គម្រោងឧបត្ថម្ភទុនសម្រាប់អភិវឌ្ឍផលិតកម្ម ពិពិធកម្មមុខរបររកស៊ីនិងពង្រីកទម្រង់កាត់បន្ថយភាពក្រីក្រ (ហៅកាត់ថា គម្រោង) នៅឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង កំពុងពង្រីកប្រសិទ្ធភាព។ ផ្ដើមពីនោះ ជួយឱ្យគ្រួសារខ្មែរក្រីក្រមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។
ទម្រង់ចិញ្ចឹមមាន់បានជួយឱ្យគ្រួសារខ្មែរជាច្រើនដែលចូលរួមគម្រោង
ឈានឡើងចាកផុតភាពក្រីក្រ។
ឆ្នាំ ២០២០ ខណៈពេលគម្រោងបានអនុវត្តនៅឃុំសាភៀង មានគ្រួសារជនជាតិខ្មែរ ៥៩ គ្រួសារបានបុលទុនអាទិភាព ជាមួយទឹកប្រាក់ជាង ៨០៥ លានដុង។ គ្រួសារទាំងនេះ បានប្រើប្រាស់ប្រភពទុនសម្រាប់ការអភិវឌ្ឍទម្រង់ មានដូច៖ ចិញ្ចឹមជ្រូក មាន់ ទា អន្ទង់ ដាំដំណាំរួមផ្សំ ។ល។ លោកផាមហ្វាងឃើម ប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ឱ្យដឹង៖ “ភាគច្រើនគ្រួសារទាំងនេះតែងប្រើប្រាស់ប្រភពទុនចំគោលដៅ និងមានប្រសិទ្ធភាពបង្គួរ។ ទម្រង់ចិញ្ចឹមអន្ទង់ ជ្រូក មាន់ ដាំដំណាំរួមផ្សំ។ល។ សមស្របនឹងលក្ខណៈគ្រួសារនីមួយៗ។ ផ្ដើមពីនោះ ទម្រង់ពង្រីកបានប្រសិទ្ធភាព មានគ្រួសារជាច្រើនបានចាកផុតភាពក្រីក្រ”។
បងយ័ញធី នៅភូមិ៥ ជាគ្រួសារមួយនៃគម្រោងបានចាកភាពក្រីក្រ ឱ្យដឹង៖ “ខ្ញុំបុលទុន ១២ លានដុង ទិញជ្រូក ៦ ក្បាលមកចិញ្ចឹម និងទិញចំណីសម្រាប់ចិញ្ចឹមអន្ទង់ ២ អាង។ ក្រោយរយៈពេល ៤ ខែ ខ្ញុំលក់អន្ទង់និងជ្រូក រកបានចំណេញជិត ២០ លានដុង។ សព្វថ្ងៃ ខ្ញុំបន្តវិនិយោគទិញជ្រូក ៨ ក្បាលនិងអន្ទង់មកចិញ្ចឹមបានជាង ២ ខែ។ ធ្វើស្រែ ៣ កុង ផ្សំនឹងចិញ្ចឹមជ្រូក អន្ទង់ ឃើញថាជីវភាពបានលំនឹង ម្ល៉ោះហើយ ខ្ញុំបានចុះឈ្មោះចាកផុតភាពក្រីក្រ”។ បងយ័ញថាំង នៅភូមិ ៥ ក៏ជាគ្រួសារក្រីក្រ បានរដ្ឋអំណាចភូមិភាគបង្កលក្ខណៈឱ្យបុលទុន ១៥ លាន ដុងពីគម្រោង។ មានដើមទុន បងថាំង សង់ទ្រុង ទិញមាន់ ៤០០ ក្បាលមកចិញ្ចឹម។ បងថាំង ឱ្យដឹង៖ “គ្រួសារមានដីជុំវិញផ្ទះ ម្ល៉ោះហើយខ្ញុំវិនិយោគទិញសំណាញ់វាំងជុំវិញនិងសង់ទ្រុងចិញ្ចឹមមាន់។ ក្រោយរយៈពេល ៤ ខែ ខ្ញុំលក់មាន់ចំណេញជិត ១០ លានដុង។ បន្ទាប់ពីនោះ ខ្ញុំក៏ទិញមាន់ ៤០០ ក្បាលមកចិញ្ចឹមបន្ត ឥឡូវបានជាង ២ ខែហើយ។ គម្រោងបាននាំមកក្ដីសង្ឃឹមសម្រាប់គ្រួសារខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋដែលមានគោលនយោបាយសមស្របទាន់ពេលសម្រាប់គ្រួសារក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ច”។
យោងតាមគណៈជនជាតិខេត្តហូវយ៉ាង ឆ្នាំ ២០២០ អនុវត្តគម្រោងទូទាំងខេត្ត មាន ១៧៦ គ្រួសារបានឧបត្ថម្ភជាមួយនឹងប្រភពទុនជាង ២,៥ ពាន់លានដុង។ គ្រួសារដែលចូលរួមគម្រោងបានផ្ដល់ចំណេះដឹងខាងចិញ្ចឹមសត្វ ដាំដុះនិងបុលទុនអាទិភាព។ “ក្នុងដំណើរការអនុវត្តគម្រោង គ្រប់ភូមិភាគបានអនុវត្តល្អនូវការងារត្រួតពិនិត្យ ឃ្លាំមើល ម្ល៉ោះហើយ គម្រោងពង្រីកបានប្រសិទ្ធភាព មានគ្រួសារជាច្រើនចាកផុតភាពក្រីក្រ។ គម្រោងគឺ”ជាទីបង្អែក” សម្រាប់គ្រួសារខ្មែរក្រីក្រ ប្រកៀកបន្ទាត់ក្រ ឈានឡើងក្នុងជីវភាព” លោក ង្វៀងហ្វាងទ្រីវ ប្រធានគណៈជនជាតិខេត្តហូវយ៉ាង គូសបញ្ជាក់ដូច្នេះ៕
យ្វីអាញ - ថាច់ធី