គឹមហ្វិញថាវវឹង ជាសិស្សរៀនថ្នាក់ទី១០ សាលាមធ្យមសិក្សាចំណេះទូទៅវ៉ូវដិញលីវ ស្រុកចូវថាញ់ ខេត្តត្រាវិញ ហើយជាសិស្សរៀនពូកែ៩ឆ្នាំបន្តបន្ទាប់។ ក្រៅពីរៀនពូកែនៅសាលាចំណេះទូទៅ ថាវវឹងរៀនអក្សរខ្មែរនៅវត្តចម្ប៉ាបូរី ត្រោកលិច ទីប្រជុំជនចូវថាញ់ ក៏ពូកែពីថ្នាក់ទី១ដល់ទី៥ផងដែរ។ ជាពិសេស ប្អូនមានទឹកដមសំឡេងសូធ្យកំណាព្យយ៉ាងពីរោះទៀតផង។
|
ប្អូនគឹមហ្វិញថៅវឹងឡើងសំដែងសុន្ទរកថា និងសូធ្យកំណាព្យខ្មែរ។ |
ក្រៅពីរូបសម្បត្តិសមរម្យ ឈ្លាសវៃ រៀនពូកែ ប្អូនថាវវឹងថែមទាំងមានទឹកដមសំឡេងសូធ្យកំណាព្យយ៉ាងពីរោះ។ ព្រោះហេតុដូច្នោះ ពេលវត្តមានឱកាសបុណ្យទាន ឬពិធីបញ្ចប់ការសិក្សាម្ដងៗ ព្រះចៅអធិការក៏ដូចជាគ្រូបង្រៀនប្រចាំថ្នាក់ តែងជ្រើសថាវវឹងឡើងសំដែងសុន្ទរកថា ក៏ដូចជាសូធ្យកំណាព្យជាដើម។ ក្នុងថ្នាក់រៀនថាវវឹងជាសិស្សគំរូម្នាក់ ត្រូវបានគ្រូអាចារ្យ មិត្តិភក្ដិស្រឡាញ់រាប់អាន។ ចំពោះរូបប្អូនថាវវឹង ការរៀនសូត្រនៅសាលាចំណេះទូទៅ ឬរៀនអក្សរខ្មែរក្នុងឱកាសវិស្សមកាលក្ដី គឺជាចំណង់ចំណូលចិត្តរបស់ប្អូនតាំងពីតូចមកម៉្លេះ។ ព្រមជាមួយនោះ ប្អូនថាវវឹងថែមទាំងចូលចិត្តសូធ្យកំណាព្យ សូធ្យធម៌ជាដើម។ មុនពេលឈានចាប់យកចំណង់ចំណូលចិត្តទាំងនោះ ថាវវឹងតែងរៀនល្អគ្រប់វិញ្ញាសា។ បន្ទាប់មក ប្អូនចំណាយពេលរៀនសូធ្យកំណាព្យ។ ដើម្បីសូធ្យកំណាព្យពីរោះ បញ្ចូលមនោសញ្ចេតនាដល់អ្នកស្ដាប់ តាមប្អូនថាវវឹងឱ្យដឹង ក្រៅពីមានទឹកដមសំឡេង ខ្លួនប្អូនផ្ទាល់ក៏ឧស្សាហ៍ហាត់ពត់ ចេះរបៀបចាប់ចុងចួនកំណាព្យ ហើយសូធ្យបញ្ចូលមនោសញ្ចេតនាត្រូវតាមឃ្លាឃ្លោង ទើបមានភាពពីរោះ។
គឹមហ្វិញថាវវឹង ឱ្យដឹង៖ “បំណងប្រាថ្នារបស់ប្អូនគឺចង់ធ្វើជាអ្នកគ្រូបង្រៀនអក្សរខ្មែរ។ ព្រោះហេតុដូច្នោះ ទន្ទឹមនឹងការប្រឹងប្រែងរៀនចំណេះទូទៅឱ្យពូកែ ដើម្បីប្រឡងចូលរៀនគរុកោសល្យភាសាខ្មែរ ក្នុងឱកាសវិស្សមកាល ប្អូនតែងឆ្លៀតមកវត្តរៀនអក្សរខ្មែរ។ ប្អូនចូលចិត្តមកវត្តខ្លាំងណាស់ ដ្បិតអីមកវត្តមិនត្រឹមតែរៀនអក្សរខ្មែរប៉ុណ្ណោះទេ គឺនៅថែមទាំងរៀនសូត្របាននូវប្រការល្អៗជាច្រើន ក្នុងនោះ មានរៀនធម៌សូធ្យ កំណាព្យជាដើម។ល។ ដ្បិតអី ក្នុងសៀវភៅធម៌ ក៏ដូចជាក្នុងកំណាព្យ តែងមានអត្ថន័យអប់រំ ជួយឱ្យយើងគ្រប់គ្នារស់នៅ មានសីលធម៌និងធ្វើនូវអំពើល្អ ជាពិសេស ជួយឱ្យយើងមានភាពជឿជាក់ក្នុងជីវភាព”។
ព្រះតេជព្រះគុណសឺននួនមី ព្រះចៅអធិការវត្តចម្បា៉បូរី មានថេរដីកា៖ “ថាវវឹងជាកុមារីលុះក្នងដំបូន្មាន រៀនពូកែទាំងចំណេះទូទៅនិងអក្សរខ្មែរ។ ក្រៅពីនោះ ប្អូនថែមទាំងមានទឹកដមសំឡេងសូធ្យកំណាព្យ ក៏ដូចជាសូធ្យធម៌យ៉ាងពីរោះ។ នៅពេលមានបុណ្យទាន ឬក្នុងពិធីបញ្ចប់ការសិក្សាជាដើម វត្តតែងតម្រូវឱ្យប្អូនថាវវឹងឡើងសំដែងសុន្ទរកថាតំណាងសិស្ស និងសូធ្យកំណាព្យ”៕
សឺនម៉ាល័យ - ថាច់ធី