14/01/2019 - 09:40

សិប្ប​ករ​ឆ្នើម​ឡឹម​ផែន

ដោយ​ទឹក​ចិត្ត​ស្នេ​ហា​សិល្បៈ​វប្ប​ធម៌​ខ្មែរ បាន​ជា​សិប្ប​ករ ឡឹម​ផែន (កើត​ឆ្នាំ​១៩៥២​) នៅ​ភូមិ​បារ​ស្រែ​ ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រាវិញ​ បាន​ហាត់​ច្រៀង​រាំ​​ទះ​ស្គរ ផ្លុំ​ប៉ី​​ តាំង​ពី​កុ​មារ​ភាព​មក​ម្ល៉េះ។ គាត់​តែងចូល​រួម​ជា​មួយ​ក្រុម​សិល្បៈ​ក្នុង​ភូមិ ទៅ​សម្តែង​ក្នុង​ពិ​ធី​បុណ្យ​ផ្សេង​ៗរបស់​ជន​រួម​ជាតិ​ខ្មែរ​។ ដោយ​ការ​ជក់​ចិត្ត​ផ្តិត​អា​រម្មណ៍​ជា​មួយ​ចង្វាក់ភ្លេង ព្រម​ទាំង​ទឹក​ចិត្ត​ស្នេ​ហា​សិល្បៈ​ ក៏​បាន​ជំ​រុញ​ឲ្យ​លោក​ពី​មួ​យ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​ផុស​ចិត្ត​ ដុះ​គំ​និត​បន្តិច​ម្តង​ៗ​។

សិប្បករឡឹមផែន កំពុងបង្ហាត់សិក្ខាកាមសម្តែងតួយក្ស។

កាល​ពី​អា​យុ​១៣​ឆ្នាំ កុ​មារ​ឡឹម​ផែន​ បាន​ដើរ​តាម​ឪ​ពុក​ ប្រ​កប​របរ​ជាងឈើ​ (សង់​ផ្ទះ)។ ដោយ​ឃើញ​កូន​មាន​ទេព​កោ​សល្យ​នឹង​របរ​ជាង​ឈើ ឪ​ពុក​ក៏​បាន​យក​កូន​ទៅ​ផ្ញើ​រៀន​របរ​ជា​មួយ​នឹង​ជាង​ឈើ​ដ៏​ចំ​ណាន​ម្នាក់នៅ​ក្នុងភូមិ​។ រយៈ​ពេល​២​ឆ្នាំ​ព្យា​យាម​រៀន​សូត្រ ឡឹម​ផែន​ យក​ចិត្តទុក​ដាក់​ ជំ​នាញ​ខាង​ជា​ងឈើ ប៉ិន​ប្រ​សប់​នឹង​ជាង​សំ​ណង់​សុី​ម៉ងត៍​ ហើយអាចនឹង​ធា​នា​ទទួល​សំ​ណង់​ផ្ទះ​ដោយ​ខ្លួន​ឯង​បាន​។ កាល​នោះ គាត់ទើប​តែ​អា​យុ១​៦​ឆ្នាំ​ប៉ុណ្ណោះ សិប្ប​ករ​ឡឹម​ផែន ឲ្យ​ដឹង​៖ “មុខ​រ​បរ​ជាងឈើ​បាន​ជំ​រុញ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​អ្នក​ជំ​នាញ​ធ្វើ​ឧប​ករណ៍​ភ្លេង​គ្រប់​ប្រ​ភេទ ដូច​ ៖ ទ្រ​ស្គរ​ វង់​ភ្លេង​ពិ​ណ​ពាទ្យ​ ទម្រង់​ព្រះ​វិ​ហារ​​និង​ផ្ទះ​រត​របស់​ជន​រួមជាតិ​ខ្មែរ​។ល។ រី​ឯ​មុខរ​បរ​ជាង​សំ​ណង់​សុី​ម៉ងត៍​ជួយ​ឲ្យ​ខ្ញុំ​អាច​ច្នៃ​បាន​ជាក្បាំង​មុខគ្រ​ប់​ប្រ​ភេទ សម្រាប់​បម្រើ​ដល់​រ​បាំ​ប្រ​ជា​ប្រិយ​ខ្មែរ​ ដូច​៖ ​រ​បាំយក្ស​ ​ស្វា រ​បាំ ឆៃ​យុាំ ជា​ដើម​។ល។”

