យោងតាមអ្នកជំនាញការខាងសុខភាព ចេកមានរសជាតិឆ្ងាញ់ និងសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ រួមមាន ម៉ង់ហ្គាណែស ម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C និង B6 និងសមាសធាតុរុក្ខជាតិមានប្រយោជន៍ជាច្រើនទៀត។ ខាងក្រោមនេះគឺអ្វីដែលកើតឡើងចំពោះរាងកាយរបស់អ្នកនៅពេលអ្នកញុាំចេកមួយផ្លែក្នុងមួយថ្ងៃ៖
រូបជាឧទាហរណ៍។
+លើកកម្ពស់សុខភាពពោះវៀន៖ ទោះបីមានយុទ្ធសាស្ត្រជាច្រើនសម្រាប់ការញុាំមានប្រយោជន៍បំផុតសម្រាប់សុខភាពពោះវៀន តែមានវិធីសាមញ្ញមួយគឺញុាំចេក។ យោងតាមការសិក្សាមួយដែលចុះផ្សាយក្នុងទស្សនាវដ្តី Journal of Nutrition Bulletin ផ្លែចេកមានផ្ទុកជាតិម្សៅទប់ទល់។ នេះគឺជាប្រភេទម្សៅដែលមានប្រសិទ្ធភាពក្នុងការផលិតអាស៊ីតខ្លាញ់សង្វាក់ខ្លី ដែលមានសារៈសំខាន់សម្រាប់សុខភាពពោះវៀន។ ដូច្នេះហើយ ការទទួលទានផ្លែចេក ជួយផ្តល់សារធាតុចិញ្ចឹមដល់ពោះវៀនផង និងជួយរក្សាលំនឹងសុខភាពពោះវៀនផង។
+ជួយសម្រកទម្ងន់ដ៏ល្អ៖ ដោយសារតែវាមានជាតិសរសៃ និងប្រូតេអីុនខ្ពស់ ចេកជួយឱ្យអ្នកឆ្អែតបានយូរ ទោះបីជាចេកមួយដុំផ្តល់ថាមពលតែជាង ១០០ កាឡូរីក៏ដោយ។
+ធ្វើអោយស្បែកមានសុខភាពល្អ៖ នៅពេលអ្នកគិតដល់អាហារជួយកែលម្អស្បែក អ្នកប្រហែលជាគិតដល់ត្រីសាម៉ុង ផ្លែបឺរ ឬគ្រាប់ផ្លែខួរក្បាល ប៉ុន្តែចេកក៏មានប្រយោជន៍សម្រាប់ស្បែកផងដែរ។ នោះក៏ព្រោះតែផ្លែចេកសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែ ជាពិសេស គឺម៉ង់ហ្គាណែស ដែលជួយបង្កើនកូឡាជែន ជាធាតុផ្សំដ៏សំខាន់សម្រាប់ស្បែកមានសុខភាពល្អ។ មិនថាអ្នកមានបញ្ហាសើស្បែកយ៉ាងណាទេ ដូចជាកើតមុន ស្នាមជ្រីវជ្រួញ ស្បែកស្ងួត ការញុាំចេកមួយផ្លែក្នុងមួយថ្ងៃក៏អាចជួយពង្រឹងសុខភាពស្បែកបាន។
+បង្កើនកម្រិតថាមពលរាងកាយ៖ ចេកជាអាហារបង្កើនថាមពលដ៏មានប្រសិទ្ធភាព ជាពិសេសនៅពេលទទួលទានមុនឬក្រោយពេលហាត់ប្រាណ ហើយក៏ជួយប្រឆាំងភាពនឿយហត់ពេញមួយថ្ងៃផងដែរ។ យោងតាមការសិក្សាដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី PLOS One គឺអត្តពលិកបុរសដែលទទួលទានភេសជ្ជៈប៉ូវកម្លាំងរៀងរាល់ ១៥ នាទីម្តង មានលទ្ធផលអន់ជាងក្នុងការប្រណាំងកង់ចម្ងាយផ្លូវឆ្ងាយជាងអ្នកដែលញុាំចេក និងផឹកទឹក។ អ្នកជំនាញការបានបញ្ជាក់ថា លទ្ធផលទាំងនេះ បង្ហាញពីការជាប់ទាក់ទងផ្ទាល់រវាងការទទួលទានចេក និងការបង្កើនកម្រិតថាមពលលើការបំពេញការងារ។
+បង្កើនសុខភាពបេះដូង៖ មនុស្សភាគច្រើនមិនទទួលទានប៉ូតាស្យូមគ្រប់គ្រាន់ក្នុងរបបអាហារប្រចាំថ្ងៃ។ នេះអាចប៉ះពាល់ផ្ទាល់ដល់ការគ្រប់គ្រងសម្ពាធឈាម និងសមាសភាពផ្សេងទៀតនៃសុខភាពបេះដូង។ ក្នុងពេលនោះ ចេកសម្បូរប៉ូតាស្យូម ដូច្នេះគួរឧស្សាហ៍ទទួលទានផ្លែឈើនេះ ដើម្បីជួយលើកកម្ពស់សុខភាពបេះដូង។ យោងតាម Healthline របបអាហារសម្បូរប៉ូតាស្យូម ដូចជាការទទួលទានចេកមួយផ្លែក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូងបាន ២៧% ។
+កែលម្អសមត្ថភាពមើលដល់ភ្នែកទាំងថ្ងៃនិងយប់៖ យោងតាមវិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិក ផ្លែចេកមានផ្ទុកនូវវីតាមីន A ដែលជាសារធាតុចិញ្ចឹមសំខាន់ៗបីយ៉ាង ជួយការពារភ្នែក រក្សាសមត្ថភាពមើល និងកែលម្អសមត្ថភាពមើលដល់ភ្នែកនាពេលយប់។ ប្រសិនបើអ្នកខ្លាចទទួលទានការ៉ុតច្រើនពេក អាចបណ្តាលឱ្យស្បែករបស់អ្នកប្រែទៅពណ៌ទឹកក្រូច អ្នកអាចកែលម្អសមត្ថភាពមើលដល់ភ្នែកដោយទទួលទានចេកមួយផ្លែក្នុងមួយថ្ងៃ។
គួរចំណាំ៖ មិនថាអាហារណានោះទេ បើញុាំច្រើនពេក ទោះជាអាហារដែលល្អដល់សុខភាពដូចជាចេក ក៏ងាយនឹងកើនទម្ងន់ឬកង្វះសារធាតុចិញ្ចឹមណាមួយជាពុំខាន។ ដូច្នេះហើយ អ្នកគួរតែញុាំចេកពី ១-២ ផ្លែក្នុងមួយថ្ងៃប៉ុណ្ណោះ៕
អាងញៀង (យោងតាម Eatthis) - សុផន