08/04/2019 - 21:15

ទំនៀម​និង​អត្ថ​ន័យ​នៃ​បុណ្យ​កម្សា​ន្ត​ស្រុក​

បើ​យើង​វិ​ភាគ​ទៅ​តាម​ទំ​នៀម​ទម្លាប់​​ ប្រ​ពៃ​ណី​នៃ​បុព្វ​បុ​រស​របស់ដូន​តា​ផង​យើង ​ដែល​បន្សល់​ទុក​មក​ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ដល់​កំ​ណត់​ ឆ្នាំ​ចាស់​ឆ្លង​ផុត​ទៅ ​​ឆ្នាំ​ថ្មី​បោះ​ជំ​ហាន​​ឈាន​ចូល​មក​ ភូមិ​ស្រុក​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ តែង​តែ​ប្រា​រព្ធ​ពិ​ធី​បុណ្យ​មួយ​​ ឲ្យ​ឈ្មោះ​ថាបុណ្យ​កម្សាន្ត​ស្រុក​ ការ​ហៅ​ឈ្មោះ​នេះ​ទៀត​​សោត​ គឺ​ទៅ​តាម​និ​យម​នៃភូមិ​ស្រុក​នី​មួយ​ៗ​ ស្រុក​ខ្លះ​ហៅ​ថា​បុណ្យ​អ្នក​តា​ម្ចាស់​ស្រុក​ ស្រុក​ខ្លះទៀត​ហៅ​ថា​បុណ្យ​សាមគ្គី​ ឬ​បុណ្យ​ភូមិ​ក៏​សឹង​មាន​។​

​ ​ យាយ​តា​​​ មា​មីង​ ពុទ្ធ​ប​រិ​ស័ទ​រាប់​បាត្រ​ក្នុង​ពិ​ធី​បុណ្យ​កម្សាន្ត​ស្រុក​ ។​ រូប៖ ​ម៉ា​ល័យ​

ចាស់​ៗ​ព្រឹទ្ធា​ចារ្យ​ រៀប​រណ្តាប់​សែន​ មាន​បាយ​សម្ល​ បង្អែម​ចម្អាប​ ទៀន​ធូប​ ភ្ញី​ផ្កា​ ផ្លែ​ឈើ ​ភេសជ្ជៈ​និង​គ្រឿង​ក្រ​អូប​ បួង​សួង​សូម​សេច​ក្តីសុខ​ចម្រើន​គ្រប់​ប្រ​ការ​។ រូប​៖ ម៉ា​ល័យ​

ធម្ម​តា​នៅ​តាម​ភូមិ​ស្រុក​នី​មួយ​ៗ​ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ គឺសុទ្ធ​តែ​មាន​ផ្ទះ​អ្នក​តា​ឬ​សា​លា​ស្រុក​មួយ​​ឋិត​នៅ​​ចុង​ភូមិ​ ស្រុក​ ឬ​ចុងជន​បទ​ នេះ​ចាត់​ទុក​ដូច​​ជា​ការ​កំ​ណត់​នៃ​ខេត្ត​ខ័ណ្ឌ​ ឬ​ព្រំ​ដែន​សី​មា​ នៃ​ភូមិ​ស្រុក​នី​មួយ​ៗ កំ​ណត់​ទុក​ដូច​ជា​អ្នក​យាម​ល្បាត​នៅ​ចុង​ស្រុក​ ចុង​ជន​បទ​ ម្ល៉ោះ​ហើយ​បាន​ជា​យើង​គេ​ទាំង​ឡាយ​តែង​រាប់​អាន​កន្លែង​នេះ​ហើយ​ជា​កន្លែង​អ្នក​យាម​​ល្បាត អ្នក​ថែ​ទាំ​ អ្នក​ឆ្មាំ​ចាំ​ចុង​ស្រុក​នៃ​ភូមិ​ ស្រុក​នី​មួយ​ៗ​ ។​

