មានឱកាសមកកាន់ហាណូយនៅរដូវស្លឹកឈើជ្រុះ (សរទរដូវ) មិត្តនឹងមានអារម្មណ៍រំភើបរីករាយ ដោយបរិយាកាសផ្កាឈើជ្រុះតាមដងវិថីក្រុង។ រដូវស្លឹកឈើជ្រុះនៅហាណូយ អាកាសធាតុត្រជាក់ ប្រិយមិត្តគួរពាក់អាវរងាដ៏ស្រស់ស្អាត ហើយបង្អួតសម្រស់ក្រោមពន្លឺព្រះអាទិត្យពណ៌មាស។
ចូលធ្វើសក្ការបូជាប្រាង្គតម្កល់សពអ៊ំហូ។ (រូបថតកាលមិនទាន់មានជំងឺ COVID-១៩)
យើងខ្ញុំជ្រើសពេលទៅទេសចរណ៍នៅហាណូយនាដើមរដូវស្លឹកឈើជ្រុះ។ ពីព្រលានយន្តហោះកឹងធើទៅព្រលានយន្តហោះណូយបាយ ចំណាយពេលរវាង ២ ម៉ោង។ យើងខ្ញុំកក់រថយន្តតាមការឧទ្ទេសនាមរបស់បុគ្គលិកបម្រើការងារនៅព្រលានយន្តហោះ។ អ្នកបើកបររួសរាយ នាំយើងខ្ញុំទៅហូបអាហារឆ្ងាញ់ៗនៅហាងដែលល្បីឈ្មោះបោះសំឡេង មុននឹងចូលមជ្ឈមណ្ឌលរដ្ឋធានី ប្រការនេះ បង្កបាននូវការចំណាប់អារម្មណ៍ដ៏ល្អចំពោះកន្លែងដែលយើងទើបបោះជំហានឈានជើងមកដល់ដំបូង។ ដំណើរចូលកាន់មជ្ឈមណ្ឌល គឺជាដំណើរដ៏អស្ចារ្យ តែរំភើបអារម្មណ៍បំផុតគឺនៅពេលដែលរថយន្តបើកបរមួយជុំបឹងហូតៃ រួចត្រឡប់មកសណ្ឋាគារក្បែរបឹងហូហ្គឺម កន្លែងដែលយើងខ្ញុំកក់បន្ទប់សំណាក់។
ខាងក្នុងបរិវេណវិហារវប្បធម៌ក្វឹកទឺយ៉ាប។ (រូបថតកាលមិនទាន់មានជំងឺ COVID-១៩)
ដើម្បីស្រូបយកខ្យល់អាកាសត្រជាក់ ភ្លៀងធ្លាក់ស្រិចៗស្រោចស្រពលើដើមឈើធំៗដែលមានមែកសាខា យើងខ្ញុំជួលម៉ូតូជិះជុំវិញហាណូយ។ ដំណើរកម្សាន្តនេះញុាំងឱ្យអារម្មណ៍ស្រស់ស្រាយ ពិតជាអស្ចារ្យមិនអាចពណ៌នាបានឡើយ។ ចំពោះខ្ញុំ រដូវស្លឹកឈើជ្រុះនៅហាណូយ គឺមានខ្យល់ត្រជាក់រំភើយៗ បក់បោកស្លឹកឈើជ្រុះគន់គាប់នេត្រា ពេលខ្ញុំពិសាកាហ្វេនៅវិថីត្រឹងហឹងដាវ គន់មើលចរន្តមនុស្ស ធ្វើដំណើរទៅមកជាន់លើស្លឹកឈើឮស្រោកស្រាក។ ប្រហែលមកពីអ្នកក្រុងហាណូយមិនប្រញឹក ឬក៏ព្រោះសង្រែកផ្កាដែលយុវនារីរែកលើដងវិថីក្រុង បានទាក់ចិត្តភ្ញៀវទេសចរ។
តែបណ្តូលផ្កាឈូក។
នៅហាណូយសម្រាប់មនុស្សជាច្រើននៅទាំងមានរមណីយដ្ឋានបឹងហូតៃ ពោរពេញដោយផ្កាឈូករីក បឹងហូហ្គឹម ទឹករលកអង្កាញ់ៗ។ មកដល់ហាណូយបើមិនបានទៅវត្តក្វាងថាញ វិហារវប្បធម៌ក្វឹកទឺយ៉ាប វត្តសរសរមួយ ប្រាង្គតម្តល់សពអ៊ំហូ។ល។ គឺជាកង្វះខាតដ៏ធំមួយ។ ដូច្នេះ មិត្តគ្រាន់តែចំណាយពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ គឺអាចដើរសព្វកន្លែងទាំងនេះ។ ហើយពេលមិត្តឃ្លាន គួរឆៀងចូលហូបនំបញ្ចុកសាច់ទាកាប៉ាក្តៅឈ្ងុយឆ្ងាញ់នៅហាងក្បែរផ្លូវ។
នៅរដូវស្លឹកឈើជ្រុះ ហាណូយមានលក់នំអំបុកសម្រាប់មិត្តទិញផ្ញើញាតិមិត្ត ប៉ុន្តែខ្ញុំជ្រើសទិញតែបណ្តូលផ្កាឈូកបឹងហូតៃ។ សរសៃតែបៃតងហាលគ្រប់កម្តៅដាក់ក្នុងត្របកផ្កាឈូកបឹងហូតៃ ទើបកាច់មកថ្មីនៅជាប់ទឹកសន្សើម វេចខ្ចប់ដោយស្លឹកឈូកចាស់។ ស្លឹកឈូកបន្ទាប់ពីហាលឱ្យស្លោកៗ ត្រូវបានយកទៅខ្ចប់គាបទាំងអស់។ ពេលមកដល់ភូមិ ស្រុកនៅភូមិភាគខាងលិច គឺតែនៅតែស្រស់ រសជាតិផ្អែមចតនិងក្លិនក្រអូបផ្កាឈូកឈ្ងុយឈ្ងប់៕
ហាថាញ-មុនី