អ្នកស្រីលីធីហុងភឿង មិនត្រឹមតែជាប្រធានក្រុមប្រជាជនក្រុងនៅមណ្ឌល១ សង្កាត់ស្វឹងខាញ់ ខណ្ឌនិញកេវ ក្រុងកឹងធើ ថែមទាំងជាអ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរនៅទីនេះទៀតផង។
អ្នកស្រីលីធីហុងភឿងនិងប្តី គឺលោកវ៉ហ្វាងង៉ា យោធិនចូលនិវត្តន៍ចូលរួមបំពេញ
ការងារសង្គមនៅភូមិភាគ។
អ្នកស្រីលីធីហុងភឿង ជាសមាជិកសមាគមអតីតយុទ្ធជនសង្កាត់ស្វឹងខាញ់។ ក្រោយពីចូលនិវត្តន៍ គាត់បានផ្សារភ្ជាប់ការងារសង្គមនៅសង្កាត់អស់ជាច្រើនឆ្នាំ។ បច្ចុប្បន្ន គាត់ទទួលបន្ទុកការងារជាច្រើន ដូចជា៖ ប្រធានក្រុមប្រជាជនក្រុងសហការីចំនួនប្រជាជនជាដើម។ អាស្រ័យលក្ខណពិសេសនៃការងារ ម្ល៉ោះហើយគាត់មានឱកាសជិតដិតនិងជំនួយជនរួមជាតិខ្មែរបានច្រើន ពិសេសគឺបងប្អូននារីខ្មែរនៅមណ្ឌល១។ គាត់តែងលើកទឹកចិត្ត ណែនាំបងប្អូននារីឲ្យខិតខំរកស៊ី ដើម្បីលើកស្ទួយជីវភាព។ បងស្រីដាវធីម៉ី ជានារីខ្មែរនៅមណ្ឌល១ ឲ្យដឹង៖ “គ្រួសារខ្ញុំពីមុនក្រលំបាកណាស់ ប្តីប្រពន្ធគ្មានការងារធ្វើលំនឹង ម្ល៉ោះហើយច្រើនតែរកាំរកូសគ្នា។ អាស្រ័យបងស្រីភឿងបានដាស់តឿនក្រើនរំឭកជាច្រើនលើក និងណែនាំខ្ញុំលក់ដូរកំប៉ិកកំប៉ុកនៅផ្សារតឹងអាង ឃើញថាសេដ្ឋកិច្ចគ្រួសារខ្ញុំសន្សឹមៗបានលំនឹង ហេតុនោះទើបគ្រួសារខ្ញុំនៅជំុគ្នា”។
ខណៈនោះ បងស្រីហុងភឿង ជាប្រធានក្រុមនារីបុលទុនរបស់មណ្ឌល។ អាស្រ័យភាពរវាសរវៃរបស់គាត់ ក៏ដូចជាមានបទពិសោធន៍ច្រើនក្នុងការរស់នៅ គាត់បានណែនាំបងប្អូននារីជាច្រើនបុលទុននិងពិគ្រោះពីរបៀបរកស៊ីប្រកបដោយប្រសិទ្ធភាព។ ក្រៅពីជួយបងប្អូននារីអភិវឌ្ឍសេដ្ឋកិច្ច គាត់នៅទាំងអនុវត្តបានល្អនូវការលើកទឹកចិត្តមាមីងទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលទៀតផង។ តាមប្រសាសន៍បងស្រីភឿង បងប្អូននារីខ្មែរ ដែលមានស្ថានភាពគ្រួសារក្រីក្រនឹងមានបន្ទុកធ្ងន់ខាងបង់កម្រៃសុខាភិបាល ប្រសិនបើគ្មានប័ណ្ណធានារ៉ាប់សុខាភិបាល។ អាស្រ័យការព្យាយាមអស់ពីចិត្តពីថ្លើមលើកទឹកចិត្តរបស់គាត់ ទើបគ្រួសារមាមីងខ្មែរនៅមណ្ឌល១ទិញបានប័ណ្ណធានារ៉ាប់រងសុខាភិបាលជិត១០០%។
ផ្តើមពីការអស់ពីចិត្តពីថ្លើមនិងមានប្រសិទ្ធភាពក្នុងការងារ អ្នកស្រីលីធីហុងភឿង បានមាមីងតែងតាំងជាអ្នកមានប្រជាប្រិយភាពក្នុងជនជាតិភាគតិច នៅសង្កាត់ស្វឹងខាញ់។ លោកង្វៀនវាំុងអែម ប្រធានរណសិរ្សមាតុភូមិវៀតណាមសង្កាត់ស្វឹងខាញ់ បញ្ជាក់ឲ្យដឹង៖ “បងស្រីលីធីហុងភឿង តែងអស់ពីចិត្តពីថ្លើមចូលរួមការងារសង្គមនៅភូមិភាគ។ ទោះបីជាសមាជិកសមាគមនារី សមាគមអតីតយុទ្ធជនឬក្នុងតួនាទីជាប្រធានក្រុមប្រជាជនក្រុងក៏ដោយ គាត់តែងធ្វើបានល្អនូវតួនាទីរបស់ខ្លួន។ បងស្រីក៏ជាអ្នកចេះអានចេះសរសេរជំនាញ៣ភាសាវៀត-ខ្មែរ-ចិន យល់ដឹងពីវប្បធម៌ប្រពៃណីរបស់ជនជាតិទាំង៣ ម្ល៉ោះហើយតែងបានមាមីងគោរពរាប់អានជឿទុកចិត្ត។ ពេលមានបុណ្យទានម្តងៗ រាល់សកម្មភាពសិល្បៈ ពិធីកិច្ចផ្សេងៗ តែងបានគាត់ជួយណែនាំពិគ្រោះជូនកម្មាភិបាលសង្កាត់រៀបចំឲ្យបានគ្រប់គ្រាន់និងត្រឹមត្រូវបំផុត”៕
ថាញ់ភូ-វិមាន