បុណ្យ​កម្សាន្ត​ស្រុក​ ឬ​​បុណ្យ​សាម​គ្គី​នេះ​ ធម្ម​តា​ត្រូវ​បាន​ប្រា​រព្ធ​ឡើង​នៅ​សា​លា​ចុង​​ស្រុក ហៅ​ថា​ផ្ទះ​អ្នក​តា​នេះ​ឯង​ បុណ្យ​នេះ​ផ្ដើម​ឡើង​ដោយ​អ្នក​មាន​កិត្យា​នុ​ភាព​នៅ​ក្នុង​​ភូមិ​ចេញ​មុខ​ជំ​ហរ​ដើរ​ប​វា​រណា​ រៃ​អង្គាស​ បច្ច័យ​ ស្រូវ​ អង្ករ​ ដើម្បី​យក​មក​បែង​បទ​ធ្វើ​​បុណ្យ​រួម​ (មាន​តំ​បន់​ខ្លះ​គឺ​ធ្វើ​ទៅ​តាម​លំ​​ដាប់​ផ្ទះ​ ឬ​តាម​ក្រុម​វេន​) ទន្ទឹម​នឹង​នោះ​ ក៏​មាន​អញ្ជើញ​ភ្ញៀវ​កិត្តិ​យស​ជិត​ឆ្ងាយ​មក​ចូល​​រួម​សប្បាយ​ និង​រួម​វិ​ភាគ​ទាន​ បំ​ពេញ​កង​ ការ​កុ​សល​ផង​ដែរ​។ ពិ​ធី​បុណ្យ​ធំ​ឬ​តូច​ នេះ​សោត​ ​គឺ​​​ធ្វើ​​អា​ស្រ័យ​ទៅតាម​ស​មត្ថ​ភាព​​នៃ​ភូមិ​ ស្រុក​នី​មួយ​ៗ​ ។ តាម​និយម​នៅ​ថ្ងៃ​ចូល​បុណ្យ​ ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុង​ភូមិ​ មាន​រៀប​ចំ​ពិ​ធី​សែន​អ្នក​តា​ គ្រឿង​រណ្តាប់​សែន​ មាន​បាយ​សម្ល​ បង្អែម​ចម្អាប​ និង​គ្រឿង​ សក្ការៈ​ផ្សេង​ៗ​មាន​៖ បាយ​សី ទៀន​ ធូប​ ភ្ញី​ផ្កា​ គ្រឿង​ក្រ​អូប​ ផ្លែ​ឈើ​ ភេសជ្ជៈ​ ។ល។ លោក​អា​ចារ្យ​ដែល​ជា​ចាស់​ព្រឹទ្ធា​ចារ្យ​ក្នុង​​ភូមិ ធ្វើ​កិច្ច​សំ​បូង​សង្រូង​សូម​ឲ្យ​ភ្លៀង​ខ្យល់​​ធ្លាក់​ស្មើ​ ដំ​ណាំ​ដាំ​ដុះ​លូត​លាស់​ល្អ​ និង​សូម​ឲ្យ​បាន​សេច​ក្តី​សុខ​សេចក្តី​ចម្រើន​នៅ​ឆ្នាំ​បន្ត​ទៀត​។ ពេល​រ​សៀល​មាន​ទ​ទួល​ជប់​លៀង​ភ្ញៀវ​កិត្តិ​យស​ជិត​ឆ្ងាយ​ផង​ដែរ​។ ជន​រួម​ខ្មែរ​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាស​នាសុទ្ធ​សាធ​ ហេតុ​នោះ​ កម្ម​វិ​ធី​បុណ្យ​អ្វី​មួយ​តែង​តែ​មាន​និ​មន្ត​ព្រះ​សង្ឃ​ បុណ្យ​នេះ​ក៏​មិន​ខុស ប្លែក​នោះ​ដែរ​ ពេល​ល្ងាច​​មាន​និ​មន្ត​ព្រះ​សង្ឃ​​ចំ​រើន​ព្រះ​បរិត្ត​ ដើម្បី​រ​លាស់​ប្រោះ​​ព្រំ​ពរ​ជ័យ​សូម​សុខ​សិ​រី​សួស្តី​ក្នុង​ឆ្នាំ​ថ្មី​ និង​មាន​អា​រា​ធ​នា​ អង្គ​ធម្ម​ក​ឋិក​សម្តែង​ព្រះ​ធម៌​ទេស​នា​។ល។ ពេល​ព្រឹក​ជាកិច្ច​បញ្ចប់​ គឺ​មាន​និ​មន្ត​ព្រះ​សង្ឃ​រាប់​បាត្រ​ទ​ទួល​ភត្ត​ អ​នុ​មោទ​នា​ទាន​ ដើម្បី​ឧទ្ទិ​ភាគ​ផល​ដល់​បុព្វ​កា​រី​ជន​ មាន​មា​តា​ បិ​តា​ គ្រូ​ឧបជ្ឈា​យា​ចារ្យ​ ញាតិ​កា​ទាំង​៧​ សន្ដាន​របស់​ផង​ខ្លួន​ ដែល​បាន​ចែក​ឋាន​​ទៅ​កាន់​លោកខាង​មុខ​ហើយ​នោះ​ សូម​ឲ្យ​ដួង​វិញ្ញាណ​ក្ខន្ធ​របស់​អស់​លោក​ទាំង​នោះ បាន​ទៅ​កើត​ក្នុង​ស្ថាន​គាប់​ ស្ថាន​គួរ​ ​មាន​ស្ថាន​សួគ៌​ជា​ដើម​។ល។ ក្រៅពី​នោះ​ ក្នុង​ពិ​ធី​បុណ្យ​ ថែម​ទាំង​មាន​កម្ម​វិ​ធី​រាំ​កម្សាន្ត​ លេង​​ល្បែង​ប្រ​ជាប្រិយ​ មាន​កន្លែង​ខ្លះ​ជួល​ទាំង​​ក្រុម​សិល្បៈ​ ក្រុម​យក្ស​រាំ​មក​សម្តែង​បម្រើ​ជូន​​ភ្ញៀវ​ក៏​ដូច​មា​មីង​បង​ប្អូន​ចូល​រួម​ក្នុង​ពិ​ធី​​បុណ្យ​ទៀត​ផង​ ។

