ផ្តើមពីការស្រឡាញ់ចូលចិត្តកីឡាប្រណាំងទូក-ង លោកគឹមគ្រប់ នៅភូមិអាងញើុង ឃុំថើយអាងហោយ ស្រុកកេសាច់ ខេត្តសុកត្រាំង បានព្យាយាមសិក្សាពីរបៀបរចនាប្លង់និងក្លាយជាងបោះទូក-ង ដ៏ល្បីឈ្មោះ។ ទូក-ងដែលលោកគឹមគ្រប់បោះ សុទ្ធតែទទួលបានជ័យជម្នះនៅរាល់លើកប្រណាំង ដូច្នេះហើយបានជាកេរ្តិ៍ឈ្មោះ "គឹមគ្រប់ ជាងបោះទូក-ង" ក៏មានការល្បីល្បាញកាន់តែឆ្ងាយ។
លោកគឹមគ្រប់ នៅតែអស់ពីចិត្តជាមួយទូក-ង។
កាលនៅក្មេង លោកគឹមគ្រប់ ជាកីឡាករផ្លុំកញ្ចែដ៏ល្បីឈ្មោះរបស់ទូក-ងវត្តពោធិ៍ថ្លឹង នៅឃុំថើយអាងហោយ។ ទូក-ងវត្តពោធិ៍ថ្លឹង ជាទូកមួយដែលសម្រេចបានស្នាដៃច្រើនបំផុតរបស់ស្រុកកេសាច់។ ផ្តើមពីការស្រឡាញ់ចូលចិត្តកីឡាប្រណាំងទូក-ង ដូច្នេះ គាត់ទៅសុំរៀនរបៀបបោះទូក-ង ពីជាងម្នាក់នៅស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង។ ដំបូងគាត់បោះទូក-ងវត្តពោធិ៍ថ្លឹង ពេលចូលរួមប្រណាំងក្នុងពិធីប្រណាំងទូក-ងខេត្តសុកត្រាំង ក៏ទទួលបានជ័យលាភីលេខ២។ ចាប់ពីពេលនេះកេរ្តិ៍ឈ្មោះ “ជាងបោះទូក-ងគឹមគ្រប់” ត្រូវបានខេត្តក្រុងនានាដឹងស្គាល់និងមករក។ លោកគឹមគ្រប់ បានឱ្យដឹង៖ “បោះទូក-ងខុសពីបោះទូកធម្មតា ព្រោះឈើដែលយើងជ្រើសរើសបោះទូក-ង យកតែសាច់ឈើខាងក្រៅ ចោលបណ្តូលខាងក្នុង។ ឈើសម្រាប់បោះទូកមានអាយុកាលច្រើនឆ្នាំកាន់តែល្អ ដូច្នេះ ពិបាកបំផុត គឺជ្រើសរកទិញឈើ។ ខ្ញុំបោះទូកភាគច្រើនគឺប្រើឈើគគីរ ម៉្លោះហើយទូកប្រើប្រាស់បានច្រើនឆ្នាំ”។
ដើម្បីរកបានឈើល្អមកបោះទូក លោកគឹមគ្រប់ ត្រូវទៅរកទិញនៅខេត្តអាងយ៉ាង តៀងយ៉ាង ចួនកាលទៅដល់កម្ពុជាក៏សឹងមាន។ មកទល់នឹងពេលនេះ លោកក៏មិនចាំច្បាស់ថា បានបោះទូក-ងឱ្យវត្តប៉ុន្មាននោះទេ គ្រាន់តែចាំថា បានបោះទូក-ងឱ្យខេត្តត្រាវិញច្រើនបំផុត។ លោកគឹមគ្រប់ ឱ្យដឹង៖ “ទូក-ងវត្តពិសីវរារាម ស្រុកកាងឡុង ខេត្តត្រាវិញ ទទួលបានជ័យជម្នះក្នុងរយៈកាល ១៥ ឆ្នាំមកនេះ គឺអាស្រ័យខ្ញុំជាអ្នកបោះ។ ទូក-ងដែលមានល្បឿនលឿនឬយឺត ក្រៅពីអ្នកអុំ ដងសន្ទួចគឺជាកត្តាដ៏សំខាន់។ ទូក-ងមានប្រវែងពី៣០- ៣២ ម៉ែត្រ ដូច្នេះ ការជ្រើសឈើធ្វើដងសន្ទួចគឺត្រូវមានអាយុកាលច្រើនឆ្នាំ ពេលយកមកត្រូវដាក់ហាលក្នុងផ្ទះរយៈពេលពី១-២ ឆ្នាំឱ្យឈើស្ងួតទើបចងធ្វើជាសន្ទួចទូក-ង”។
លោកគឹមគ្រប់ ជាអត្តពលិកនិងជាគ្រូបង្វឹកទូក-ង ម៉្លោះហើយគាត់យល់ច្បាស់អំពីទូក-ង។ ដូច្នេះពេលបោះទូក-ង គាត់ប្រិតប្រៀនតាំងពីគំរូប្លង់ ជ្រើសបន្ទះក្តារបោះយ៉ាងហ្មត់ចត់។ ហេតុនេះ ទូកដែលគាត់បោះប្រើប្រាស់បានយូរ និងមានល្បឿនលឿន។ នៅបណ្តាឆ្នាំ ១៩៩០ ទូក-ងវត្តពោធិ៍ថ្លឹងដែលគាត់បោះធ្លាប់ល្បីឈ្មោះ ក្នុងមជ្ឈដ្ឋានកីឡាប្រណាំងទូក-ងខេត្តសុកត្រាំង និងអន្តរជាតិ។ លោកគឹមគ្រប់ និងទូក-ងវត្តពោធិ៍ថ្លឹង ធ្លាប់ទៅចូលរួមប្រណាំងក្នុងពិធីប្រណាំងទូក-ងអន្តរជាតិ អាស្រ័យប្រទេសថៃចាត់តាំងនិងទទួលបានលទ្ធផលខ្ពស់។ បច្ចុប្បន្ន ទូក-ងវត្តពោធិ៍ថ្លឹង ដែលទទួលបានជ័យលាភី អន្តរជាតិនោះ ក៏បានជូនដល់សារមន្ទីរខេត្តតីង្វៀន។ លោកគឹមគ្រប់ សំណេះសំណាល៖ “ទូក-ងគឺជាវិញ្ញាសាកីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរ ត្រូវបានទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបីថ្នាក់ជាតិ ម៉្លោះហើយជាមោទនភាពរបស់ជនជាតិខ្មែរ”៕
យ្វីអាញ-មុនី