21/02/2022 - 08:33

ធានា​សុវត្ថិ​ភាព​ដល់​សិស្សា​នុ​សិស្ស​វិល​មក​កាន់​សាលា​ឡើង​វិញ​

យោង​តាម​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ផ្នែក​អប់រំ​បាន​ចង្អុល​ការ​គ្រប់​ការិ​យាល័យ​អប់រំ និង​សាលា​រៀន​ក្រោម​ឱវាទ​ ត្រៀម​លក្ខណៈ​សម្រាប់​សិស្សា​នុសិស្ស​វិល​មក​កាន់​សាលា​ឡើង​វិញ​ ចាប់​ពីមុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ ២០២២។​ អា​ស្រ័យ​ហេតុ​នោះ​ សប្តាហ៍​ដំបូង​ក្រោយ​ពីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ភ្លាម​ សិស្សា​នុ​សិស្ស​បាន​មក​កាន់​សាលា​ច្រើន​កុះ​ករ ម៉ោង​រៀន​ត្រូវ​បាន​រៀប​ចំ​ល្អ​។​

សិស្ស​អនុ​វិទ្យា​ល័យ​ដុង​ហ៊ីប ចេញ​លេង​ទីធ្លាសាលា​។​

លោក​ង្វៀង​វ៉ាន់​ជី ប្រ​ធាន​ការិ​យាល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​ធើយ​ឡាយ​ ឱ្យ​ដឹង​៖ “ការិយា​ល័យ​អប់រំ​បាន​បង្កើត​ក្រុម​ការ​ងារ​ ចុះ​ត្រួត​ពិនិត្យ​ការ​ត្រៀម​លក្ខណៈ​ទទួល​សិស្សា​នុសិស្ស​វិល​កាន់​សាលា​ឡើង​វិញ​ក្រោយ​ពីបុណ្យ​ចូល​ឆ្នាំ​ថ្មី​។​ ផ្នែក​អប់​រំបាន​សំ​ណូម​ពរ​គ្រប់​សាលា​រៀន​ត្រូវ​ធ្វើ​ការ​បោស​សម្អាត​បន្ទប់​រៀន​ឱ្យ​ស្រឡះ​ស្រឡំ មាន​បន្ទប់​ធ្វើ​ចត្តា​ឡីស័ក​សុខា​ភិបាល​ និង​មាន​កន្លែង​លាង​ដៃ​រម្ងាប់​មេរោគ​ វាស់​កម្តៅ​នៅ​នឹង​ខ្លោង​ទ្វារ​។​ល។​ ផ្នែក​អប់​រំក៏​បាន​សំ​ណូម​ពរ​គ្រូ​បង្រៀន​គ្រប់​វិញ្ញា​សា គ្រូ​បង្រៀន​ប្រ​ចាំ​ថ្នាក់​តាម​ដាន​ថ្នាក់​រៀន​ សិស្សា​នុសិស្ស​ ដើម្បី​រួម​ជាមួយ​សាលា​រៀន​ទប់​ទល់​បាន​ទាន់​ពេល​។​ មក​ទល់​ពេល​នេះ​ ការិ​យាល័យ​អប់រំ​បាន​វាយ​តម្លៃ​ការ​ងារ​ត្រៀម​លក្ខណៈ​ និង​ទទួល​សិស្សា​នុ​សិស្ស​របស់​សាលា​នីមួយ​ៗ​ បាន​ល្អ​ប្រ​សើរ”។​ ព្រម​ជា​មួយ​នោះ​ សាលា​រៀន​នៅ​តំ​បន់​ជន​ជាតិ​ លើ​ភូមិ​សាស្រ្ត​ស្រុក​កើ-ដ ក៏​អនុវត្ត​ល្អ​ការ​ងារ​ទទួល​សិស្សា​នុសិស្ស​ចូល​រៀន​ផ្ទាល់​ផង​ដែរ​ ម្ល៉ោះ​ហើយ​មិន​មាន​ការ​រារែក​ពេល​ប្អូន​ៗ​ចូល​រៀន​។​ លោក​ហ្វិញ​វ៉ាន់​ហ្វាច់ ប្រ​ធាន​ការិ​យាល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​ផ្សព្វ​ផ្សាយ​បញ្ជ្រាប​ដល់​សាលា​នីមួយ​ៗ​ ត្រូវ​តែ​រៀប​ចំ​ឱ្យ​បាន​ហ្មត់​ចត់​ សុវត្ថិ​ភាព​ បន្ទប់​រៀន​ នោះ​ទើប​អា​ណាព្យា​បាល​សិស្ស​ស្ងប់​ចិត្ត​ឱ្យ​កូន​វិល​មក​កាន់​សាលា​ឡើង​វិញ​។​ ប៉ុន្មាន​ថ្ងៃ​ដំបូង​ សិស្សា​នុសិស្ស​មាន​ចំ​នួន​តិច​ ប៉ុន្តែ​កើន​ឡើង​បន្តិច​ម្តង​ៗ​និង​សម្រេច​ផែន​ការ​របស់​សាលា​ក្នុង​ប៉ុន្មាន​ថ្ងៃ​ជិត​ៗ​នេះ​”។​ ម៉ោង​ចេញ​លេង​ សិស្ស​មួយ​ចំ​នួន​នៅ​អនុវិទ្យា​ល័យ​ដុង​ហ៊ីប ស្រុក​កើ-ដ ចេញ​លេង​ទីធ្លា ទោះ​បីថ្ងៃ​ក្តៅ​ខ្លាំង​ក៏​ពិត​មែន​។​ ប្អូន​ដាវតឹង​ដាក សិស្ស​ថ្នាក់​ទី ៦A ឱ្យ​ដឹង​៖  “កូន​ចង់​ទៅ​រៀន​ណាស់​ ម្ល៉ោះ​ហើយ​ពេល​បាន​ចូល​រៀន​ឡើង​វិញ​កូន​ត្រេក​អរ​ខ្លាំង​ណាស់​។​ ពេល​ជូន​កូន​ទៅ​រៀន​ ម៉ែ​តែង​ផ្តាំ​កុំ​ឱ្យ​ដោះ​ម៉ាស់​ឱ្យ​សោះ​ ទោះ​ជាទី​ធ្លា​សាលា​ក្តៅ​ កូន​នៅ​តែពាក់​ម៉ាស់​ជាប់​ជានិច្ច។​ ឃើញ​មិត្ត​ណា​ភ្លេច​ពាក់​ម៉ាស់ គឺ​លោក​គ្រូ​អ្នក​គ្រូ​រំលឹក​ភ្លាម​”។​