ម៉្យាង​វិញ​ទៀត មួយ​ឆ្នាំ​កន្លង​ ទៅ​ភូមិ​​ ស្រុក ចម្រុង​ចម្រើន​លើ​គ្រប់​វិ​ស័យ​ទាំង​អស់​ ដូច​ជា​ វិ​ស័យ​សិក្សា​​អប់​រំ​ វិ​ស័យ​ស្ថាប​នា​ក​សាង​សេដ្ឋ​កិច្ច​គ្រួ​សារ​ ដំ​ណាំ​ដាំ​ដុះ​ចម្រុង​ចម្រើន​។ល។ ហេតុ​នោះ​ភូមិ​ស្រុក​នី​មួយ​ៗ​ ទុក​ដូច​ជា​ភូមិ​គ្រឹះ​ដ៏​តូច​មួយ​ដែល​ផ្តល់​នូវ​ជីវ​ភាព​ ផ្តល់​នូវ​កំ​ណើត​ក​កើតរបស់​យើង​ ជា​ជីវ​ស្ថាន​មួយ​​ដ៏​ត្រ​ជាក់​ត្រ​ជំ​ផ្តល់​នូវ​ភាព​សុខ​សាន្ត​ សុខដុម​រម​នា​ដល់​យើង​ទាំង​ឡាយ​ គឺ​អា​ស្រ័យ​ ភូមិ​ស្រុក​នេះ​ឯង​ ហេតុនោះ​ ឲ្យ​តែ​ឆ្នាំ​ចាស់​​កន្លង​ទៅ​ ឆ្នាំ​ថ្មី​បោះ​ជំ​ហាន​ឈាន​ចូល​មក​ ខែ្មរ​យើង​តែង​តែ​ប្រា​រព្ធ​ធ្វើ​ជា​ពិ​ធី​បុណ្យ​កម្សាន្ត​ស្រុក​ ជា​កិច្ច​តប​ស្នង​ម្ចាស់​​ទឹក​ ម្ចាស់​ដី​ អា​រក្ស​ អ្នក​តា​ដែល​ជួយ​ថែ​រក្សា​ដំ​ណាំ​ដាំ​​ដុះ​​​ឆ្នាំ​កន្លង​។ ស្រប​ឱកាស​នេះ​ ភ្ញៀវ​កិត្តិ​យស​ជិត​ឆ្ងាយ​ដែល​អញ្ជើញ​ចូល​រួម​ មាន​ឱ​កាសដោះ​ដូរ​ពិ​គ្រោះ​គ្នា​ក្នុង​ការ​រក​ទ​ទួល​ទាន​ សួរ​ពី​ការ​ចំ​ណូល​ចំ​ណាយ​ក្នុងឆ្នាំ​កន្លង​។ល។ ឆ្លង​តាម​រយៈ​នោះ ​ កាន់​តែ​រឹត​បន្តឹង​នូវ​ចំ​ណង​សាម​គ្គីភាព​ រ​វាង​ពុទ្ធ​បរិ​ស័ទ​និង​ពុទ្ធ​បរិ​ស័ទ​ រ​វាង​ភូមិ​ផង​របង​​ជា​មួ​​យ​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ ជាង​ទៀត​ បុណ្យ​នេះ​បើ​និ​យាយ​សង្ខេប​គឺ​កើត​ឡើង​អា​ស្រ័យ​កម្លាំង​សាម​គ្គី​នេះ​ឯង​។

