អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនរួមជាតិ តែងបានសាលាចំណេះទូទៅជនជាតិអន្តេវាសិកនានានៅវាលរាបទន្លេគឺវឡុងអនុវត្ត។ កន្លងហើយ ការងារនេះបានថ្នាក់ដឹកនាំ គ្រូបង្រៀននៅតាមសាលានានាដោះដូរនៅក្នុងសិក្ខាសាលា “អប់រំសិស្សអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ” បានចាត់តាំងឡើងនៅសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ។ ឆ្លងតាមរយៈនោះ នៅតាមសាលាបានពង្រីកនូវរបៀបធ្វើល្អៗ និងទម្រង់ដែលមានប្រសិទ្ធភាព។
ក្រុមសិល្បៈសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ
សម្តែងក្នុងពិធីបវេសនកាលឆ្នាំសិក្សា២០១៧-២០១៨។
ពិធីប្រឡងវោហារស័ព្ទភាសាខ្មែរអន្តរសាលា ទើបបានចាត់តាំងនៅសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពគំរូសម្រាប់ការអភិរក្ស និងពង្រីកវប្បធម៌ប្រពៃណីរបស់សាលាចំណេះទូទៅជនជាតិអន្តេវាសិកនានា។ ពិធីប្រឡងបានចាត់តាំងឡើងជាលើកទី២ ទាក់ទាញសាលាចំណេះទូទៅជនជាតិអន្តេវាសិកនៅវាលរាបទន្លេគឺវឡុងចូលរួមចំនួន៩ កើន៤អង្គភាព បើប្រៀបនឹងលើកដំបូង។ ប្អូនៗស្លៀកពាក់ តាមលក្ខណៈប្រពៃណី ហើយឧទ្ទេសនាមអំពីសាលារៀនភូមិស្រុករបស់ខ្លួន; “មើលរូបទាយអក្សរ” ឆ្លើយសំណួរ។ល។ លោកគ្រូង្វៀនវ៉ាន់ត្រេវ នាយកសាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ឲ្យដឹង៖ “ពិធីប្រឡងនេះ ដើម្បីជួយប្អូនៗសិស្សជនជាតិខ្មែរពង្រីកសមត្ថភាពក្នុងការធ្វើ សុន្ទរកថាខ្លីៗ មានភាពជឿជាក់ក្នុងការទំនាក់ទំនង; បង្កចំណង់ចំណូលចិត្តក្នុងការរៀនភាសាខ្មែរ រួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ”។
ក្រៅពីនោះ សាលាចំណេះទូទៅជនជាតិអន្តេវាសិកក្រុងកឹងធើ ថែមទាំងរក្សាបានក្រុមសិល្បៈក្រុមភ្លេងពិណពាទ្យប្រគំកំដរក្នុងឱកាសបុណ្យទាន ឬព្រឹត្តិការណ៍សំខាន់ៗរបស់សាលា ខណ្ឌនិងក្រុង; ចាត់តាំងដំណើរទស្សនកិច្ច ឆ្លងកាត់ការដកពិសោធន៍នៅតាមកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌។ល។ នៅតាមសាលានានាក៏បានចាត់តាំងសកម្មភាពជាច្រើនដែរ ដើម្បីផ្តល់ចំណូលចិត្តដល់សិស្សចូលរួមសកម្មភាពជាក់ស្តែង ទន្ទឹមនឹងម៉ោងរៀននៅក្នុងសាលា។ តួយ៉ាងដូចសាលាចំណេះទូទៅ ជនជាតិអន្តេវាសិកខេត្តត្រាវិញ ចាត់តាំងក្លឹបប្រជុំជីវកិច្ចនៅពេលរាត្រីថ្ងៃសៅរ៍រាល់សប្តាហ៍ ដោយមានខ្លឹមសារដោះដូរវប្បធម៌ និទានរឿង និងពាក្យបណ្ដៅ។ល។ ដើម្បីរួមចំណែកជម្នះភាពទន់ខ្សោយក្នុងការនិយាយ សរសេរភាសាខ្មែរសម្រាប់សិស្ស។ ចំណែកនៅសាលាចំណេះទូទៅជនជាតិអន្តេវាសិក វិទ្យាល័យអានយ៉ាង បានអភិរក្សចង្វាក់រាំប្រពៃណីខ្មែរដោយរបៀបចាត់តាំងពិធីប្រឡង”រាំសហគមន៍”រៀងរាល់ឆ្នាំ ដោយមានគ្រប់ចង្វាក់រាំប្រជាប្រិយរបស់ជនរួមជាតិខ្មែរ។ ដោយឡែកសាលាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តហូវយ៉ាង បានកសាងបន្ទប់ដាក់តាំងផលិតផលវប្បធម៌ជនជាតិ ប្រពៃណីក្នុងសាលារៀន។
ថ្វីដ្បិតដូច្នោះក្តី កងជួរគ្រូបង្រៀនអក្សរខ្មែរនៅខ្វះ មិនទាន់គ្រប់សម្បទា មិនអាចឆ្លើយតបនឹងតម្រូវការផ្លាស់ថ្មី មិនទាន់រវៀសរវៃក្នុងការងារអភិរក្សវប្បធម៌ប្រពៃណី។ ការអភិវឌ្ឍកងជួរគ្រូបង្រៀន ក៏ដូចជាយន្តការគោលនយោបាយនៅមានការជាប់ជំពាក់ច្រើន ញុាំងឲ្យគ្រូបង្រៀនមិនទាន់នឹងនរចិត្តក្នុងការងារ។ល។ ផ្តើមពីភាពជាក់ស្ដែងនោះ លោកគ្រូង៉ោខាក់ថេវ នាយករងសាលាជនជាតិអន្តេវាសិកខេត្តកៀនយ៉ាង បានសំណើផ្លាស់ថ្មីក្នុងបែបបទនៃការជ្រើសរើស ប្រើប្រាស់គ្រូបង្រៀនអក្សរខ្មែរ តាមបទដ្ឋានវិជ្ជាជីវៈ; ជំរុញសកម្មភាពបណ្ដុះបណ្ដាល បំពាក់បំប៉នមុខជំនាញជូនកងជួរគ្រូបង្រៀនបង្កើនកិច្ចសហការរវាងមន្ទីរអប់រំនិងបណ្ដុះបណ្ដាល ជាមួយនឹងគណៈជនជាតិក្នុងការអភិវឌ្ឍកងជួរគ្រូបង្រៀន៕
ឡែធូ-វិមាន