លោក​ឡេវ៉ាន់​យុង នាយក​វិទ្យា​ល័យ​ទ្រុង​អាង​ ស្រុក​កើ-ដ ឱ្យ​ដឹង​៖ “សាលា​អនុវត្ត​តាម​កិច្ច​ចង្អុល​ការ​របស់​ផ្នែក​អប់រំ នោះ​គឺ​មិន​ចាប់​បង្ខំ​ឱ្យ​សិស្ស​ចូល​រៀន​ទេ ប្រ​សិន​បើ​ប្អូន​ៗ​និង​អា​ណា​ព្យា​បាល​សិស្ស​មិន​ទាន់​ស្ងប់​ចិត្ត​។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ខណៈ​ឃើញ​សាលា​ត្រៀម​ហ្មត់​ចត់​ គ្រប់​លក្ខឋាន​តាម​ដែល​ផ្នែក​អប់​រំបាន​កំ​ណត់​មុន​ពេល​សិស្ស​វិល​មក​កាន់​សាលា​ឡើង​វិញ​ដូច​៖ មាន​ក្រុម​សុវត្ថិ​ភាព​ COVID-១៩ បន្ទប់​ធ្វើ​ចត្តា​ឡីស័ក បំ​ពាក់​បរិក្ខារ​ ការ​អនា​ម័យ​ ធ្វើ​តេស្ត​ កម្មា​ភិបាល​ពេទ្យ​ក្នុង​សាលា​ប្រ​ចាំ​ការ​ម៉ឺង​ម៉ាត់។​ល។​ ម្ល៉ោះ​ហើយ​អា​ណាព្យា​បាល​សិស្ស​ស្ងប់​ចិត្ត​ឱ្យ​កូន​ទៅ​កាន់​សាលា​រៀន​ផ្ទាល់​”៕​

                                     ហាថាញ-លីសៀ

ចែករំលែកអត្ថបទ