មកដល់ភូមិតាអឹង២ ឃុំធ្វឹងហ៊ឹង ស្រុកមីទូ ខេត្តសុកត្រាំង សួររកគ្រួសារពូឡឹមមី និងអ្នកមីងហឿធីធីវហ្វា នរណាក៏ដឹងនិងកោតសរសើរពីឆន្ទៈជម្នះភាពក្រីក្រ ចិញ្ចឹមកូនរៀនសូត្រចប់ចុងចប់ដើម។ បច្ចុប្បន្ន កូនទាំង៣នាក់របស់គាត់សុទ្ធតែជាគ្រូបង្រៀន។
![ជម្នះលំបាកដើម្បីអនាគតកូន](https://baocantho.com.vn/image/fckeditor/upload/2019/20191104/images/khmer/61.jpg)
ពូឡឹមមី មោទនភាពពេលសម្លឹងឃើញប័ណ្ណសរសើររបស់កូនៗ។
ចង្អុលបង្ហាញផ្ទះកូនៗសាងសង់យ៉ាងសមរម្យ ពូមីសំណេះសំណាល៖ “បច្ចុប្បន្ន កូនបង្កើត កូនប្រសាសុទ្ធតែជាគ្រូបង្រៀនទាំងអស់ ដូច្នេះជីវភាពគ្រួសារធូរធារគ្រាន់បើ មានផ្ទះសម្បែងសមរម្យ។ កូនៗនរណាក៏ទិញបានដី និងសង់ផ្ទះនៅជុំវិញ ដើម្បីមើលថែម៉ែឪនៅពេលចាស់ជរា។ ឃើញកូនបានជោគជ័យ រស់នៅសាមគ្គី ស្រុះស្រួលគ្នា ដឹងគុណម៉ែឪពេលចាស់ជរា ខ្ញុំសប្បាយចិត្តណាស់។ នោះហើយជាអ្វីដែលខ្ញុំមិនដែលហ៊ានគិតពីមុន ព្រោះជីវភាពក្រីក្រលំបាក ប្តីប្រពន្ធខ្ញុំខំប្រឹងធ្វើការឈ្នួល ដើម្បីគិតគូរដល់ជីវភាពប៉ុណ្ណោះ”។ ជីវិតកម្មករគឺគ្មានសល់ផលប៉ុន្មានទេ ពេលដែលកូនៗទាំងបីធំដឹងក្តី ចូលរៀនវិទ្យាល័យហ្វាងយីវសុកត្រាំងបន្តបន្ទាប់គ្នា ប្រាក់ចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃកាន់តែកើនឡើង។ រួចហើយកូនៗ ក៏ឈានចូលរៀនមហាវិទ្យាល័យ ជីវភាពក៏រឹតតែលំបាកទ្វេដង។ ចាប់តាំងពីពេលនោះមក ប្តីប្រពន្ធខ្ញុំចែករំលែកការងារដើម្បីរកប្រាក់ផ្គត់ផ្គង់កូនៗ។ ពូមីមានប្រសាសន៍៖ “ប្រពន្ធខ្ញុំខំប្រឹងដាំដុះនិងចិញ្ចឹមជ្រូក។ ចំណែកខ្ញុំពេលថ្ងៃរត់ម៉ូតូឌុប ពេលយប់ទៅឆ្លុះត្រី ចាប់កង្កែបលក់ ដើម្បីមានប្រាក់គិតគូរចិញ្ចឹមកូនរៀនសូត្រ។ ពេលកូនត្រូវការប្រាក់ច្រើន ប្រពន្ធខ្ញុំទៅបុលខ្ចីគេខាងក្រៅ ដល់ពេលប្រមូលផលដំណាំឬលក់ជ្រូកទើបសងវិញ។ ឃើញដៃជើងប្រពន្ធត្រូវទឹកស៊ី ហើមរលួយ ប៉ុន្តែមិនត្អូញត្អែ ខ្ញុំខ្លោចចិត្តណាស់។ ផ្ទុយមកវិញ នៅទាំងលើកទឹកចិត្ត ខ្ញុំឱ្យខំប្រឹងដើម្បីជម្នះការលំបាក កុំទុកឱ្យកូនៗលំបាកដូចប្តីប្រពន្ធយើង”។ ទោះបីជីវភាពក្រលំបាកយ៉ាងណាក៏ដោយ ក៏ប្តីប្រពន្ធពូមីមិនរាចិត្តដែរ គាត់នៅតែខិតខំអស់ពីសមត្ថភាព ដើម្បីគិតគូរអនាគតកូនៗ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានលើកទឹកចិត្តកូនៗខិតខំរៀនសូត្រឱ្យបានល្អ ម៉ែឪនឹងគិតគូរគ្រប់គ្រាន់ដើម្បីកូនៗរៀនចប់មហាវិទ្យាល័យ។
ពាក្យដាស់តឿនលើកទឹកចិត្តរបស់ប្ដីប្រពន្ធគាត់ គឺជាកម្លាំងចលករដើម្បីកូនៗឆ្លងកាត់ការលំបាក និងរៀនចប់មហាវិទ្យាល័យ បច្ចុប្បន្ន កូនប្រុសច្បង គឺឡឹមហឿហឺវ និងកូនស្រីបន្ទាប់ឡឹមហឿហ្វា បង្រៀននៅអនុវិទ្យាល័យធ្វឹងហ៊ឹង កូនប្រុសពៅ ឡឹមហឿហាយ បង្រៀននៅអនុវិទ្យាល័យភូមី ឃុំភូមី។ បងឡឹមហឿហឺវ សំណេះសំណាល៖ “ពេលវិស្សមកាលខ្ញុំមកផ្ទះ ឃើញពុកម៉ែនឿយហត់ខំធ្វើការដើម្បីរកប្រាក់ឱ្យពួកខ្ញុំរៀនសូត្រ ខ្ញុំអាណិតគាត់ណាស់។ ពេលនោះ ខ្ញុំបានដាស់តឿនប្អូនៗ និងខ្លួនឯងផ្ទាល់ត្រូវរស់នៅត្រឹមត្រូវព្យាយាមរៀនសូត្រនិងប្រើប្រាស់ប្រិតសំចៃ។ ពីព្រោះប្រាក់ដែលពុកម៉ែឱ្យទៅរៀននោះ គឺជាញើសរបស់គាត់។ អាស្រ័យទឹកចិត្តលះបង់របស់ពុក ម៉ែ ទើបបងប្អូនខ្ញុំមានជីវភាពល្អប្រសើរដូចសព្វថ្ងៃនេះ។ ឪពុកម្តាយជាគំរូដ៏ល្អសម្រាប់យើងខ្ញុំ” ៕
យ្វីអាញ់ - លេងមី