យោងតាមគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ការអនុវត្តគោលនយោបាយជនជាតិនៅលើភូមិសាស្រ្តក្រុង សម្រេចបានលទ្ធផលជាវិជ្ជមានជាច្រើន។ នេះជាបុព្វបទដើម្បីក្រុងជំរុញការអនុវត្តនូវគោលនយោបាយជនជាតិក្នុងពេលខាងមុខ។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទនៅតំបន់ជនជាតិភាគតិចក្រុងកឹងធើ កាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
តាមការកត់សម្គាល់របស់ផ្នែកជាប់ពាក់ព័ន្ធនានា តំបន់ជនជាតិភាគតិចនៅលើភូមិសាស្រ្តក្រុង បាននិងកំពុងផ្លាស់ប្ដូរមុខមាត់យ៉ាងខ្លាំង។ ឆ្លងតាមរយៈនោះ ភូមិ ឃុំទាំង ១០០% សុទ្ធសឹងមានផ្លូវកៅស៊ូ ឬបេតុង រថយន្តអាចបើកបរចូលដល់មជ្ឈមណ្ឌល ធានាការធ្វើដំណើរបានងាយស្រួល បំផុតគឺក្នុងរដូវភ្លៀង។ គ្រួសារជនជាតិភាគតិចទាំង ១០០% បានប្រើប្រាស់បណ្តាញអគ្គិសនីជាតិ និងប្រើប្រាស់អគ្គិសនីសុវត្ថិភាព។ អត្រាគ្រួសារជនជាតិភាគតិចមានទឹកស្អាតប្រើប្រាស់ស្របអនាម័យសម្រេច ៩៩,៧%; គ្រួសារជនជាតិភាគតិចទាំង ១០០% មានមធ្យោបាយសោតទស្សន៍ បានកៀកជិតនឹងសេវាកម្មទូរគមនាគមន៍ បច្ចេកវិជ្ជាព័ត៌មាន បម្រើដល់តម្រូវការផលិតកម្ម ប្រជុំជីវភាព។ ដំណាក់សុខាភិបាលឃុំ សង្កាត់ ទីប្រជុំជនទាំង ១០០% ត្រូវបានសាងសង់រឹងមាំនិងសម្រេចបទដ្ឋានជាតិ។ បន្ទប់រៀននៅតំបន់ជនជាតិភាគតិចក៏ត្រូវបានសាងសង់រឹងមាំ ១០០%។ មកដល់បច្ចុប្បន្ន នៅលើភូមិសាស្រ្តក្រុងនៅមានគ្រួសារក្រីក្រត្រឹមតែ ១៥២ គ្រួសារប៉ុណ្ណោះ ស្រូបអត្រា ១,៥៨% នៃចំនួនគ្រួសារជនជាតិភាគតិចទូទាំងក្រុង។
មួយជ្រុងនៃផ្លូវគមនាគមន៍ជនបទនៅភូមិថើយត្រឿង ២ ឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ។
សម្រេចបានលទ្ធផលខាងលើ តាមប្រសាសន៍ លោកហូវ៉ាន់ភឿង អនុប្រធានគណៈជនជាតិក្រុងកឹងធើ រាល់គោលនយោបាយសម្រាប់ជនជាតិភាគតិចនៅលើភូមិសាស្រ្តក្រុង ត្រូវបានគណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយអនុវត្តយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាព បានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម វប្បធម៌ អប់រំ សុខាភិបាល បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រ។ លទ្ធផលខាងលើ ក៏ជាបុព្វបទដ៏សំខាន់ដើម្បីក្រុងអនុវត្តផែនការលេខ ១៣៨/KH-UBND ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២២ របស់គណៈកម្មាធិការប្រជាជនក្រុងកឹងធើ អនុវត្តយុទ្ធសាស្រ្តការងារជនជាតិ ដំណាក់កាល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ នៅលើភូមិសាស្រ្តក្រុងកឹងធើ (ហៅកាត់ថា ផែនការលេខ ១៣៨)។
តាមផែនការលេខ ១៣៨ ខិតខំដល់ឆ្នាំ ២០២៥ អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចនៅត្រឹម ០,៥% ចុះមកនៃចំនួនគ្រួសារជនជាតិភាគតិចទូទាំងក្រុង។ ក្រុងនឹងដោះស្រាយដាច់ស្រឡះនូវស្ថានភាពខ្វះដីសង់ផ្ទះ និងសាងសង់ផ្ទះជូនជនជាតិភាគតិច។ល។ ដល់ឆ្នាំ ២០៣០ ខិតខំក្នុងជនជាតិភាគតិច ជាសារវន្តគ្មាននៅគ្រួសារក្រីក្រ គ្មាននៅស្ថានភាពផ្ទះបណ្ដោះអាសន្ន ផ្ទះទ្រុឌទ្រោម។ល។ ដល់ឆ្នាំ ២០៤៥ ក្រុងខិតខំឱ្យជនជាតិភាគតិចមានកម្រិតប្រាក់ចំណូលមធ្យមភាគ សម្រេចជិតស្មើនឹងកម្រិតមធ្យមភាគរួមរបស់ក្រុង។ ជាសារវន្ដគ្មាននៅគ្រួសារក្រីក្រ; ប្រជាជនបានកៀកជិតនូវសេវាសង្គមមូលដ្ឋានបានគ្រប់សព្វ។ នៅតាមឃុំ សង្កាត់តំបន់ជនជាតិភាគតិចមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងជីវភាពរបស់ប្រជាជនបានល្អ។
ដើម្បីអនុវត្តនូវទិសដៅខាងលើ ក្រុងបានដាក់ចេញនូវវិធានការអនុវត្ត។ ឆ្លងតាមរយៈនោះ ក្រុងនឹងបន្តជំរុញការងារផ្សព្វផ្សាយ ដើម្បីកម្មាភិបាល ប្រជាជនយល់ច្បាស់ពីទស្សនៈមិនងាករេរបស់បក្សនិងរដ្ឋអំពីជនជាតិ។ ផ្តើមពីនោះ លើកកម្ពស់ការយល់ដឹងនិងម្ចាស់ការអនុវត្តមានប្រសិទ្ធភាពនូវយុទ្ធសាស្រ្តការងារជនជាតិរបស់មន្ទីរ គណៈ ផ្នែក និងខណ្ឌ ស្រុក នៅលើភូមិសាស្រ្តក្រុង។ ក្រុងនឹងកៀរគររាល់ប្រភពកម្លាំងផ្អែកលើមូលដ្ឋានថវិកាក្រុងដើរតួនាទីនាំមុខ អាចធានានិងមានស្ថិរភាពក្នុងរយៈពេលច្រើនឆ្នាំ; ទន្ទឹមនឹងនោះ ធ្វើពិពិធកម្មប្រភពកម្លាំងពីអាជីវកម្មនិងប្រជាជន ដើម្បីអនុវត្តសម្រេចនូវទិសដៅនៃផែនការលេខ ១៣៨ ៕
ថាញឡុង-វិមាន