឆ្លងតាមរយៈនោះ បង្កើតការផ្លាស់ប្តូរផលិតកម្មនិងអាជីវកម្ម ស្រូវអង្ករតាមទិសដៅចីរភាព បន្សាំនឹងការប្រែប្រួលអាកាសធាតុ និងនាំមកនូវតម្លៃប្រកបដោយបរិយាបន្ន។ ជាក់ស្តែងដូច៖ ជួយផ្តល់តម្លៃសេដ្ឋកិច្ចខ្ពស់សម្រាប់កសិករជាលក្ខណៈគ្រួសារ និងភ្នាក់ងារទាំងអស់ក្នុងសង្វាក់តម្លៃ លើកកម្ពស់គុណភាពស្រូវអង្ករ និងសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការពារបរិស្ថានជាដើម។
យោងតាមនាយកដ្ឋានដាំដុះចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ តាមការគ្រោងទុក គម្រោងនឹងឧបត្ថម្ភពង្រីកមុខរបររកស៊ីដល់កសិករផលិតស្រូវប្រមាណ ៣០០.០០០ គ្រួសារ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនប្រមាណ ២០០.០០០ តោន កាត់បន្ថយកាកសំណល់គីមី ២០-៣០% ប្រិតសំចៃប្រាក់ចំណាយទៅលើការវិនិយោគប្រមាណ ១៥% ៘ ទន្ទឹមនឹងនោះ លើកជាសំណើនូវទម្រង់និងវិធានការផលិតស្រូវ ដោយកាត់បន្ថយការបំភាយឧស្ម័នផ្ទះ កញ្ចក់ត្រូវបានអនុវត្ត និងធ្វើការពិនិត្យទទួលស្គាលជាលក្ខណៈអន្តរជាតិ សំដៅបើកទូលាយនៅប្រទេសយើង៕
វ៉ាន់កុង-លីសៀ