ដើម្បីចៀសវាងលេបថ្នាំ អ្នកខ្លះមាននិន្នាការជ្រើសយកវិធីព្យាបាលតាមបែបបុរាណ តាមរយ:ការបង្ហាញគ្នាតៗដើម្បីព្យាបាលជំងឺនៅផ្ទះ ប៉ុន្តែមិនមែនវិធីព្យាបាលណាក៏សុវត្ថិភាពនិងមានប្រសិទ្ធភាពនោះទេ។ ខាងក្រោមនេះ គឺវិធីព្យាបាល ៦ បែប បណ្តាលឱ្យមានផលប៉ះពាល់ដល់សុខភាព។
ការប្រើប្រាស់ថ្នាំដុសធ្មេញព្យាបាលរលាកបបូរមាត់ ឬប្រើប្រាស់ទឹកខ្ពុរមាត់ព្យាបាលឈឺបំ
ពង់ក វិធីទាំងនេះគ្មានប្រសិទ្ធភាពទេ (រូបភាពជានិមិត្តរូប)។
+ លាបបឺរ ឬប្រេងលើស្នាមរលាក នេះគឺជាវិធីព្យាបាលដែលមនុស្សជាច្រើនតែងសម្គាល់ថា អាចនឹងព្យាបាលរលាក ប៉ុន្តែក្រុមអ្នកឯកទេសបានឱ្យដឹងថា វិធីនេះគ្រាន់តែធ្វើឱ្យត្រជាក់ស្នាមរលាក។ ជំនួសឱ្យវិធីនោះ ពេលត្រូវរលាកស្រាល ប្រការដំបូងដែលមិត្តគប្បីធ្វើ នោះគឺដាក់ស្នាមរបួសក្រោមទុយោទឹកដែលកំពុងហូរប្រមាណ២០នាទី។ ទឹកហូរអាចនឹងធ្វើឱ្យត្រជាក់ស្នាមរលាកជាបន្ទាន់ បន្ថយការឈឺចាប់និងទប់ស្កាត់របួសរីករាលដាល។ កំណត់ចំណាំ ប្រើតែទឹកត្រជាក់មិនប្រើទឹកកក ពីព្រោះសីតុណ្ហភាពត្រជាក់ពេកអាចធ្វើឱ្យស្នាមរបួសកាន់តែធ្ងន់ធ្ងរ។
+ លាបថ្នាំដុសធ្មេញដើម្បីព្យាបាលមុននិងដំបៅ ថ្វីដ្បិតសមាសធាតុ baking soda ក្នុងថ្នាំដុសធ្មេញអាចធ្វើឱ្យស្ងួតស្នាមមុនកំពុងហើមក្រហមឬក៏នៅកន្លែងដំបៅពងនៅបបូរមាត់ និងក្នុងមាត់ ក៏ប៉ុន្តែសមាសធាតុផ្សេងៗក្នុងផលិតផលថ្នាំដុសធ្មេញ ដូចជា អាល់កុល menthol និង hydrogen បែរជាងាយនឹងប្រតិកម្មស្បែក ពិសេសគឺពេលលាបលើបបូរមាត់។
+ ប្រើប្រាស់ទឹកខ្ពុរមាត់ព្យាបាលឈឺបំពង់ក មូលហេតុបណ្តាលឱ្យឈឺបំពង់ក ច្រើនតែឆ្លងវីរូស (ដូចជាករណីគ្រុនផ្តាសាយ) ម៉្លោះហើយមិនអាចប្រើប្រាស់ទឹកខ្ពុរមាត់ ដើម្បីព្យាបាលឈឺបំពង់កនោះទេ។ ផ្ទុយមកវិញ ការខ្ពុរលាងបំពង់កពេលកំពុងរលាកនឹងធ្វើឱ្យកាន់តែធ្ងន់ធ្ងរ។ វិធីល្អបំផុតដើម្បីកាត់បន្ថយអាការៈឈឺបំពង់កពេលគ្រុនផ្តាសាយ គឺសម្រាកឱ្យបានច្រើននិងធានាផ្គត់ផ្គង់ឱ្យរាងកាយបានគ្រប់គ្រាន់ ដោយវិធីផឹកទឹកនិងពិសាទឹកស៊ុបឱ្យបានច្រើន។
+ កាត់ឫសដុះលើស្បែកដោយកាំបិតឬកន្រ្តៃ ឫសដុះលើស្បែកគឺជាដុំពកតូចគគ្រីតគគ្រាតលើស្បែក អាស្រ័យវីរូសដុំគីស (HPV) បង្កឡើង។ ការកាត់ដោយប្រើឧបករណ៍មុតស្រួច តួយ៉ាងដូចកាំបិតឬកន្រ្តៃអាចនឹងប្រឈមហានិភ័យឆ្លងរោគស្នាមរបួស។ ជំនួសឱ្យវិធីនេះ យើងអាចព្យាបាលឫសដុះលើស្បែក ដោយវិធីផ្សេងនិងមានសុវត្ថិភាពជាង តួយ៉ាងដូចប្រើប្រាស់ទឹកខ្មេះប៉ោមជាដើម។ ប្រការដែលមិត្តគប្បីធ្វើ គឺលាយទឹកខ្មេះប៉ោម ២ ភាគលាយនឹងទឹកស្អាត ១ ភាគ បន្ទាប់មកយកសំឡីផ្តិតសើមបិទលើស្នាមឫសដុះលើស្បែកនោះ។ ប្រើប្រាស់សំពត់រុំដំបៅឬបង់រុំបិទដុំសំឡីទុកកន្លងរាត្រី។ ព្យាយាមអនុវត្តវិធីនេះរៀងរាល់រាត្រីមុននឹងចូលកេង ឫសដុះលើស្បែកនឹងរលាបបាត់ជាមិនខាន។
+ ប្រើប្រាស់ស្រា Whiskey ព្យាបាលឈឺធ្មេញ វិធីនេះអាចធ្វើឱ្យមនុស្សមួយចំនួនចូលចិត្ត ប៉ុន្តែធាតុពិតវាគ្មានប្រសិទ្ធភាពទេ ពីព្រោះស្រា Whiskey ផ្ទុកសារធាតុសណ្តំចំនួនតិច។ ថ្វីដ្បិតគ្មានប៉ះពាល់អ្វី ប៉ុន្តែការអនុវត្តវិធីនេះនាំឱ្យខាតពេលឥតប្រយោជន៍ យឺតយ៉ាវដល់ការព្យាបាល ក៏ដូចជាធ្វើឱ្យធ្មេញកាន់តែឈឺខ្លាំង។
+ ប្រើប្រេងល្ហុងខ្វងដើម្បីរំញោចសម្រាលកូន ប្រេងល្ហុងខ្វងផ្ទុកអាស៊ីត ricinoleic វាមានប្រសិទ្ធភាពធ្វើឱ្យរំញោចពោះវៀន ទើបពេលខ្លះវាត្រូវបានកំណត់ឱ្យប្រើព្យាបាលទល់លាមក និងសម្អាតពោះវៀនមុនពេលពិនិត្យឬវះកាត់ពោះវៀន។ ថ្វីបើដូច្នោះ គ្មានវិទ្យាសាស្រ្តណាមួយបញ្ជាក់ថា ការប្រើប្រេងល្ហុងខ្វងអាចជួយស្រ្តីមានផ្ទៃពោះសម្រាលកូនបានឆាប់នោះឡើយ៕
អាងញ៉ៀង-មុនី (យោង៖ TheHealthSite)