កំពង់និញកេវ ជាឈ្មោះមួយប្រកបដោយភាពមនោរម្យនិងសាមញ្ញ ប៉ុន្តែស៊ីជម្រៅក្នុងទឹកចិត្តប្រជាជនកឹងធើនិងភ្ញៀវទេសចរជិតឆ្ងាយ និញកេវក្លាយជាអាសយដ្ឋានទេសចរណ៍ដ៏ល្បីឈ្មោះក្នុងទូទាំងប្រទេស។ តាមឯកសារជាច្រើន ឈ្មោះកំពង់និញកេវបានបង្កើតឡើងកន្លងនេះគម្រប់៦០ឆ្នាំ...។
សម្តែងសិល្បៈនៅមុខស្តូបបដិមាអ៊ំហូ នៅកំពង់និញកេវ។
កំពង់និញកេវ ឬហៅថារមណីយដ្ឋាននិញកេវ ឋិតនៅក្បែរទន្លេហូវ និងទន្លេកឹងធើ តាមបណ្តោយវិថីហាយបាត្រឹង ចំណុះសង្កាត់តឹងអាន ខណ្ឌនិញកេវ។ អ្នកនិពន្ធហ្វិញមិញ បានចងក្រងសៀវភៅមានចំណងជើង “កឹងធើពីមុននិងបច្ចុប្បន្ន” មានសរសេរថា៖ “ក្នុងអំឡុងឆ្នាំ១៩៥៤ លុបបំបាត់អស់ស្លាកស្នាមរបស់អាណានិគមបារាំងកាប់រម្លំដើមគគីរដែលមានម្លប់ត្រឈៃ ទម្លាក់បដា Quai de Commerce – កំពង់ពាណិជ្ជកម្មផ្លាស់ជាកំពង់ឡេឡើយ។
ហើយកែលម្អក្រុង ជួសជុលមុខមាត់កំពង់ទន្លេបន្តិចម្តងៗ”។ នៅក្នុងអំឡុងឆ្នាំ១៩៥៧ លោកឌោវាំុងចឿក អភិបាលខេត្តផុងយិញរបបចាស់ បញ្ជាឲ្យអភិវឌ្ឍកំពង់ទន្លេនេះ កសាងរមណីយដ្ឋានមួយដាំផ្កាលម្អ ដោយមានរចនាសម្ព័ន្ធផ្លូវដើរកម្សាន្ត...។ ព្រឹត្តិការណ៍ដ៏សំខាន់មួយចំពោះរមណីយដ្ឋានកំពង់ទន្លេនេះ បានប្រព្រឹត្តឡើងមុននេះ៦០ឆ្នាំ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៥៨ ចាត់ចែងពិធីសម្ពោធរមណីយដ្ឋាននិងដាក់ឈ្មោះថាកំពង់និញកេវ។ តាមអ្នកនិពន្ធហ្វិញមិញ សរសេរក្នុងសៀវភៅ“កឹងធើពីមុននិងបច្ចុប្បន្ន” ដ្បិតកាលនោះ មានផ្លូវមួយរត់កាត់បណ្តោយឈ្មោះឡេឡើយ ការដាក់ឈ្មោះកំពង់និញកេវ គឺដើម្បីរំលឹកអនុស្សាវរីយ៍នូវសមិទ្ធផលសង្រ្គាមដ៏ត្រចះត្រចង់របស់ក្សត្រឡេឡើយនៅកំពង់និញកេវសម័យដើម។ កំពង់និញកេវ ចាប់តាំងពីឆ្នាំ១៩៥៨ដល់ឆ្នាំ១៩៧៥ ហាក់ដូចជាគ្មានការផ្លាស់ប្តូរអ្វីច្រើនទេ កំពង់និញកេវកាលនោះ ទំហំ១៤ម៉ែត្រប្រវែង៤៤០ម៉ែត្រ នៅក្បាលផ្លូវសងខាងម្ខាងគឺមូលដ្ឋានទ័ពជើងទឹករបស់របបចាស់ម្ខាងគឺផ្សារកឹងធើ។ ក្រោយពីឆ្នាំ១៩៧៥ រហូតមកទល់នឹងបច្ចុប្បន្នកំពង់និញកេវត្រូវបានកសាងកែលម្អជាច្រើនលើក។ កំពង់និញកេវបច្ចុប្បន្ន មានស្តូបបដិមាអ៊ំហូខ្ពស់ស្កឹមស្កៃ មានសួនច្បារទំនើបមួយអន្លើដោយជួរដើមស្ងៅក្បែរមាត់ទន្លេ សណ្ឋាគារទំនើបជាច្រើន វិសេសមានភោជនីយដ្ឋានអណ្តែតទឹក២ ស្ពានថ្មើរជើងល្អវិចិត្រ។ល។ អ្វីៗទាំងអស់នេះ បង្កបាននូវផ្ទាំងគំនូរស្រស់ត្រកាលនៅពេលរាត្រី ទាក់ទាញភ្ញៀវទេសចរនៅពេលបានមកទេសចរណ៍នៅកឹងធើម្តង គឺមិនអាចបំភេចបាន...។
កំពង់និញកេវបច្ចុប្បន្ន មានផ្ទៃដីទំហំជាង៧.០០០ម៉ែត្របួងជ្រុង ជារមណីយដ្ឋានទេសចរណ៍។ នៅក្បែរកំពង់និញកេវ មានផ្សារបុរាណកឹងធើ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មទ្រង់ទ្រាយធំនៅតំបន់តីណាមបូពីមុន។ កាលនោះ នៅកំពង់ផែទូកកប៉ាល់ចេញចូលត្រៀបត្រា ដឹកផលិតផលតំបន់វាលរាបទន្លេគឺវឡុង។ បុណ្យចូលឆ្នាំវៀតណាមឆ្នាំណាក៏ដោយ ផ្សារផ្កានិញកេវទាក់ទាញភ្ញៀវរាប់ពាន់នាក់មកទស្សនាទិញអីវ៉ាន់ បង្កឲ្យមានលក្ខណៈពិសេសរបស់កំពង់និញកេវ។ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ (ត្រូវនឹងថ្ងៃទី២៨ចូលឆ្នាំវៀតណាមប៊ិញថឹង) ស្ពានថ្មើរជើងទេសចរណ៍ដំបូងរបស់ក្រុងកឹងធើ ត្រូវបានសម្ពោធនិងដាក់ឲ្យប្រើប្រាស់។ ស្ពានចាប់ឆ្លងព្រែកកៃខេតភ្ជាប់ត្រើយកំពង់និញកេវនិងកោះកៃខេ។ ស្ពានត្រូវបានវិស្វករគូរប្លង់ពត់ពែនបែបអក្សរSជានិមិត្តរូបទឹកដីវៀតណាម។ នៅក្បាលស្ពានសងខាងបើកទូលាយ ត្រូវបានរចនាតាមទម្រង់ត្របកឈូក-បុប្ផាជាតិវៀតណាម។ នៅលើស្ពានតុបតែងលម្អភ្លើងចម្រុះពណ៌មានរូបភាពផ្សេងៗ បង្កជាសោភណភាពស្រស់ត្រកាលរស់រវើកនិងទំនើប។ ពេលរាត្រី ប្រព័ន្ធបេីកពន្លឺរបស់រមណីយដ្ឋាននិងប្រព័ន្ធបេីកពន្លឺភ្លើងពណ៌របស់សណ្ឋាគារនិងស្ពាន ថ្មើរជើងញាំុងឲ្យទីនេះមានភាពស្រស់ស្អាតពោរពេញដោយភាពទាក់ទាញ។ រៀងរាល់រាត្រីថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យទានផ្សេងៗ នៅទីនេះទាក់ទាញមនុស្សម្នាទាំងចាស់ទាំងក្មេងមកទស្សនាកម្សាន្តកុះករជ្រៀតជើងមិនចុះ។
