សាលាវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ មានទីតាំងនៅសង្កាត់ចូវវ៉ាន់លីម ខណ្ឌអូរ ម៉ូង។ ប៉ុន្មានឆ្នាំកន្លង សាលាតែងលើកកម្ពស់គុណភាពបង្រៀននិងរៀន ដើម្បីស័ក្តិសមជាថ្នាលបណ្តុះបញ្ញវន្តសម្រាប់ជនរួមជាតិខ្មែរនៅក្រុងកឹងធើ។
សិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកកឹងធើ នៅថ្ងៃបើកបវេសនកាល
ឆ្នាំសិក្សា២០១៩-២០២០។
សាលាវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ បានបង្កើតកាលពីឆ្នាំសិក្សា១៩៩៤-១៩៩៥។ ចាប់ដំណើរការបានជិត២៥ឆ្នាំ សាលារៀនរីកចម្រើនទាំងបរិមាណភាពនិងគុណភាព។ ឆ្នាំសិក្សាដំបូង១៩៩៤-១៩៩៥ សាលាមាន៥ថ្នាក់រៀនកម្រិតអនុវិទ្យាល័យ ដោយមានសិស្សប្រមាណ១៦៦នាក់ លុះដល់សិក្សា២០១៨-២០១៩ សាលាមាន១៦ថ្នាក់រៀនកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យ ដោយមានសិស្សជាង៥០០នាក់ រីឯមូលដ្ឋានសម្ភារៈរបស់សាលាកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
លោកគ្រូង្វៀនង៉ុកសើុង នាយកសាលាវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ ឱ្យដឹង៖ ទន្ទឹមនឹងដំណើរការធ្វើឱ្យសុក្រឹតទាំងមូលដ្ឋានសម្ភារៈនិងកងជួរគ្រូបង្រៀន សាលាតែងខិតខំពង្រឹងនិងលើកកម្ពស់គុណភាព។ មកទល់ពេលនេះ គ្រូបង្រៀនរបស់សាលា១០០% មានកម្រិត វិជ្ជាជីវៈសម្រេចបទដ្ឋាននិងសម្រេចលើបទដ្ឋានតាមការកំណត់ជាធរមាន ជារៀងរាល់ឆ្នាំ មានគ្រូបង្រៀន១០០%បានបំពាក់បំប៉នវិជ្ជាជីវៈ។ ពិសេស គ្រូបង្រៀនគ្រប់រូបរបស់សាលាបាន អនុវត្តបច្ចេកវិទ្យាក្នុងការបង្ហាត់បង្រៀន។ មិនត្រឹមតែដូច្នោះ ក្នុងរយៈកាលជិត២៥ឆ្នាំដំណើរការ សាលាមានសិស្សជាច្រើនប្រឡងជាប់ជម្រើសចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យ និងមានសិស្សមួយចំនួនក្លាយជាកម្មាភិបាល គ្រូបង្រៀនបម្រើការងារនៅតាមសាលារៀន ស្ថាប័ននានានៅក្នុងក្រុងនិងភូមិភាគផ្សេងៗ។
ឆ្នាំសិក្សា២០១៩-២០២០ សាលាវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ មានសិស្សចំនួន ៥១៥នាក់ សិក្សាចាប់ពីថ្នាក់ទី៧ដល់ថ្នាក់ទី១២ ភាគច្រើនជាជនជាតិខ្មែរ សំខាន់គឺនៅខណ្ឌអូរម៉ូង ស្រុកកើ-ដនិងថើយឡាយ។ ឆ្នាំសិក្សានេះ សាលាខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីអត្រាសិស្សប្រឡងជាប់សញ្ញាប័ត្រវិទ្យាល័យសម្រេច៩៦% និងសម្រេចបានលទ្ធផលល្អនៅពិធីប្រឡងសិស្សពូកែគ្រប់កម្រិត និងចាត់តាំងពិធីប្រឡងវោហារកោសល្យភាសាខ្មែរ។ល។ លោកគ្រូង្វៀនង៉ុកសើុង នាយកសាលាវិទ្យាល័យជនជាតិអន្តេវាសិកក្រុងកឹងធើ ឱ្យដឹងបន្ថែម៖ សាលានឹងបន្តការកសាងលើកកម្ពស់គុណភាពកងជួរគ្រូបង្រៀននិងកម្មាភិបាលទទួលបន្ទុកផ្នែកអប់រំ តាមស្មារតីនៃបទបញ្ជាលេខ៤០-CT/TW របស់គណៈលេខា ចុះថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០០៤ អំពី”ការកសាងលើកកម្ពស់គុណភាពកងជួរគ្រូបង្រៀននិងកម្មាភិបាលទទួលបន្ទុកផ្នែកអប់រំ”។ ទូទាំងសាលាអនុវត្តល្អការ ”រៀនសូត្រនិងធ្វើតាមឧត្តមគតិ សីលធម៌ ឥរិយាបទហូជីមិញ” ទន្ទឹមនឹងការអនុវត្តល្អការចលនារបស់ផ្នែកអប់រំ ស្តីពីការចលនា”គ្មានពីរ”ដោយមាន៤ខ្លឹមសារការចលនា “លោកគ្រូ អ្នកគ្រូគ្រប់រូបគឺគំរូសីលធម៌ ស្វ័យសិក្សា និងច្នៃប្រតិដ្ឋ”។ល។ សាលាបន្តការខិតខំយ៉ាងពេញទំហឹង “បង្រៀនល្អ រៀនល្អ” ដើម្បីស័ក្តិសមជាថ្នាលបណ្តុះបញ្ញវន្តសម្រាប់ជនរួមជាតិខ្មែរនៅក្រុងកឹងធើ៕
ថាញ់ឡុង-មុនី