បច្ចុប្បន្ន ជំងឺពុកឆ្អឹងតែងកើតឡើងច្រើន ទាំងបុរសនិងស្រ្តី។ ក្នុងនោះ អត្រាកើតជំងឺចំពោះស្រ្តីខ្ពស់ជាង។ ជំងឺប្រាកដឡើងចាប់់ពីអាយុ ៥០ឡើងទៅ។
វេជ្ជបណ្ឌិត ញ៉ាងង៉ុកហឹង ពិនិត្យជំងឺដល់អ្នកជំងឺពុកឆ្អឹង។
តាមវេជ្ជបណ្ឌិត ញ៉ាងង៉ុកហឹង ផ្នែកជំងឺគ្រឿងក្នុងសាច់ដុំឆ្អឹងសន្លាក់នៃមន្ទីរពេទ្យពហុព្យាបាលខេត្តសុកត្រាំង ពុកឆ្អឹង គឺជាស្ថានភាពវិបត្តិនៃការប្រែប្រួលរបស់ឆ្អឹង ធ្វើឱ្យឆ្អឹងចុះខ្សោយភាពកំហាប់ ងាយប្រឈមនឹងហានិភ័យនៃការបាក់ឆ្អឹង។ ជំងឺនេះកើតឡើងដោយស្ងាត់ៗ គ្មានរោគសញ្ញាប្រាកដ។ នៅពេលមានរោគសញ្ញា ច្រើនតែឆ្អឹងថយចុះដល់ទៅ ៣០%។ ថ្វីដ្បិតជំងឺពុកឆ្អឹងមិនបង្ហាញរោគសញ្ញាមែន ប៉ុន្តែពេលមានអាការៈឈឺត្រង់សន្លាក់ឆ្អឹង ដូចជាៈ ឆ្អឹងខ្នង ចង្កេះ ត្រគៀក ក្បាលជង្គង់ ហើយមានអាការៈឈឺចុកចាប់ បន្ទាប់ពីមានការប៉ះទង្គិច បើមានការឈឺខ្លាំង និងអូសបន្លាយ គឺអ្នកជំងឺគួរតែទៅកាន់មន្ទីរពេទ្យដើម្បីទទួលបានការផ្ដល់ពិគ្រោះ ធ្វើរោគវិនិច្ឆ័យនិងព្យាបាល។
វេជ្ជបណ្ឌិត ញ៉ាងង៉ុកហឹង ឱ្យដឹងបន្ថែម ជំងឺសាច់ដុំឆ្អឹងសន្លាក់ សព្វថ្ងៃនេះមានអត្រាខ្ពស់។ រៀងរាល់ថ្ងៃ មន្ទីរពិនិត្យព្យាបាលផ្នែកសាច់ដុំឆ្អឹងសន្លាក់ ទទួលអ្នកជំងឺមកពិនិត្យ ពិគ្រោះ និងព្យាបាលមានចំនួនច្រើន។ ដើម្បីជួយដល់ការធ្វើរោគវិនិច្ឆ័យបានឆាប់រហ័ស និងច្បាស់លាស់ មន្ទីរពេទ្យបានបំពាក់គ្រឿងម៉ាស៊ីនទំនើបៗ ដូចជា ម៉ាស៊ីនថយឆ្លុះកាំរស្មី X ម៉ាស៊ីនឆ្លុះអេកូ ម៉ាស៊ីនថត CT ម៉ាស៊ីនថត MRI ជាដើម។ ពិសេស មន្ទីរពេទ្យបានបំពាក់ម៉ាស៊ីនវាស់កំហាប់ឆ្អឹង ដោយវិធីសាស្រ្តស្រូបកាំរស្មី X ថាមពលចំនួនពីរ ដើម្បីធ្វើរោគវិនិច្ឆ័យនិងស្កេនរកជំងឺបានឆាប់រហ័ស។ នេះជាវិធីសាស្រ្តទំនើប មានប្រសិទ្ធភាពបំផុតក្នុងការធ្វើរោគវិនិច្ឆ័យជំងឺពុកឆ្អឹង កំពុងបានអនុវត្តនៅវៀតណាម។
ដើម្បីបង្ការជំងឺពុកឆ្អឹង វេជ្ជបណ្ឌិតង៉ុកហឹង ក្រើនរំលឹកអ្នកជំងឺគប្បីទទួលទានអាហារមានជាតិបំប៉នសមស្រប សម្បូរដោយសារធាតុរ៉ែ សំខាន់ត្រូវបន្ថែមសារធាតុកាល់ស្យ៉ូមឱ្យបានគ្រប់គ្រាន់ តាមរយៈម្ហូបអាហារ ឬពិសាទឹកដោះ និងបំពេញឱ្យគ្រាប់បរិមាណវីតាមីន D។ ហាត់ប្រាណឱ្យទៀងទាត់ សមស្របជាមួយនឹងស្ថានភាពសុខភាព ដើម្បីបង្កើនភាពរឹងមាំសម្រាប់ឆ្អឹង។ មិនជក់បារី ពីព្រោះការជក់បារីនឹងធ្វើឱ្យកើនដល់ទៅ ១០ ដងហានិភ័យនៃការពុកឆ្អឹង និងកើន ២ ដងហានិភ័យនៃការបាក់ឆ្អឹង។ កាត់បន្ថយប្រើប្រាស់សារធាតុរំញោច ដូចជា តែកាហ្វេ ស្រាបៀជាដើម ជៀសវាងស្ថានភាពលើសទម្ងន់និងខ្វះទម្ងន់។ ជាពិសេស អ្នកជំងឺពុកឆ្អឹង គប្បីអនុវត្តឱ្យបានត្រឹមត្រូវតាមដំណាក់កាលនៃការព្យាបាល និងតាមការណែនាំរបស់គ្រូពេទ្យ៕
លីធាន-ពេជ្រសឿន