កំពង់និញកេវ កកើតតាំងពីកាលណាមក? ពុំទាន់មានឯកសារប្រវត្តិសាស្រ្តណាមួយសរសេរច្បាស់លាស់ ប៉ុន្តែអ្នកស្រាវជ្រាវមួយចំនួនបាននិទានខ្លីៗអំពីការកកើតកំពង់ទន្លេនេះក្នុងរជ្ជកាលង្វៀនអាញ់ ទ្រង់យាងត្រាច់ចរតំបន់ដីភាគខាងត្បូង។ មុននឹងឡើងគ្រងរាជ្យ ក្សត្រង្វៀនអាញ់ ត្រូវកងទ័ពតីសេីុង ដេញកម្ចាត់រសាត់អណ្តែតចូលភាគខាងត្បូង ក៏បានឆៀងចូលចត់កំពង់នេះដែរ។ សម័យមួយក្បួនទូករបស់ក្សត្រង្វៀនអាញ់ មកតាមទន្លេហូវចូលតំបន់ទីក្រុងត្រឹងយ៉ាង (បានន័យកឹងធើពីដើម)។ រាត្រីកាលចូលមកក៏ជាពេលដែលក្បួនទូកទៅដល់ពាម បានន័យថាកំពង់និញកេវនាបច្ចុប្បន្ន អធ្រាត្រយប់ស្ងាត់ សូរសព្ទអានកំណាព្យ ច្រៀងឆ្លងឆ្លើយតន្រ្តីប្រគំលាន់ឮល្វេងល្វើយពីខាងនាយទន្លេ។ ក្សត្រង្វៀនអាញ់ ទ្រង់ស្ងើចសរសើរទិដ្ឋភាពព្រែកទន្លេជាទីមនោរម្យ រួចដាក់ឈ្មោះឲ្យថាកឹមធីយ៉ាង។
ចាប់តាំងពីឆ្នាំ១៨៧៦ ទាហានបារាំងចូលមកកាន់កាប់ទឹកដី និងបង្កើតសាលារដ្ឋបាលនៅកឹងធើ។ កំពង់ទន្លេកឹងធើ ត្រូវបានពាណិជ្ជករនិងឈ្មួញនៅភូមិភាគប្រមូលផ្តុំលក់ដូរ ជាសន្សឹមៗត្រូវបានកែលម្អកសាងរបាំងការពារច្រាំង។ ដំបូងគឺជាកំពង់ទូកកប៉ាល់របស់៦ខេត្តប៉ុណ្ណោះ អាស្រ័យទូកកប៉ាល់ រត់សព្វអន្លើតំបន់ហូវយ៉ាង តែងតែចូលចត់កំពង់នេះ ដើម្បីដោះដូរទំនិញ ដឹកអ្នកដំណើរ។ ដូច្នេះយូរៗទៅទូកកប៉ាល់ចេញចូលតៀបត្រា ជួរដើមស្ងៅបាំងខ្យល់ក្បែរច្រាំង មានឈ្មោះហៅថាកំពង់ទន្លេ។ ទោះបីបារាំងដាក់ឈ្មោះថា Quai de Commerce - កំពង់ពាណិជ្ជកម្ម ប៉ុន្តែប្រជាជនតែងហៅថាកំពង់ជួរដើមស្ងៅ ពីព្រោះនៅតាមបណ្តោយច្រាំងមានដើមស្ងៅ។ ការដោះដូរពាណិជ្ជកម្មជារៀងរាល់ថ្ងៃកាន់តែមានភាពលូតលាស់ ហេតុនោះកំពង់ជួរដើមស្ងៅក៏បានបង្កើនកម្រិតយូរៗទៅក្លាយជារមណីយដ្ឋានទេសចរណ៍របស់តំបន់តីដូ។ អ្វីដែលបានពោលខាងលើ បន្ទាប់ពីព្រឹត្តិការណ៍សម្ពោធរមណីយដ្ឋាននៅថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៥៨ ឈ្មោះកំពង់និញកេវបានបង្កើតឡើងនិងឋិតថេររហូតមកទល់នឹងសព្វថ្ងៃ៕
វាំុងគឹមខាញ់-មុនី
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។