អាស្រ័យដោយមានមុខរបរត្បាញកៅអីជ័រ ទើបប៉ុន្មានឆ្នាំនេះ ពលករជាច្រើននៅភូមិកិញ្ឆាង ឃុំផុងភូ ស្រុកកូវកែ ខេត្តត្រាវិញ មានការងារធ្វើបន្ថែម រកបានប្រាក់ចំណូលលំនឹង។
សកម្មភាពត្បាញកៅអីជ័រនៅមូលដ្ឋានផលិតណាំអៀង។
លោកង្វៀនវាំុងអៀង ជាអ្នកនាំយកមុខរបរនេះមកបង្កើតក្នុងឃុំ។ មុននេះ គាត់បានរៀនរបរនេះនៅខេត្តប៊ិញយឿង ក្រោយមកគាត់វិលមកស្រុកកំណើត ហើយបើកមូលដ្ឋានផលិតមួយឈ្មោះណាំអៀង បានផ្តល់ការងារធ្វើជូនប្រជាជននៅភូមិកិញ្ឆាង ឃុំផុងភូ ជួយឲ្យពួកគាត់មានការងារធ្វើលំនឹង។ លោកអៀង ឲ្យដឹង៖ “បច្ចុប្បន្ន ក្រុមត្បាញកៅអីរបស់ខ្ញុំបង្កើតបាន៨ឆ្នាំហើយ បង្កើតបានការងារធ្វើជាប្រចាំជូនពលករនៅទីនេះ។ ជាមួយនឹងប្រាក់ចំណូលលំនឹង ក្នុងមួយថ្ងៃពលករម្នាក់ៗ អាចរកបានពី៧០.០០០-១៥០.០០០ដុង”។
ផ្អែកទៅតាមស្ថានភាពគ្រួសារនីមួយៗ ខ្លះចាត់ទុកការងារនេះជាមុខរបរចម្បងខ្លះទៀតចាត់ទុកជារបរបន្ទាប់បន្សំ។ មុខរបរត្បាញកៅអី មិនចំពោះតែស្រី្តទេ បុរសក៏ធ្វើរបរនេះដែរ។ គ្រួសារបងស្រីថាច់ធីតឺយ នៅភូមិកិញ្ឆាងមុននេះជីវភាពគ្រួសារគាត់នៅជួបលំបាកច្រើន អាស្រ័យប្រកបមុខរបរនេះ ទើបជីវភាពគ្រួសារគាត់បានធូរធារគ្រាន់បើ។ បងស្រីតឺយ ឲ្យដឹង៖ “ខ្ញុំចំណាយពេលត្បាញកៅអីជ័រពេញមួយថ្ងៃ ចំណែកប្តីខ្ញុំក្រៅពីពេលទៅលីស្រូវឲ្យឈ្មួញ ពេលទំនេរគាត់ក៏ជួយខ្ញុំធ្វើការងារនេះដែរ។ ជាមធ្យមក្នុងមួយថ្ងៃគ្រួសារខ្ញុំធ្វើបានកៅអី២”។ អាស្រ័យដោយថ្វីដៃប៉ិនប្រសប់របស់ពលករ ម៉្លោះហើយរាល់ផលិតផល កៅអីដែលក្រុមផលិតបានត្រូវបានឲ្យតមៃ្លខ្ពស់ រវាង១ខែក្រុមត្បាញត្រូវប្រមូលផលិតផលកៅអីគ្រប់ប្រភេទ ប្រគល់ឲ្យក្រុមហ៊ុនត្វឹងលិនពី១០០-២០០កៅអី។
បច្ចុប្បន្ន ទម្រង់រូបភាពត្បាញកៅអីជ័របានបើកទូលាយនៅតាមភូមិក្នុងឃុំផុងភូនិងនៅភូមិភាគជិតខាង។ រួមជាមួយនឹងទម្រង់រូបភាពជាច្រើនទៀត ដូចជា៖ បកគ្រាប់ស្វាយចន្ទី ត្បាញកន្រ្តក់ជ័រជាដើម។ល។ ទម្រង់រូបភាពត្បាញកៅអីជ័របានជួយឲ្យពលករនៅភូមិកិញ្ឆាងមានលក្ខណសម្បត្តិពង្រីកសេដ្ឋកិច្ចលំនឹងជីវភាព ៕
អត្ថបទ, រូបថតៈ ថាច់ត្រិន