ភ្នំថ្មស ឬហៅថារូងភ្នំថ្មស ស្ថិតនៅស្រុកកៀនលឿង ខេត្តកៀនយ៉ាង គឺជាមូលដ្ឋាន បដិត្តន៍ក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំងនិងចក្រពត្តិអាមេរិក។ លុះដល់ឆ្នាំ១៩៩៥ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានចេញសេចក្តីសម្រេចចិត្តទទួលស្គាល់ភ្នំថ្មស ជាកេរដំណែលប្រវត្តិសាស្រ្តនិងជារមណីយដ្ឋានថ្នាក់ជាតិ។
ទិដ្ឋភាពមាត់រូងភ្នំថ្មស។
ចាប់ពីផ្លូវបំបែកជាបីបាហង បត់ឆ្វេងធ្វើដំណើរឆ្ពោះទៅទិសសមុទ្រហងចុងប្រហែល៧គីឡូម៉ែត្រ រួចបត់ឆ្វេង បន្តដំណើរប្រហែល៤គីឡូម៉ែត្រទៀត គឺដល់ភ្នំថ្មស។ ភ្នំនេះ ស្ថិតនៅភូមិបាណូយ ឃុំប៊ិញអាន ស្រុកកៀនលឿង ខេត្តកៀនយ៉ាង។ នៅសម័យតស៊ូប្រឆាំងអាណានិគមបារាំង ភ្នំថ្មស គឺជាកន្លែងបោះទ័ពរបស់កងវិស្វកម្មរោងជាង១៨ (មណ្ឌល៩) យកធ្វើជារោងច្នៃជួសជុលអាវុធដែលប្លន់យកបានពីខ្មាំង ដើម្បីផ្គត់ផ្គង់ អាវុធដល់កងទ័ពយើង នៅសមរភូមិតីណាមបូ។ ចំណែកនៅសម័យតស៊ូប្រឆាំងចក្រពត្តិអាមេរិក ភ្នំថ្មសគឺជាមូលដ្ឋានបដិវត្តន៍ដ៏សំខាន់របស់ភូមិភាគ។ ទីនេះក៏ជាគន្លឹះដ៏សំខាន់នៅតាមដងផ្លូវ១C សម្រាប់ជំនួយអាវុធគ្រប់រំសេវពីភាគខាងជើងចូលមកភាគខាងត្បូង។ កងទ័ពអាមេរិក អាយ៉ង បានធ្វើការវាយសម្រុកចូលយ៉ាងឃោរឃៅជាច្រើនលើក បំណងលុបបំបាត់មូលដ្ឋានភ្នំថ្មស ប៉ុន្តែ ជាមួយនឹងស្មារតីតស៊ូយ៉ាងអង់អាចក្លាហានរបស់កងទ័ព និងប្រជាជនយើង ទីបំផុតឧបាយកលរបស់ខ្មាំងត្រូវបរាជ័យទាំងស្រុង។
ប្រសិនបើអ្នកណាធ្លាប់មកកាន់ភ្នំថ្មសនោះ ពិតជានឹងទទួលស្គាល់ទីនេះ ជារូងភ្នំដ៏អស្ចារ្យមួយ អាស្រ័យធម្មជាតិផ្តល់ឲ្យ។ ខាងក្នុងភ្នំថ្មស គឺមានរូងភ្នំដ៏ចម្លែកអស្ចារ្យ។ ភ្នំថ្មស មានរូងភ្នំធំតូចជាង២០រូងឯណោះ ហើយរូងភ្នំនីមួយៗត្រូវបានដាក់ឈ្មោះរបស់ អង្គភាពបដិវត្តន៍មួយៗនៅសម័យតស៊ូ ដូច៖ រូងកងយោធាស្រុក រូងពេទ្យយោធា រូងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ល។ នៅមានរូងភ្នំធំៗជាច្រើនទៀត មនុស្សអាចនៅរាប់ពាន់នាក់ អាចធ្វើដំណើរទៅមកងាយស្រួលក្នុងរូងទឹកថ្លាយង់ និងត្រជាក់ស្រួល។ រូងភ្នំថ្មស មានវណ្ណកម្មធម្មជាតិល្អឯកជាច្រើន ដោយអាចុតសិលា ដូច៖ រូបក្បាលនាគ រូបផ្លែម្រះ រូបមកុដស្តេចជាដើម។ វណ្ណកម្មទាំងនេះ បង្កប់ទៅដោយតម្លៃដ៏វិសេសវិសាលអំពីសោភណភាព វិចិត្រសិល្បៈ ភូគព្ភវិទ្យា។ ព្រោះហេតុនោះ ភ្នំថ្មសមិនត្រឹមតែឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍទេសចរ ទស្សនារបស់ភ្ញៀវទេសចរប៉ុណ្ណោះទេ នៅទាំងបម្រើការស្រាវជ្រាវវិទ្យាសាស្ត្រទៀតផង។
ថ្វីដ្បិតដូច្នោះក្តី ប្រការគួរឲ្យសោកស្ដាយ គឺនៅមុខជួរភ្នំថ្មសនេះ យើងឃើញមានលំនៅឋានបណ្តោះអាសន្ន ភោជនាគារ បន្ទប់អនាម័យជាច្រើន។ល។ គ្មានរបៀបរៀបរយនិងបង្កកខ្វក់ ធ្វើឲ្យភ្ញៀវទេសចរជាច្រើន មិនចង់មកទស្សនាភ្នំថ្មសទៀត៕
ហាថាញ់-វិមាន