មកកាន់ខេត្តដាក់ឡាក់ ភ្ញៀវទេសចរមិនត្រឹមតែបានពិសាកាហ្វេដ៏ឈ្ងុយឆ្ងាញ់នៅតាមហាងទំនើបៗនៃក្រុងបួងមេទួកប៉ុណ្ណោះទេ នៅទាំងបានបណ្ដែតអារម្មណ៍នឹងសម្រស់ធម្មជាតិនៅបួងដូងដែលមានលក្ខណៈធម្មជាតិសុទ្ធសាធទៀតផង។
ស្ពានយោលឆ្លងទន្លេស្រែពក (រូបថតកាលពីជំងឺ COVID-១៩ មិនទាន់រាតត្បាត)។
ជិះដំរីដើរកម្សាន្តគឺជាសកម្មភាពដ៏អស្ចារ្យមួយ ខណៈពេលមកកាន់ស្រុកបួងដូង (រូបថតកាលពីជំងឺ COVID-១៩ មិនទាន់រាតត្បាត)។
ដើមជ្រៃដុះកណ្ដាលទន្លេ (រូបថតកាលពីជំងឺ COVID-១៩ មិនទាន់រាតត្បាត)។
ចំពោះអ្នកចូលចិត្ដដើរទេសចរតែងហៅក្រុងបួងមេទួកថា ក្រុងព្រួយរៀងរហូត។ ប្រហែលមកពីរបៀបហៅដូច្នេះ បានជាចំណាប់អារម្មណ៍ដំបូងរបស់ភ្ញៀវទេសចរពេលមកដល់ទីនេះ គឺមានអារម្មណ៍ដូចព្រួយៗបន្តិច។ ភាពព្រួយស្រណោះនេះបានកើតមានហូរហែតាំងពីដងផ្លូវមានដើមឈើខ្ពស់ត្រដែតរហូតដល់ហាងកាហ្វេតាមចម្ការត្រជាក់ល្លឹងល្វើយ។ សម្រាប់ “អ្នកចូលចិត្តពិសាកាហ្វេ” បួងមេទួកគឺកន្លែងភ្លក់រសជាតិភេសជ្ជៈ “សណ្ដំ” ដ៏អស្ចារ្យបំផុត។ ផ្សេងពីបណ្ដាខេត្តនៅភូមិភាគខាងលិច ពិសាកាហ្វេគេតែងដាក់ទឹកកកច្រើនក្នុងកែវធំ ចំណែកហាងនៅបួងមេទួកគេនិយមប្រើកែវតូច ហើយដាក់ទឹកកកតែមួយដុំធំ។ ទោះបីកែវតូចក៏ពិតមែន ប៉ុន្តែក្នុងកែវមានបរិមាណកាហ្វេច្រើននិងខាប់ខ្លាំងណាស់។ ដ្បិតអីដុំទឹកកកធំរលាយយូរ ម្ល៉ោះហើយភ្ញៀវទេសចរអាចភ្លក់រសជាតិកាហ្វេតាមសម្រួល។
ខេត្តដាក់ឡាក់ មានរមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញអារម្មណ៍ជាច្រើន ប៉ុន្តែប្រសិនបើគ្មានពេលវេលាច្រើនទេ ភ្ញៀវទេសចរគ្រាន់តែមកលេងស្រុកបួងដូងក៏បាន។ ដ្បិតអី នៅទីនេះបានអភិរក្សនិងថែរក្សានូវអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិអេដេនិងព្នង។ ស្រុកបួងដូងនៅចម្ងាយពីក្រុងបួងមេទួកប្រហែល ៤០ គីឡូម៉ែត្រប៉ុណ្ណោះ ម្ល៉ោះហើយភ្ញៀវទេសចរអាចមកទស្សនាកម្សាន្តទីនេះហើយវិលត្រឡប់ទៅក្រុងវិញក្នុងថ្ងៃ។ ចំពោះភ្ញៀវទេសចរចូលចិត្តស្វែងយល់ សំណាក់នៅស្រុកបួងដូង គឺជម្រើសដ៏ល្អបំផុត ដ្បិតអីប្រព័ន្ធផ្ទះសំណាក់ (homestay) នៅទីនេះមានតម្លៃសមរម្យ។ នៅបួងដូង ភ្ញៀវទេសចរអាចស្វែងយល់ឧទ្យានជាតិយ៉កដូង ជិះដំរីឆ្លងកាត់ទន្តេស្រែពក ឬសាកដើរលើស្ពានយោលឆ្លងដងទន្លេដែលមានខ្សែទឹកខ្មួលខ្មាញ់នេះ។ ខ្សែស្ពានយោលត្រូវបានចងជាមួយដើមជ្រៃធំៗ ដែលដុះពីផែនថ្មកណ្ដាលទន្លេស្រែ ពក។ ព្រោះហេតុនោះ ខណៈពេលភ្ញៀវទេសចរឈានជើងដើរលើកំណាត់ឫស្សីដែលចងតម្រៀបធ្វើជារនាបស្ពាននឹងយោលយីកយោក។ ភ្ញៀវទេសចរនឹងឃើញខ្លួនយោលផ្អៀងផ្អងខណៈពេលឈានជើងដើរ នៅខាងក្រោមស្ពានគឺខ្សែទឹកខ្មួលខ្មាញ់ ដ្បិតអីទឹកហូរប៉ះជាមួយផែនថ្មធំៗនៅបាតទន្លេ។
ពេលដើរចុកជើង ភ្ញៀវទេសចរអាចអង្គុយលើផែនថ្មបន្លាយខ្សែស្ទូចត្រី គឺអាចចាប់បានត្រី ឆ្លាំងជាផលិតផលប្រណីតនៃទន្លេស្រែពក។ ប្រសិនបើមានសំណាង ភ្ញៀវទេសចរអាចស្ទូចបានត្រីធំ គឺជាអនុស្សាវរីយ៍អស្ចារ្យមួយនៃដំណើរទៅកម្សាន្ដ៕
ហាថាញ - ថាច់ធី