បុណ្យ​កម្សាន្ត​ស្រុក​ នេះ​បើ​និ​យាយ​ពី​អ្នក​​តា​ម្ចាស់​ស្រុក​ គឺ​មាន​ទាក់​ទង​ជា​មួយ​នឹង​​គម្ពីរ​ធម្ម​បទ​ គឺ​និ​យាយ​ពី​រឿង​ “នាង​កា​ឡី​ យក្ខិនី​” ដែ​ល​ជា​ស្រ្តី​អារ​ ចង​​កម្ម​​ចង​​ពៀរ​ជា​មួយ​នាង​កុល​ធី​តា​ដែល​ជា​ប្រ​ពន្ធ​ចុង​ តាំង​ពី​ជាតិ​មួយ​ទៅ​ជាតិ​មួយ​​ រ​ហូត​ដល់​អវ​សាន​ជាតិ​ក៏​បាន​ជួប​នឹ​ងព្រះ​សា​ស្តា ព្រះ​អង្គ​ទ្រង់​ទេស​នា​ប្រោស​ នាង​កា​ឡី​​យក្ខិនី​ ក៏​បាន សម្រេច​នូវ​ព្រះសោ​តា​ លែង​ចង​កម្ម​ពៀរ​ វេ​រា​នឹង​គ្នា​ ហើយ​ក៏​ចាក​ចេញ​ទៅ​សង់​អា​​ស្រម​មួយ​នៅ​ចុង​ស្រុក​ដើម្បី​ជួយ​ថែ​ទាំ​ ស្រែ​ ចម្ការ​ ។ល។​ ហេតុ​នោះ ទើប​ខ្មែរ​យើង​មាន​សង់​ផ្ទះ​អ្នក​តា​នៅ​ឯ​ចុង​ស្រុក​ ចុង​ជន​បទ​។ រឿង​“នាង​កា​ឡី​យក្ខិនី​” នេះ​គ្រាន់​តែ​ជា​គោល​ឬ​ជា​ចំ​ណែក​ដ៏​តូច​មួយ​ប៉ុណ្ណោះ​ ក្នុង​ការ​ជំ​នឿ​អំ​ពី​បុណ្យ​កម្សាន្ត​ស្រុក​ របស់​ជន​រួម​​ជាតិ​។

បច្ចុ​ប្បន្ន ពិ​ធី​បុណ្យ​កម្សាន្ត​ស្រុក​ រៀប​ចំ​ឡើង​មិន​ត្រឹម​តែ​បំ​ពេញ​នូវ​ក្តី​ជំ​នឿ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ក​ឱ​កាស​រឹត​បន្តឹង​នូវ​ចំ​ណង​សាម​គ្គី​ភាព​ រ​វាង​ពុទ្ធ​ប​រិ​ស័ទ​និង​ពុទ្ធ​ប​រិ​ស័ទ​ រ​វាង​ភូមិ​ផង​រ​បង​ជា​មួយ​ឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជាង​ទៀត​។ ឆ្លង​តាម​រយៈ​នោះ ជំ​រុញ​ទឹក​ចិត្ត​​គ្នា​ទៅ​វិញ​ទៅ​មក​ ខិត​ខំ​​ប្រឹង​ប្រែង​ បញ្ចេញ​កម្លាំង​ពល​កម្ម​ផ​លិត​ ដើម្បី​នាំ​មក​នូវ​ជីវ​ភាព​ សម្បូរណ៍​សប្បាយ​ សុខ​ដុម​រមនា​ ក​សាង​ភូមិ​ស្រុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្រស់​​ស្អាត​ ។ ជា​ពិ​សេស​ ឆ្លង​តាម​រយៈ​ពិ​ធី​បុណ្យ​ បាន​រួម​ចំ​ណែក​ក្នុង​ការ​រក្សា​និង​ពង្រីក​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៍​ជន​ជាតិ​ ញុា​ំងឲ្យ​ខឿន​​វប្ប​ធម៌​របស់​សហ​គមន៍​បណ្តា​ជន​ជាតិ​វៀត​​ណាម​ទាំង​៥​៤កាន់​តែ​សម្បូរ​បែប​ជាង​ទៀត​៕

អ្នកយកព័ត៌មាន

ចែករំលែកអត្ថបទ