សមមិត្តក្នុងថ្នាក់ដឹកនាំបក្ស រដ្ឋ នៅក្នុងសម័យប្រជុំនារសៀលថ្ងៃទី៥ ខែមេសា។ រូប៖ TTXVN
នៅសម័យប្រជុំលើកទី ១១ រដ្ឋសភា នីតិកាល XIV តំណាងរដ្ឋសភាបានចំណាយពេលជាច្រើន រៀបចំឡើងវិញក្បាលម៉ាស៊ីនរដ្ឋ រដ្ឋសភា រដ្ឋាភិបាល។
ឆ្លងតាមរយៈនោះ រដ្ឋសភា នីតិកាល XIV បានសម្រេចរួចរាល់ការបោះឆ្នោតជ្រើសមុខ តំណែងថ្នាក់ដឹកនាំស្នូល ៣ រូប គឺ៖ ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា។ ជាក់ស្តែង៖ លោកង្វៀងស្វឹងភុក សមាជិកការិយាល័យនយោបាយ បានបោះឆ្នោតកាន់តំណែងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ លោកផាមមិញជិញ សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម បានបោះឆ្នោតកាន់តំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។ លោក វឿងឌិញហ្វែ សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សក្រុង លេខានៃអគ្គមេបញ្ជាការដ្ឋានរដ្ឋធានី ប្រធានគណៈប្រតិភូតំណាងរដ្ឋសភា នីតិកាល XIV ក្រុងហាណូយ បានបោះឆ្នោតកាន់តំណែងជាប្រធានរដ្ឋសភា។
នៅក្នុងសម័យប្រជុំលើកទី ១១ នេះដែរ តំណាងរដ្ឋសភាបានបោះឆ្នោតតំណែងអនុប្រធានរដ្ឋសភាថ្មីចំនួន ៣ រូប បោះឆ្នោតតំណែងអនុប្រធានរដ្ឋ និងតំណែងសំខាន់ៗ ជាច្រើនទៀត។ ឆ្លងតាមរយៈនោះ អនុប្រធានរដ្ឋសភាថ្មីចំនួន ៣ រូប រួមមាន៖ លោក ត្រឹងថាញ់ម៉ឹង សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក ង្វៀងខាក់ឌិញ សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តខាញ់ហ្វា និង លោក ង្វៀងឌឹកហាយ សមាជិកមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ ថវិការបស់រដ្ឋសភា។ លោកស្រី វ៉ធីអាញ់់ស្វឹង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្តអាងយ៉ាង បានបោះឆ្នោតកាន់តំណែងជាអនុប្រធានរដ្ឋ។
ទន្ទឹមនឹងនោះ នៅក្នុងសម័យប្រជុំលើក ទី ១១ រដ្ឋសភានីតិកាល XIV តំណាងរដ្ឋសភា ក៏បានអនុមតិលើសេចក្តីសម្រេចចិត្ត ស្តីពីបញ្ចប់មុខតំណែងសំខាន់ៗជាច្រើន ដូចជា៖ បញ្ចប់មុខតំណែងជាប្រធានរដ្ឋចំពោះ លោក ង្វៀងភូត្រុង បញ្ចប់មុខតំណែងជាប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតចំពោះ លោកស្រី ង្វៀងធីគឹមង៉ឹង បញ្ចប់មុខតំណែងជាអនុប្រធានរដ្ឋសភាចំនួន ៣ រូប គឺចំពោះ លោកស្រី តុងធីផុង លោក អួងជូលឺវ និងលោក ពុងក្វឹកហៀង បញ្ចប់មុខតំណែងជានាយករដ្ឋមន្ត្រីចំពោះ លោក ង្វៀងស្វឹងភុក និងបញ្ចប់តំណែងជាអនុប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមចំពោះ លោកស្រី ឌាំងធីង៉ុកធិន៕
ការិយាល័យកាសែតខ្មែរ-វិមាន