មិនល្បីឈ្មោះដូចភូមិព្រែតឹងចូវរបស់ជនជាតិចាម នៅអាងយ៉ាងក៏ពិតមែន ក៏ប៉ុន្តែថ្មីៗនេះផលិតផលហូលរបស់ជនជាតិខ្មែរនៅភូមិស្រីស្គូត ឃុំវ៉ាន់យ៉ាវ ស្រុកទិញបៀង ខេត្តអាងយ៉ាង ត្រូវបានភ្ញៀវទេសចរដឹងស្គាល់និងនិយមចូលចិត្ត ពីព្រោះផលិតផលហូលនៅទីនេះមានរំលេចក្បាច់យ៉ាងស្រស់ស្អាត និងមានលក្ខណៈពិសេស។
បងស្រីនាងចន្ធី (អង្គុយខាងស្ដាំ) កំពុងឧទ្ទេសនាមផលិតផលហូលខ្មែរដល់អតិថិជន។
កាលពីមុននេះ ភូមិស្រីស្គូត មានមាមីងខ្មែរប្រកបរបរត្បាញហូលប្រពៃណីជាង ១០០ គ្រួសារ ប៉ុន្តែបច្ចុប្បន្ននៅតែ ៦៣ គ្រួសារ ដែលជាសមាជិករបស់សហករណ៍ត្បាញហូលខ្មែរវ៉ាន់យ៉ាវ។ លោកស្រីលីធីយ៉ីមហុង នាយិកាសហករណ៍ ឱ្យដឹង៖ ភូមិរបរត្បាញហូលនៅទីនេះ បានសាបរលាបបន្តិចម្តងៗ អាស្រ័យបងប្អូនបោះបង់អាជីព។ មានអ្នកខ្លះវ័យចំណាស់ សុខភាពមិនអំណោយផល អ្នកខ្លះទៀតរវល់មើលថែចៅព្រោះឪពុកម្តាយវាទៅរកស៊ីឆ្ងាយ។ ប៉ុន្តែបញ្ហាចម្បង គឺស្រ្តីវ័យក្មេងភាគច្រើនមិនចូលចិត្តរៀនរបរនេះ ពីព្រោះរបរនេះទាមទារការប្រិតប្រៀន និងហ្មត់ចត់ខ្លាំងណាស់”។ ក៏ប៉ុន្តែ ដោយការខ្នះខ្នែងរបស់ភូមិភាគក្នុងការរៀបចំបង្រៀនវិជ្ជាជីវៈ ឧទ្ទេសនាមផលិតផលក៏ដូចជាទាក់ទងទីផ្សារ។ ម្ល៉ោះហើយ បងប្អូននារីខ្មែរជាច្រើននៅវ៉ាន់យ៉ាវ បានវិលមកប្រកបរបរត្បាញហូលវិញ និងបង្រៀនបន្តរបរប្រពៃណីមួយនេះ។
បងស្រីនាងវ៉ែន អាយុ ៣៥ ឆ្នាំ ឱ្យដឹង៖ “របរត្បាញហូលចំណាយពេលច្រើនណាស់។ ទិញសូត្រយកមកត្រូវបោក ចងគាបលើកគោមជាក្រឡាក្បាច់រចនាវិចិត្រផ្សេងៗ រួចហើយជ្រលក់ពណ៌។ល។ ដំណាក់កាលត្រៀមបម្រុងមុននឹងត្បាញគឺជិតមួយខែ។ ការត្បាញឆាប់ឬយូរអាស្រ័យទៅលើផលិតផលដែលអតិថិជនកុម្ម៉ង់ទិញ មានក្បាច់រចនាតិចឬច្រើន។ និយាយរួម របរត្បាញហូលទាមទារភាពអត់ធ្មត់ ម្ល៉ោះហើយបងប្អូនជាច្រើនពិសេសគឺក្មេងៗស៊ូទ្រាំមិនបានតែម្តង”។ បងស្រីនាងវ៉ែន បានរៀនរបរត្បាញហូលពីម្តាយនិងជីដូន កាលពីគាត់អាយុ ១៥-១៦ ឆ្នាំម៉្លេះ។ មានពេលខ្លះ មកពីជីវភាពក្រលំបាក បងស្រីមានបំណងទៅប៊ិញយឿង ឬក្រុងហូជីមិញ ដើម្បីរកការងារធ្វើគិតគូរដល់គ្រួសារ។ ប៉ុន្តែបងស្រីគិតថា ជនរួមជាតិខ្មែរពីមុនមកតែងផ្សារភ្ជាប់នឹងភូមិស្រុកស្រែ ចម្ការ។ល។ ម្ល៉ោះហើយបងស្រីក៏ប្តេជ្ញាចិត្តផ្សារភ្ជាប់នឹងរបរប្រពៃណីនេះ។
បងស្រីនាងចន្ធី ចេះត្បាញហូលកាលពីគាត់អាយុ ១៦ ម៉្លេះ។ សព្វថ្ងៃបងស្រីអាយុជិត ៤០ ឆ្នាំ ប៉ុន្តែរយៈពេលកន្លង បងស្រីមិនដែលគិតថានឹងបោះបង់របរប្រពៃណីនេះទេ។ បងស្រីចន្ធី ឱ្យដឹង៖ “នាងខ្ញុំស្រឡាញ់របរនេះណាស់ ទោះបីឈឺក៏នៅតែខំធ្វើ សូម្បីដេកក៏យល់សប្តិឃើញរចនាក្បាច់ជូនអតិថិជនដែរ។ល។ នាងខ្ញុំមានកូនស្រីម្នាក់កំពុងរៀនថ្នាក់ ទី ១០ ។ នាងខ្ញុំកំពុងបង្រៀនកូនស្រីឱ្យចេះរបរនេះដើម្បីស្នងបន្ត”។
សព្វថ្ងៃ អាស្រ័យការអភិវឌ្ឍរបស់អ៊ីនធឺណែតបណ្តាញសង្គម (face book និង zalo ។ល។) ម្ល៉ោះហើយរបរត្បាញហូលនៅវ៉ាន់យ៉ាវ មានភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ។ “មានបងប្អូននារីខ្លះ សិក្សាស្វែងយល់តាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីច្នៃរំលេចពណ៌ ជ្រើសរើសក្បាច់រចនា។ល។ ផលិតទៅជាសារុងក្រមា។ល។ របស់ជនជាតិខ្មែរ មានលក្ខណៈប្រពៃណីផង សម័យទំនើបផង តាមតម្រូវការរបស់អតិថិជន ទោះបីប្រាក់ចំណូលបានមកពីការលក់ផលិតផលមិនច្រើនក៏ពិតមែន គឺពីរបីរយពាន់ដុងដល់ពីរបីលានដុងទៅតាមប្រភេទផលិតផល ប៉ុន្តែពួកគាត់នៅតែស្រឡាញ់របរ អភិរក្សនិងបន្តបង្រៀនរបរត្បាញហូល ប្រពៃណីខ្មែរនៅវ៉ាន់យ៉ាវ” - លោកស្រីលីធីយ៉ីមហុង ចែករំលែកដូច្នេះ៕
ថាញ់ឡុង-លីសៀ