(កឹងធើ) ក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យភ្នែកសៃហ្គងកឹងធើ ទើបវិនិច្ឆ័យជោគជ័យដល់អ្នកជំងឺម្នាក់ មិនបញ្ចេញឈ្មោះ (អាយុ ៦៩ ឆ្នាំ នៅខេត្តហូវយ៉ាង) រងគ្រោះដោយកាវ ៥០២ ខ្ទាត ចូលភ្នែក។
វេជ្ជបណ្ឌិត ត្រឹងវៀតហ៊ុង សង្រ្គោះដល់អ្នកជំងឺទាន់ពេល។
កាលពីព្រឹកថ្ងៃ ១៦ ខែតុលា អ្នកជំងឺរូបនេះ ត្រូវបានគេនាំមកកាន់មន្ទីរពេទ្យក្នុងស្ថានភាពឈឺភ្នែក បើកភ្នែកមិនបាន ហូរទឹកភ្នែកមិនដាច់។ វេជ្ជបណ្ឌិតបានពិនិត្យ ធ្វើរោគវិនិច្ឆ័យប្រាប់ថា អ្នកជំងឺត្រូវរលាកប្រស្រីភ្នែក ធ្វើការថ្កៀបយកវត្ថុចម្លែកមានប្រវែងជាង ១ mm ដោយសារកាវកកខះ។ វេជ្ជបណ្ឌិត ឯកទេសII ត្រឹងវៀតហ៊ុង ឱ្យដឹង៖ បើសិនអ្នកជំងឺមិនមកកាន់មន្ទីរពេទ្យព្យាបាលបានទាន់ពេល ភ្នែកនឹងរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អាចនឹងពិការភ្នែកជារៀងរហូត។
អ្នកជំងឺរៀបរាប់៖ “ខ្ញុំប្រើប្រាស់កាវ ៥០២ ក្នុងពេលជួសជុលត្រចៀកទ្វារទូ។ ក្នុងពេលចាក់កាវចេញ ត្របាច់ដបខ្លាំង ទើបកាវខ្ទាតចូលភ្នែកខាងស្តាំ។ ខ្ញុំពិបាកទ្រាំ ទើបមកកាន់មន្ទីរពេទ្យជាបន្ទាន់”។
វេជ្ជបណ្ឌិតត្រឹងវៀតហ៊ុង ណែនាំរបៀបសង្រ្គោះបឋមមុនពេលនាំអ្នកជំងឺមកកាន់មន្ទីរពេទ្យ ពេលចៃដន្យត្រូវកាវ ៥០២ ឬក៏សារធាតុគីមីខ្ទាតចូលភ្នែក ដូចជា៖ លាងភ្នែកដោយទឹកស្អាត (អាចនឹងដាក់ភ្នែកក្រោមទុយោទឹកដើម្បីលាងឬក៏ឈ្ងោកមុខលាងក្នុងក្លាំទឹក) វៀរលែងករណីរលាកកំបោររស់ ត្រូវយកកំបោរចេញឱ្យអស់មុននឹងលាងភ្នែក ពីព្រោះកំបោរប៉ះទឹកភ្នែកវានឹងពុះឡើងធ្វើឱ្យរលាកបន្ទាប់ពីនោះ រុំភ្នែកស្រាលៗកុំឱ្យតឹងពេក ហើយនាំទៅមន្ទីរពេទ្យភ្នែក មិនត្រូវយឺតយាវដោយមូលហេតុអ្វីឡើយ។ បង្ការប្រសើរជាងព្យាបាល ពេលប៉ះនឹងសារធាតុគីមី គប្បីពាក់វ៉ែនតាការពារ។ អ្នកពលកម្មគប្បីជ្រើសទិញវ៉ែនតាឱ្យសមស្របនឹងភ្នែក ដើម្បីកាត់បន្ថយការជះពន្លឺ និងការពារវត្ថុផ្សេងៗខ្ទាតចូលភ្នែក៕
ធូរសឿង-មុនី