ថាច់ខេមរា កើតនិងធំដឹងក្តីក្នុងគ្រួសារមានជីវភាពក្រលំបាក នៅភូមិកូវវី ឃុំថាញ់ហ្វាសើុង ស្រុកកូវង៉ាង ខេត្តត្រាវិញ។ ទោះជាយ៉ាងនោះ តែខេមរាបានខិតខំប្រឹងប្រែងរៀនសូត្រដើម្បីសម្រេចក្ដីប្រាថ្នារបស់ខ្លួនក្លាយជាគ្រូបង្រៀនអក្សរខ្មែរ។
ថាច់ខេមរា “ និស្សិតល្អ៥យ៉ាង” មានកេត្តិយសបានឧទ្ទេសនាម ចូលកងជួរបក្សកាលពីខែសីហា ឆ្នាំ២០១៨។
គ្រួសារខេមរាមានសមាជិក៦នាក់ ប៉ុន្តែការរស់នៅពឹងទៅលើប្រាក់ស៊ីឈ្នួលរបស់ឪពុកម៉្ដាយទាំងស្រុង។ ដោយយល់ពីការលំបាករបស់គ្រួសារ ម៉ោះហើយតាំងពីពេលនៅជាសិស្សសាលា ខេមរាបានចាត់ទុកការរៀនសូត្រជាទិសដៅចម្បង ដើម្បីផ្លាស់ប្តូរជីវិត! ហេតុនេះហើយ រយៈពេល១២ ឆ្នាំសិក្សា ទោះបីរៀនបណ្ដើរទៅធ្វើការឈ្នួលបណ្តើរ ជួយសម្រាលទុក្ខលំបាកឪពុកកម្តាយ ប៉ុន្តែរៀងរាល់ឆ្នាំសិក្សា ខេមរាតែងរៀនសម្រេចនិទ្ទេសគ្រាន់បើនិងពូកែទាំងអស់។
“ ដោយសារតែជីវភាពក្រីក្រ ខ្ញុំបានផ្អាកគោលបំណងរៀនសូត្ររបស់ខ្លួនអស់ពីរលើក” ខេមរាបានរំលឹកដោយទឹកមុខ ស្រងូតស្រងាត់ នោះគឺកាលពីឆ្នាំ២០១៣ ខេមរាបានប្រឡងជាប់ចូលសាកលវិទ្យាល័យបម្រុងទីក្រុងហូជីមិញ តែដោយសារជីវភាពគ្រួសារពេលនោះលំបាកពេក ឪពុកម្តាយគ្មានលទ្ធភាពគិតគូរឲ្យខេមរាទៅរៀនសូត្រ។ ដល់ឆ្នាំបន្ទាប់ ខេមរាក៏បានប្រឡងជាប់ខាងគ្រប់គ្រងវប្បធម៌នៃសាកលវិទ្យាល័យ វប្បធម៌ទីក្រុងហូជីមិញ ប៉ុន្តែពេលនោះគ្រួសារនៅតែគ្មានលទ្ធភាពគិតគូរឲ្យខេមរារៀនសូត្រទៀត ខេមរាក៏ផ្អាកគោលបំណងរៀនមហាវិទ្យាល័យ។ ក្រោយមកខេមរាស្វែងរកឱកាសនៅសាកលវិទ្យាល័យត្រាវិញម្តង។ “ នោះគឺនៅឆ្នាំ២០១៥ ខ្ញុំបានចុះឈ្មោះហើយប្រឡងជាប់គរុវិទ្យានិរុត្តិសាស្រ្តភាសាខ្មែរ ខ្ញុំបានប្តេជ្ញាចិត្តថា ទោះជាយ៉ាងណាក៏ដោយក៏មិនបោះបង់ដូចពីរលើកមុនទៀតឡើយ ហើយក៏បានឪពុកម្តាយអនុញ្ញាតឲ្យឡើងមកត្រាវិញរៀនបណ្ដើរ សូមការងារធ្វើខាងក្រៅបណ្ដើរ” ខេមរាបានឲ្យដឹងដូច្នេះ។
ក្នុងរយៈពេលរៀននៅសាកលវិទ្យាល័យត្រាវិញ ថាច់ខេមរា តែងខំប្រឹងអស់ពីសមត្ថភាពរបស់ខ្លួន។ គាត់មិនត្រឹមតែរៀនពូកែ ជិតស្និទ្ធនឹងមិត្តភ័ក្តិប៉ុណ្ណោះទេ នៅទាំងសកម្មចូលរួមរាល់ សកម្មភាពទៀតផង គាត់បានមិត្តភ័ក្តិគ្រប់រូបកោតស្រឡាញ់ដោយទទួលបានលទ្ធផលឆ្នើមគឺ “ និស្សិតល្អ៥យ៉ាង” និងទទួលបានអាហារូបករណ៍ ង្វៀនធៀងថាញ់ អាហារូបករណ៍របស់សាមាគមជម្រុញការសិក្សាស្រុកកូវង៉ាង និងអាហារូបករណ៍បណ្តុះពន្លកបញ្ញា អាស្រ័យស្ថានីទូរទស្សន៍ត្រាវិញ និងសាកលវិទ្យាល័យត្រាវិញផ្ដល់ជូន។ល។ បងថាច់សាផន លេខាសម្ព័ន្ធយុវជននៃមហាវិទ្យាល័យភាសាវប្បធម៍វិចិត្រសល្បៈខ្មែរណាមបូ សាកលវិទ្យាល័យត្រាវិញ បានវាយតម្លៃ៖ “ថាច់ខេមរាមិនត្រឹមតែមានលទ្ធផលសិក្សាល្អប៉ុណ្ណោះទេ ប្អូននៅទាំងសកម្មចូលរួមរាល់សកម្មភាពរបស់សម្ព័ន្ធយុវជន សមាគមនិស្សិតនិងទទួលបានស្នាដៃជាច្រើនគួរឲ្យស្ងើចសរសើរ។ ពិសេស ប្អូនខេមរាទទួលបានកិត្តិនាម”និស្សិតល្អ៥យ៉ាង” របស់សាលា ហើយមានកិតិ្តយសបានឧទ្ទេសនាម ចូលកងជួរបក្សនៅថ្ងៃ៩ខែសីហាឆ្នាំ២០១៨”។
ស្ដីពីគោលបំណងនាអនាគត ថាច់ខេមរា បង្ហើបឲ្យដឹង៖ “ខ្ញុំនៅតែចំណាយពេលវេលាយ៉ាងច្រើន ដើម្បីរៀនសូត្រ។ ខិតខំហាត់ពត់លត់ដំកែលម្អកង្វះខាតរបស់ខ្លួន តាមរយៈសកម្មភាពរបស់សម្ព័ន្ធយុវជននិងទៅធ្វើការងារខាងក្រៅ ដើម្បីយកប្រាក់រៀនសូត្រ ខ្ញុំនឹងខំប្រឹងអស់ពី សមត្ថភាពដើម្បីថ្ងៃក្រោយបានក្លាយជាគ្រូបង្រៀនអក្សរខ្មែរ” ៕
យ័ញពិត