ផ្សារភ្ជាប់នឹងអាជីពជាច្រើនឆ្នាំ អ្នកកាសែតយឿងត្រុងយ័ញ ប្រធានការិយាល័យភាសាជនជាតិ ស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តសុកត្រាំង តែងបង្កើតខ្លឹមសារ មាតិកាជំនាញថ្មីៗ ដើម្បីបម្រើការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ។
អ្នកកាសែតយឿងត្រុងយ័ញ (ឈរ) តែងរួមដំណើរការនឹងមិត្តរួមអាជីព។
ឆ្នាំ ១៩៩៦ បញ្ចប់ការសិក្សាមហាវិទ្យាល័យសារព័ត៌មាន អ្នកកាសែតត្រុងយ័ញ បានជ្រើសចូលបម្រើការងារនៅការិយាល័យព័ត៌មានរបស់ស្ថានីយវិទ្យុនិងទូរទស្សន៍ខេត្តសុកត្រាំង។ បងត្រុងយ័ញ ឱ្យដឹង “ការលំបាករបស់អ្នកយកព័ត៌មានទូរទស្សន៍ គឺត្រូវមានរូបភាពជំនួសឱ្យពាក្យសំដី ដូច្នេះក្រៅពីចំណេះដឹងដែលបានសិក្សា ត្រូវតែមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីងាយស្រួលដល់ការទទួលយកដំណឹង។ ការចាំបាច់សម្រាប់អ្នកយកព័ត៌មាន គឺយកដំណឹងនិងវិភាគដំណឹងឆាប់រហ័សទាន់ហេតុការណ៍"។
អ្នកកាសែតយឿងត្រុងយ័ញ (ទី ២ រាប់ពីស្តាំ) ទទួលមេដាយមាសក្នុងមហោស្រពទូរទស្សន៍ទូទាំងប្រទេស។
ឆ្នាំ ២០០៨ បងបានប្ដូរមកការិយាល័យភាសាខ្មែរ (បច្ចុប្បន្ន គឺការិយាល័យភាសាជនជាតិ) បម្រើការអស់រយៈកាលពី ២ ឆ្នាំ បងក៏បានតែងតាំងជាអនុប្រធានការិយាល័យ។ ចាប់ពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន បងកាន់តំណែងជាប្រធានការិយាល័យភាសាជនជាតិ។ ក្នុងនាមជាជនជាតិខ្មែរ អ្នកកាសែតត្រុងយ័ញ តែងយល់ច្បាស់ពីជីវភាពរស់នៅ ទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរ។ ហេតុនោះ បងតែងបង្កើតខ្លឹមសារនិងមាតិកាថ្មីៗសមស្រប ដើម្បីផ្សព្វផ្សាយនូវគោលការណ៍ មាគា៌របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ លើសពីនេះ អ្នកកាសែតត្រុងយ័ញ នៅទាំងធ្វើសេនាធិការជូនថ្នាក់ដឹកនាំដើម្បីកសាងគម្រោង “លើកកម្ពស់គុណភាពកម្មវិធីផ្សាយជាភាសាខ្មែរ ដំណាក់កាល ២០១៨ - ២០២០ ទិសដៅដល់ ឆ្នាំ ២០២៥ ” ។ បច្ចុប្បន្ន កម្មវិធីផ្សាយជាភាសាខ្មែរនៅ “ពេលវេលាមាស” ដើម្បីមាមីងងាយស្រួលតាមដាន។ ខ្លឹមសារនៃកម្មវិធី រួមមាន៖ ព័ត៌មាន “ច្បាប់និងជីវភាពរស់នៅ” “សុកត្រាំង ភូមិកំណើតខ្ញុំ” “បទយកការណ៍និងភាពយន្ត ឯកសារ” “មនុស្សល្អនិងការងារល្អ”… ទន្ទឹមនឹងនោះ អ្នកកាសែតត្រុងយ័ញ នៅទាំងកសាងកម្មវិធីភាសាខ្មែរដើម្បីចូលរួមក្នុងមហោស្រពទូរទស្សន៍ទូទាំងប្រទេស ទទួលបានមេដាយមាសជាមួយនឹងស្នាដៃ “សូរសំឡេងភ្លេងពិណពាទ្យ” និងមេដាយប្រាក់ចំនួន ២ គ្រឿង ជាមួយនឹងស្នាដៃ “វាសនាកន្ទេលកក់” និង “សញ្ញាសម្គាល់នៃកសិករសម័យទំនើប” ជាដើម មិនត្រឹមតែពូកែខាងអាជីពប៉ុណ្ណោះទេ អ្នកកាសែត ត្រុងយ័ញ តែងបានមិត្តរួមអាជីពស្រឡាញ់រាប់អាន។ អ្នកយកព័ត៌មាន ម៉ាយហ្វាងយ៉េវ ឱ្យដឹង៖ "កាលទើបចូលបម្រើការងារដំបូង ខ្ញុំបានបងត្រុងយ័ញ ណែនាំដោយអស់ពីចិត្ត ដូច្នេះទើបខ្ញុំបម្រើការងារបានល្អដូចសព្វថ្ងៃ" ។
នាយករងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង ឡឹមវិញភឿង ឱ្យដឹង៖ “អ្នកកាសែតត្រុងយ័ញ ពូកែទាំងមុខជំនាញនិងការគ្រប់គ្រង។ រាល់ខ្លឹមសារនៃកម្មវិធីភាសាជនជាតិនៃស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តសុកត្រាំងថ្មីជានិច្ច ដំណឹងទាន់ហេតុការណ៍ ហើយមានការកោតសរសើរពីទស្សនិកជន ថ្នាក់ដឹកនាំខេត្ត និងបានគណៈនាយកវាយតម្លៃខ្ពស់”៕
យ៉ីអាញ- ទីទុយ