អាកាសធាតុក្តៅបែកផ្សែងនាបច្ចុប្បន្ន ធ្វើឱ្យមិត្តស្រមៃបានទៅជ្រកក្ដៅនៅតំបន់ត្រជាក់ឡឹមដុង។ ប៉ុន្តែ បើសិនមិត្តសង្កេតឃើញក្រុងដាឡាតចង្អៀតចង្អល់ គប្បីសំចត់ដំណើរនៅក្រុងបាវឡុក បាវឡឹម។
ផ្លូវឡើងវត្តឡិញវីផាប់អឹង។
បាវឡុក នៅលើផ្លូវពីក្រុងហូជីមិញទៅដាឡាត ដូច្នេះប្រយោជន៍ចំពោះមុខរបស់ភ្ញៀវគឺជិះរថយន្តជិតជាង។ បាវឡុក ក៏ចំណុះខេត្តឡឹមដុង ប៉ុន្តែដោយសារអភិវឌ្ឍវិស័យទេសចរណ៍យឺតជាង ម៉្លោះហើយបាវឡុកមានភាពរហោស្ថានជាង បើប្រៀបនឹងដាឡាត។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី រមណីយដ្ឋាននៅបាវឡុក ក៏មិនធ្វើឱ្យភ្ញៀវទេសចរខកបំណងឡើយ។ គោលដៅដំបូងនៃដំណើរទេសចរណ៍ នៅបាវឡុក គឺវត្តយីដាធំបំផុតនៅបាវឡុក។ បច្ចុប្បន្ន វត្តយីដាចំណុះស្រុកបាវឡឹម (ចែកពីក្រុងបាវឡុក)។ វត្តមានទីតាំងនៅកន្លែងមានជនជាតិចូវម៉ារស់នៅកុះករ ដូច្នេះបានមាមីងជនរួមជាតិ ហៅថាវត្តឌាំងឌឹង។ វត្តនេះឋិតនៅចម្ងាយពីក្រុងបាវឡុកប្រមាណ៣០គីឡូម៉ែត្រ។ ផ្លូវទៅកាន់វត្តមានសម្រស់ធម្មជាតិ ស្រស់ត្រកាល ដោយមានដើមឈើធំៗចោលម្លប់ត្រឈឹងត្រឈៃ កសិដ្ឋានដំណាំតែលាតសន្ធឹង។ល។ វត្តនេះបានកសាងនៅឆ្នាំ២០០៥ មានសំណង់ស្អាតៗនិងស្កឹមស្កៃជាច្រើន បរិវេណវត្តជាង ១៣ ពាន់ម៉ែត្រការ៉េ មានព្រៃឈើនៅជាប់មាត់ជ្រោះ បង្កជាម្លប់ត្រជាក់និងមានភាពស្ងប់ស្ងាត់។ ពេលយប់ ភ្ញៀវទេសចរអាចនឹងស្តាប់សំឡេងទឹកជ្រោះមានសូរស័ព្ទដូចសម្លេងបក្សីកញ្រ្ជៀវ។ល។
ល្បាក់ទឹកក្នុងរមណីយដ្ឋានវត្តយីដាទាក់ទាញភ្ញៀវមកគយគន់ច្រើនកុះករ។
ក្រៅពីវត្តយីដា បាវឡុកនៅមានវត្តមួយដ៏ល្បីរន្ទឺ នោះគឺវត្តឡិញវីផាប់អឹង។ វត្តនេះមានទីតាំងលើកំពូលភ្នំ៤៥ ឃុំឡុកថាញ់ ក្រុងបាវឡុក។ ផ្លូវឡើងវត្តខ្ពស់បង្គួរ ម៉្លោះហើយភាគច្រើនភ្ញៀវទេសចរតែងជ្រើសជិះម៉ូតូឡើងវត្ត។ បើសិនមានពេលច្រើននិងសុខភាពល្អ ភ្ញៀវទេសចរគួរតែយកជាញជ័យកំពូលភ្នំនេះ ដោយថ្មើរជើង។ ផ្លូវឡើងកាន់វត្តរៀបដោយថ្មភ្នំសងខាងផ្លូវមានជួរដើមឫស្សីពកនិងដើមឈើធំៗ ចោលម្លប់ត្រឈឹងត្រឈៃ។ តាមផ្លូវឡើង ភ្ញៀវទេសចរអាចលូកដៃក្តិចត្រួយតែស្រស់ទំពារ ដើម្បីដឹងថារសចត់របស់វាយ៉ាងណា។ ឡើងដល់វត្តឡិញវីផាប់អឹង ហាក់រសាយអស់ការនឿយហត់ ដោយសម្រស់ទេសភាពស្រស់ត្រកាល។ ពីខ្លោងទ្វារ ភ្ញៀវទេសចរសម្លឹងឃើញកំពូលភ្នំជាប់ៗគ្នា។ បើsឡើងដល់វត្តនៅពេលព្រឹកព្រលឹម ភ្ញៀវទេសចរអាចនឹងឃើញទឹកសន្សើម ដក់លើស្លឹកឈើ ពពករសាតលើក្បាល ផ្ទៃមេឃខៀវស្រឡះ...៕
ហាថាញ-មុនី