នៅតំបន់ជនបទដាច់ស្រយាលនៃខេត្តកាម៉ាវ រូបភាពកងទ័ពជួសជុលផ្លូវថ្នល់ ធ្វើស្ពាន ដាំផ្កា និងដើមឈើតាមដងផ្លូវ មិនត្រឹមតែញុាំងឱ្យផ្លូវជនបទមានភាពស្រស់ស្អាតប៉ុណ្ណោះទេ នៅទាំងរួមចំណែកធ្វើឱ្យរូបភាពកងទ័ពអ៊ំហូ រឹតតែថ្លៃថ្លាដក់ជាប់ក្នុងទឹកចិត្តប្រជាជនជាងទៀត។
កងទ័ពអ៊ំហូនៅខេត្តកាម៉ាវ តែងស្ម័គ្រចិត្តរួមកម្លាំង “ធ្វើឱ្យជនបទផ្លាស់ថ្មី”។
នៅតាមដងផ្លូវបណ្តោយសងខាងប្រឡាយដឹកយ៉ាយ (ភូមិកៃរុាំង ឃុំភូហឹង ស្រុកកៃណឿក) មិនពិបាកឃើញជួរផ្ការំយោលរីកក្រហម និងផ្កាម៉ោង ១០ បង្អួតសម្រស់នោះឡើយ។ នៅចិញ្ចើមផ្លូវខាងមុខផ្ទះគ្រួសារ គោលនយោបាយ និងគ្រួសារក្រីក្រ ក៏មានការរួមចំណែកដាំផ្ការបស់កងទ័ពអ៊ំហូ ពេលមកហ្វឹកហឺ្វននៅទីនេះមិនតិចដែរ។ គឺបងៗកងទ័ពបានរួមចំណែកញុាំងឱ្យផ្លូវថ្នល់នៅតំបន់ជនបទរឹតតែស្រស់ស្អាត។
តាមសម្តីប្រជាជននៅភូមិកៃរាំង កាលពីមុននេះ ៤ ឆ្នាំ នៅពេលមានគោលនយោបាយកសាងផ្លូវបេតុងតាមបណ្ដោយមាត់ប្រឡាយដឹកយ៉ាយ គឺកងប្រជាស្វ័យត្រាណ កងប្រជាការពារបម្រុងនៅភូមិភាគ ក៏បានជួយគាស់ដីចាក់ផ្លូវ។ “តាំងពីការងារតូចរហូតដល់ការងារធំ បងៗកងទ័ពតែងមានវត្តមានចូលរួមជាមួយមាមីងទាំងអស់។ ក្រៅពីជួយដល់គ្រួសារដែលគ្មានទីពឹងប្រក់ផ្ទះ ជួសជុលផ្ទះ បងៗកងទ័ពក៏បានចូលរួមជួសជុលផ្លូវ ស្ពានផងដែរ។ បងៗ កងទ័ពនៅទាំងទៅភូមិដទៃជីកដើមឈើ ដើមផ្កា រួចនាំយកមកដាំតាមជួររបងចិញ្ចើមថ្នល់ ដូច្នេះផ្លូវនេះកាន់តែស្រស់ស្អាតជាងមុន” - អ្នកមីងដាំងថាញ នៅភូមិកៃរាំង បានឱ្យដឹងដូច្នេះ។ លោកត្រឹងវ៉ាន់ហ៊ីវ មេបញ្ជាការដ្ឋានយោធាឃុំភូហឹង មានប្រសាសន៍៖ នៅរាល់វគ្គហ្វឹកហ្វឺន កងកម្លាំងតែងចំណាយពេលតិចបំផុតមួយថ្ងៃដើម្បីជួយប្រជាជន។ ការងារជាក់ស្តែងបំផុតមានដូចជួសជុលផ្លូវដែលបាក់បែក ខូចខាត។ ពិសេស នៅដងផ្លូវណាដែលមានទិសដៅកសាងកៅស៊ូ កងកម្លាំងតែងចេញទៅជួយដើម្បីពន្លឿនដំណើរការកសាង។
រយៈពេលកន្លង មានសកម្មភាពជាក់ស្តែងជាច្រើនដើម្បីសហគមន៍របស់បងៗកងទ័ពអ៊ំហូ មិនត្រឹមតែនៅឃុំភូហឹងប៉ុណ្ណោះទេ គឺនៅគ្រប់ទិសទីទាំងអស់នៃតំបន់ជនបទខេត្តកាម៉ាវ។ លោកវរសេនីយ៍ឯកបម្រុង ត្រឹងក្វឹកវែង ស្នងការនយោបាយនៃបញ្ជាការដ្ឋានយោធាស្រុកកៃណឿក បានមានប្រសាសន៍៖ ក្រៅពីផ្តោតលើការបំពេញភារកិច្ចផ្ទាល់គឺ សម្រេចនូវលក្ខឋាន “សន្តិសុខសណ្តាប់ធ្នាប់សង្គម” បញ្ជាការដ្ឋានយោធាស្រុក ក៏តែងសហការជាមួយឃុំនានាឡើងគម្រោងផែនការកសាងជនបទថ្មី។ រាល់ពេលហ្វឹកហ្វឺន កងកម្លាំងប្រដាប់អាវុធតែងផ្គួបផ្សំឃោសនាអំពីគោលការណ៍ គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ ស្ដីពីការកសាងជនបទថ្មីជូនប្រជាជន។ កងកម្លាំងហ្វឹកហ្វឺននៅទាំងចូលរួមពលកម្ម រួមចំណែកជាមួយមាមីង “ធ្វើឱ្យជនបទផ្លាស់ថ្មី”។ ក្នុងរយៈកាល ១០ ឆ្នាំកន្លង កងកម្លាំងក្រោមឱវាទបញ្ជាការដ្ឋានយោធាស្រុក បានជម្រះស្មៅតាមដងផ្លូវបានជិត ១៧ គីឡូម៉ែត្រ ជួសជុលផ្លូវរាប់ពាន់ម៉ែត្រ ជួសជុលផ្ទះ ធ្វើស្ពានថ្នល់ ដាំរបងបៃតង។ល។ គិតពេលវេលាពលកម្មជាង ៨.៩០០ ថ្ងៃ។ តាមរយៈមុខការងារផ្សេងៗ ម្ល៉ោះហើយមនោសញ្ចេតនារវាងកងទ័ពនិងប្រជាជនកាន់តែស្អិតល្មួតជាងទៀត៕
អត្ថបទនិងរូប៖ ហ៊ីវងៀ- បកប្រែ៖ សុផន