ស្រុកផុងដៀង ក្រុងកឹងធើ កំពុងជំរុញសកម្មភាពផ្សព្វផ្សាយ ដើម្បីទេសចរណ៍របស់ស្រុកមានភាពរីកចម្រើន។
ការមកទស្សនានិងហូបផ្លែឈើនៅនឹងចម្ការកំពុងជាតម្រូវការដែលភ្ញៀវទេសចរជាច្រើនជ្រើសពេលមកទេសចរណ៍នៅស្រុកផុងដៀង។
សកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើន ដែលទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយរបស់ស្រុកផុងដៀងរយៈពេលជិតៗនេះ គឺ”ផ្សារណាត់ផ្លែឈើរបស់កសិករ ស្រុកផុងដៀង លើកទី១ ឆ្នាំ ២០២២”។ មានចំនួន ៣២ ល្វែងដាក់តាំងកសិផលពិសេសគ្រប់ប្រភេទនៃទឹកដីសម្បូរទៅដោយផ្លែឈើ ត្រូវបានចាត់ទុកដូចជា ”អាណាចក្រផ្លែឈើ” នៅក្រុងកឹងធើ។ នេះក៏ជាដំណាក់កាលផ្លែឈើសំខាន់ៗគ្រប់ប្រភេទរបស់ស្រុកផុងដៀង ឈានចូលរដូវប្រមូលផល មានដូច៖ ផ្លែទុរេន Ri៦ មង្ឃុត សាវម៉ាវ មៀន Ido ផ្ញៀវខៀវ ផ្ញៀវថៃ។ល។ អ្នកទេសចរឈ្មោះ ថាយធីញ៉ាង នៅរដ្ឋធានីហាណូយ ឱ្យដឹង៖ “ខ្ញុំបានមកទេសចរណ៍នៅកឹងធើចំឱកាសដែលស្រុកផុងដៀងរៀបចំផ្សារណាត់ផ្លែឈើ បានជាខ្ញុំសំណូមពរ មគ្គុទេសក៍ទេសចរណ៍នាំចូលទៅទស្សនា ទិញផ្លែឈើធ្វើជាអំណោយជូនដល់សាច់ញាតិ។ ទិញផ្លែឈើនៅទីនេះ គឺផ្លែនៅស្រស់ៗ ហើយតម្លៃសមរម្យទៀត”។
ល្វែងដាក់តាំងផលិតផលនៅផ្សារណាត់។
ជាអ្នកទេសចរមកពីរដ្ឋធានីហាណូយ ដែលចូលចិត្តហូបផ្លែមង្ឃុត បងស្រី វ៉ូវធីហា បានប្រាប់ឱ្យមគ្គុទេសក៍ទេសចរណ៍នាំទៅមើលដើមមង្ឃុតតើមានរូបរាងយ៉ាងណា។ មគ្គុទេសក៍ទេសចរណ៍បានពឹងអ្នកស្គាល់ម្នាក់ជូនភ្ញៀវចូលទៅចម្ការមង្ឃុតដែលកំពុងប្រមូលផល។ បងស្រីហា ឱ្យដឹង៖ “បានបេះផ្លែមង្ឃុតទុំ ខ្ញុំចូលចិត្តខ្លាំងណាស់ មិននឹកស្មានថា ប្រភេទផ្លែឈើនេះពិបាកបេះដល់ម្លុឹងសោះ។ ផ្លែនៅមែកខ្ពស់ៗ ក្រោយពីឃើញមួយប៉ប្រិចភ្នែក ក៏បាំងស្លឹកបាត់ស្ទើរតែរកមិនឃើញ គួរឱ្យចូលចិត្តខ្លាំងណាស់!”។
តាមប្រសាសន៍ លោកង្វៀងទ្រុងង៉ៀ ប្រធានគណៈកម្មាធិការប្រជាជនស្រុកផុងដៀង ទន្ទឹមនឹងអភិវឌ្ឍន៍ទេសចរណ៍បៃតង គឺការកសាងយីហោផ្លែឈើគ្មានសំណល់ជាតិគីមី។ ក្រៅពីផ្លែទឹកដោះត្រឿងខឿង A ផ្ញៀវហាចូវ ទុរេន Ri៦ ផុងដៀង។ល។ ស្រុកនឹងបន្តការកសាងយីហោផ្លែឈើគ្មានសំណល់ជាតិគីមីជាច្រើនប្រភេទទៀតដែលដាំនៅស្រុកផុងដៀង ដើម្បីធានាសុខភាពដល់អ្នកទទួលទាន។ ជាពិសេស គឺធានាច្រកចេញមានប្រាក់ចំណេញជូនកសិករ។ ដ្បិតអីសព្វថ្ងៃ ផ្ទៃដីកសិកម្មភាគច្រើនរបស់ស្រុកផុងដៀងត្រូវបានកសិករដាំឈើហូបផ្លែ។
បងស្រីង្វៀងធីប៊ិចត្រឹម ជាមគ្គុទេសក៍ទេសចរណ៍ ឱ្យដឹង៖ “ពេលជ្រើសជើងទេសចរណ៍មកស្រុកស្រែចម្ការ ភ្ញៀវទេសចរភាគច្រើនតែងជ្រើសជើងទេសចរណ៍បៃតង ផ្សារភ្ជាប់នឹងស្រុកស្រែចម្ការ មានផ្លែឈើគ្មានសំណល់ជាតិគីមី ដើម្បីទទួលទានផងនិងទិញយកទៅស្រុកផង។ ព្រោះហេតុនោះ ចម្ការផ្លែឈើពេលរដូវប្រមូលផល តែងមានភ្ញៀវទេសចរមកទស្សនា និងបេះផ្លែឈើដោយផ្ទាល់ដៃ។ គួរឱ្យស្ដាយ សព្វថ្ងៃតិចមានអ្នកដាំចម្ការធំៗបើកឱ្យភ្ញៀវទេសចរចូលទស្សនានៅរដូវប្រមូលផល”៕
ហាថាញ - ថាច់ធី