ថើយស្វឹងជាឃុំតំបន់ឆ្ងាយដាច់ស្រយាលរបស់ស្រុកកើ-ដ ក្រុងកឹងធើ នៅជួបលំបាកច្រើន។ អាស្រ័យការយកចិត្តទុកដាក់វិនិយោគទុនរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ និងស្មារតីឧស្សាហ៍ព្យាយាម ខិតខំឆ្លងកាត់លំបាករបស់ប្រជាជន ម្ល៉ោះហើយជីវភាពរបស់មាមីងនៅទីនេះបានផ្លាស់ថ្មីជាវិជ្ជមាន។
សិស្សជនរួមជាតិខ្មែររៀននៅសាលាថើយស្វឹង១។
មកកាន់ភូមិថើយត្រឿង២ ជាភូមិលំបាកពិសេសរបស់ឃុំថើយស្វឹង យើងអាចសង្កេតឃើញជីវភាពរបស់មាមីងខ្មែរនៅទីនេះកំពុងមានការអភិវឌ្ឍ។ បងស្រីដាវធីនឿង ទើបចាកផុតពីភាពក្រីក្រនៅ២០១៧ ឲ្យដឹង៖ “គ្រួសារខ្ញុំកូនច្រើនគ្មានដីបង្កបងេ្កីនផល ម្ល៉ោះហើយគ្រួសារខ្ញុំស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រជាច្រើនឆ្នាំបន្តបន្ទាប់។ ច្រើនឆ្នាំកន្លង រដ្ឋអំណាចឃុំបានជំរុញឲ្យគ្រួសារខ្ញុំទៅរៀនរបរ។ ខ្ញុំរៀនត្បាញកន្ត្រកជ័រ ត្បាញកំប្លោក ចំណែកកូនៗខ្ញុំរៀនជាងសំណង់។ អាស្រ័យមានរបរលំនឹង ទើបគ្រួសារខ្ញុំរកបានប្រាក់ចំណូលជាងមុន”។
ឃុំថើយស្វឹង ជាភូមិភាគមានចំនួនប្រជាជនរស់នៅកុះករ ភាគច្រើនគឺមាមីងជនរួមជាតិខ្មែរ ខ្លះគ្មានដីបង្កបងេ្កីនផល ខ្លះក៏មានដីតិចតួច។ ដោយយល់ច្បាស់នូវលក្ខណៈពិសេសនោះ ឃុំបានសហការជាមួយនឹងការិយាល័យការងារយុទ្ធជនពិការ និងសង្គមកិច្ចស្រុកកើ-ដ បានបើកវគ្គបង្រៀនរបរជូនមាមីងខ្មែរជាបន្តបន្ទាប់។ តាមការគ្រោងទុកក្នុងមួយឆ្នាំបើក២ថ្នាក់ បណ្ដុះបណ្តាលមុខរបរជូនសិក្ខាកាមជិត១០០នាក់ រៀនពីរបៀបចិញ្ចឹមសត្វធាតុ ត្បាញបន្ទោះ និងសំណង់កម្រិតមូលដ្ឋាន។ ក្រោយពីបញ្ចប់វគ្គសិក្សាសិក្ខាកាមភាគច្រើនសុទ្ធតែមានការងារធ្វើ។ ផលិតផលត្បាញបន្ទោះ និងចិញ្ចឹមគោ ពពែ តែងមានច្រកចេញលំនឹង។
បច្ចុប្បន្ន គ្រួសារក្រីក្រ គ្រួសារជិតក្រ ជាជនរួមជាតិខ្មែររបស់ឃុំ១០០% ត្រូវបានផ្គត់ផ្គង់ប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ។ ក្រៅពីនោះ មន្ទីរពេទ្យយោធានិងប្រជាជនកើ-ដ ថែមទាំងមានគោលនយោបាយពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនជនរួមជាតិខ្មែរនៅភូមិថើយត្រឿង១និងថើយត្រឿង២ទៀតផង។ ថើយស្វឹងក៏ជាឃុំមានចលនារៀនអក្សរខ្មែរយ៉ាងពុះពោរផងដែរ។ បច្ចុប្បន្ន ឃុំមានក្លឹបនារីខ្មែរអភិរក្សអត្តសញ្ញាណជាតិ បង្រៀនអក្សរខ្មែរជូនបងប្អូននារី។ ឃុំមានសាលាបឋមសិក្សាចំនួន២ និងមានគ្រូបង្រៀនអក្សរខ្មែរមួយរូប មានសិស្សចូលរៀនចំនួន១០១នាក់ នៅកម្រិតA និងB។
គិតគូរកន្លែងនៅលំនឹងជូនជនរួមជាតិខ្មែរ ក៏ជាការងារមួយក្នុងចំណោមការងារបានអាទិភាពរបស់ឃុំថើយស្វឹង។ ឆ្នាំកន្លងហើយ ឃុំសង់ផ្ទះមហាសាមគ្គីថ្មីបាន៥ខ្នង និងជួសជុលផ្ទះតាមកម្មវិធី១៣៤ដែលទ្រុឌទ្រោមបាន៤ខ្នង។ លោកម៉ាយត្រឿង ប្រធានភូមិថើយត្រឿង១ ឲ្យដឹង៖ “អាស្រ័យមានមុខរបរ ទើបរកបានប្រាក់ចំណូលលំនឹងម្ល៉ោះហើយជីវភាពមាមីងខ្មែរបានធូរធារ។ ពិសេសគឺឆ្នាំកន្លងហើយ មានគ្រួសារជាច្រើនបានរដ្ឋឧបត្ថម្ភសង់ផ្ទះថ្មី ហេតុនោះមាមីងមានសេចក្តីត្រេកអរក្រៃលែង”។
លោកង្វៀនង៉ុកណាម ប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង ឲ្យដឹង៖ “នៅពេលខាងមុខ ឃុំនឹងជួសជុលផ្ទះជូនប្រជាជន១៥០គ្រួសារជាបន្ត។ ឆ្លងតាមរយៈនោះ ឃំុអនុវត្តសម្រេចលក្ខឋានខាងផ្ទះនៅក្នុងការកសាងជនបទថ្មីនៅភូមិភាគ។ បច្ចុប្បន្ន ឃុំថើយស្វឹង ក៏បានសម្រេចលក្ខឋានជនបទថ្មីចំនួន១៤/១៩”៕
ថាញ់ភូ-វិមាន