និស័្សយ​ជំ​រុញ​ឲ្យ​សិប្ប​ករ​ឡឹម​ផែន ចាប់​យក​អា​ជីព​ធ្វើ​ក្បាំង​​មុខ គឺ​នៅឆ្នាំ​១៩៧៩។ នៅ​ពេល​នោះ គាត់​កំ​ពុង​បំ​ពេញ​កាត​ព្វ​កិច្ច​អន្តរ​ជាតិ​នៅប្រ​ទេស​កម្ពុជា ហើយ​បាន​មិត្ត​រួម​កង​ម្នាក់​ជួយ​​បង្រៀន​បន្ថែម​។ ក្រោយ​ពីសម្រេច​ភារ​កិច្ច ​គាត់​វិល​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​ ក៏​ចាប់​យក​អា​ជីព​ធ្វើក្បាំង​មុខ​នេះ​។ “កាន់​តែ​ធ្វើ កាន់​តែ​ជក់​ចិត្ត ម្ល៉ោះ​ហើយ​ខ្ញុំ​ក៏​សម្រេច​ចិត្តចាប់​យក​អា​ជីព​នេះ រួច​ពង្រីក​មុខ​របរ​រ​ហូត​មក​ដល់​សព្វ​ថ្ងៃ” - សិប្ប​ករឡឹម​ផែន ឲ្យ​ដឹង​ដូច្នេះ​។ មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំ​ឡេង​កាន់​តែ​សុសសាយ​នៅ​ក្នុង​និង​ក្រៅ​ខេត្ត ម៉្លោះ​ហើយ​តែង​មាន​គេ​មក​កុម្មង់​គាត់​ធ្វើក្បាំង​មុខ​សម្រាប់​បម្រើ​ក្នុង​ក្រុម​សិល្បៈ​នៅ​តាម​ភូមិ​ស្រុក​។ ចំ​ណែក​ការច្នៃ​ឧប​ករណ៍​ភ្លេង​ជន​ជាតិ​ ទម្រង់​ព្រះ​វិ​ហារ​ ឬ​ក៏​ផ្ទះ​រត​របស់​ជន​រួម​ជាតិខ្មែរ ក៏​ត្រូវ​បាន​ភូមិ​ភាគ​នា​នា​ក្នុង​និង​ក្រៅ ខេត្ត​កុម្មង់​ទិញ​ រួច​អញ្ជើញ​រូបគាត់​ទៅ​សាង​សង់​ ឬ​ក៏​រចនា​ជា​​ដើម​។ ក្នុង​នោះ មាន​សារ​មន្ទីរ​សា​កលវិ​ទ្យា​ល័យ​នគរ​បាល​នៅ​ក្រុង​ហូ​ជី​មិញ សារ​មន្ទីរ​បណ្តា​ជន​ជាតិ​នៅ​ថាយង្វៀន​ និង​សារ​មន្ទីរ​វប្ប​ធម៌​វៀត​ណាម​នៅ​ហា​ណូយ​។ ប៉ុន្មាន​ឆ្នាំ​កន្លង សិប្ប​ករ​ ឡឹម​ផែន ត្រូវ​បាន​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្នុងខេត្ត​ និង​សាក​ល​វិ​ទ្យា​ល័យ​ត្រា​វិញ អញ្ជើញ​ទៅ​បង្រៀន​រ​បាំ​ប្រ​ជា​​ប្រិយខ្មែរ​ដល់​ក្រុម​សិល្បៈ​របស់​សា​លា​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ ដើម្បី​អ​ភិរក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ សិប្ប​ករ​ឡឹម​ផែន​ ក៏​បាន​បើក​បង្រៀន​រ​បាំ​ប្រ​ជា​ប្រិយ​ដោយ​ឥត​គិត​ថ្លៃ​នៅ​នឹង​ផ្ទះ​គាត់តែ​ម្តង​។ ពិ​សេស​ គឺ​នា​យក​ដ្ឋាន​កេរ​ដំ​ណែល​វប្ប​ធម៌​វៀត​ណាម ក៏​បា​នចុះ​កិច្ច​សន្យា​ជា​មួយ​គាត់​បើក​​បង្រៀន​រ​បាំ​២​ថ្នាក់​ទៀត​ផង។

លោក​ថាច់​បោយ អ​នុ​ប្រ​ធាន​ស​មា​គម​អក្សរ​សិល្ប៍​និង​វិ​ចិត្រ​​សិល្បៈខេត្ត​ត្រា​វិញ ឲ្យ​ដឹង​៖ “ខ្ញុំ​ឲ្យ​តម្លៃ​ខ្ពស់​ពី​ថ្វី​ដៃ​ធ្វើ​ក្បាំង​​មុខ ឧប​ករណ៍​ភ្លេង ព្រម​ទាំង​រ​បាំ​ប្រ​ជា​ប្រិយ​ខ្មែរ​ដ៏​អស្ចារ្យ​របស់​សិប្ប​ករ​ឡឹម​ផែន​។ ពុំ​នោះសោត​ គាត់​ជក់​ចិត្ត​ផ្តិត​អា​រម្មណ៍​នឹង​អា​ជីព​ដោយ​ប្រឹង​ប្រែង​រៀន​សូត្រដោយ​ឥត​ឈប់​ឈរ​។ គាត់​មាន​ទឹក​ចិត្ត​ស្នេ​ហា​សិល្បៈ ហើយ​មាន​ការលះ​បង់​កម្លាំង​កាយ​កម្លាំង​បញ្ញា​ដ៏​ធំ​សម្រាប់​ការ​អភិ​វឌ្ឍ​នៃ​វប្បធម៌សិល្បៈ​ខ្មែរ​” ។ កាល​ពី​ឆ្នាំ​២០១៥ សិប្ប​ករ​ឡឹម​ផែន បាន​ប្រ​ធាន​រដ្ឋប្រ​ទាន​កិតិ្ត​នាម​ជា​ “សិប្ប​ករ​ឆ្នើម​”៕

សឺន​ម៉ា​ល័យ​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​បោយ