ប៉ុន្មានឆ្នាំមកនេះ វត្តមហាទប់ ក្រុងសុកត្រាំង ខេត្តសុកត្រាំង បានរៀបចំប្រគំភ្លេងពិណពាទ្យនៅក្នុងវត្ត ដើម្បីបម្រើភ្ញៀវទេសចរនិងរក្សាវប្បធម៌ប្រវេណីរបស់ជនរួមជាតិខ្មែរ។
សិល្បករណែនាំប្អូនៗប្រគំភ្លេងពិណពាទ្យនៅវត្តមហាទប់។
ព្រះតេជព្រះគុណឡឹមទូលិន ព្រះពហុស្សូតវត្តមហាទប់ មានថេរដីកា ៖ បច្ចុប្បន្ន ក្នុងវត្តមានភ្លេងពិណពាទ្យចំនួន៣វង់ មួយវង់សម្រាប់ប្រគំបម្រើភ្ញៀវទេសចរ។ អ្នកប្រគំភ្លេងពិណពាទ្យ ភាគច្រើនមានអាយុចាប់ពី៨ដល់១៧ឆ្នាំ គឺជាកូនចៅជនរួមជាតិខ្មែរក្នុងចំណុះជើងវត្ត។ ព្រះតេជព្រះគុណឡឹមទូលិន មានថេរដីកា៖ "ជារៀងរាល់ឆ្នាំ ព្រះចៅអធិការវត្ត តែងអញ្ជើញសិល្បករពីក្រុមសិល្បៈខ្មែរខេត្តមកបង្រៀនភ្លេងពិណពាទ្យជូនប្អូនៗ។ ម្យ៉ាងទៀតប្អូនទាំងនេះ ក្រោយពីរៀនចេះស្ទាត់អាចនឹងចូលរួមក្នុងក្រុមភ្លេង ដើម្បីលេងកំដរភ្ញៀវទេសចរឬក៏នៅតាមពិធីបុណ្យផ្សេងៗ ពេលដែលពុទ្ធបរិស័ទមានតម្រូវការដូច៖ បុណ្យកឋិនទាន បុណ្យពុទ្ធាភិសេក បុណ្យឈាបនកិច្ច។ល។ ប្រសិនបើក្រុមភ្លេងចេញទៅប្រគំគឺមធ្យមភាគក្នុងមួយថ្ងៃវត្តនឹងជំនួយទឹកប្រាក់ពី៨០.០០០ដល់១០០.០០០ដុង ម្ល៉ោះហើយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាក់ទាញប្អូនៗចូលមករៀនយ៉ាងច្រើន"។ ប្អូនង្វៀនថាញ់តាយ ចូលមករៀនភ្លេងក្នុងវត្ត ឲ្យដឹង៖ "ឪពុកប្អូនជាជនជាតិកិញ រីឯម្តាយជនជាតិខ្មែរ ម្ល៉ោះហើយឲ្យតែដល់រដូវវិស្សមកាលម្តងៗ ប្អូនតែងទៅវត្តដើម្បីរៀនអក្សរខ្មែរផងរៀនភ្លេងផង។ ប្អូនពេញចិត្តប្រគំភ្លេងពិណពាទ្យណាស់ ម្ល៉ោះហើយរាល់លំនាំបទភ្លេងដែលលោកគ្រូបានបង្ហាត់បង្ហាញ ប្អូនរៀនឆាប់ចេះឆាប់ចាំ។ ជិតមួយឆ្នាំមកនេះ ប្អូនចេះប្រគំបទភ្លេងជាច្រើន ហើយ បានចូលជាសមាជិកក្រុមភ្លេងក្នុងវត្តនឹងមានឱកាសទៅប្រគំបម្រើភ្ញៀវទេសចរនិងតាមពិធីបុណ្យផ្សេងៗទៀតផង។ ដោយឃើញប្អូនចេះអក្សរខ្មែរផង ចេះប្រគំបទភ្លេងអាចទទួលបានប្រាក់ចំណូលផង បានជាមិត្តភ័ក្តិដទៃទៀតសុំព្រះសង្ឃចូលរៀនភ្លេងដែរ"។
ទន្ទឹមនឹងនោះ ក្នុងវត្តមហាទប់ថែមទាំងមានក្រុមភ្លេងប្រពៃណីជំនាញខាងប្រគំ បម្រើភ្ញៀវទេសចរពេលមកទស្សនាកម្សន្ត។ ជាពិសេសភ្លេង ពិណពាទ្យនិងភ្លេងប្រពៃណីរបស់ជនរួមជាតិខ្មែរ ត្រូវបានវត្តមហាទប់រក្សានិងអភិរក្សតាំងពីយូរលង់មក។ ព្រះតេជព្រះគុណឡឹមទូលិន មានថេរដីកា បន្ថែម៖"ដំបូងសមាជិកក្រុមភ្លេងមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ប៉ុន្តែអាស្រ័យជីវភាពគ្រួសារ ម្ល៉ោះហើយក៏បោះបង់របរភ្លេងទៅធ្វើការឈ្នួល។ សព្វថ្ងៃក្រុមភ្លេងពិណពាទ្យភាគច្រើនជាក្មេងៗ មានអាយុក្រោម១៨ឆ្នាំទាំងអស់។ រយៈពេលខាងមុខវត្តនឹងបន្តការរកសិល្បករ មកបង្រៀនជូនប្អូនៗឲ្យចេះប្រគំភ្លេងប្រពៃណី ដើម្បីបន្តការរក្សាឲ្យបានគង់វង្សពីជំនាន់មួយទៅជំនាន់មួយ។ ពីព្រោះប្អូននៅតូចមានបញ្ញា ស្មារតីឆ្លាតវៃ ដៃនិងភ្នែករហ័សរហួន ម្ល៉ោះហើយរៀនឆាប់ចេះឆាប់ចាំអាចនឹងចូលរួមក្នុងក្រុមភ្លេងបានយូរអង្វែង"៕
លីធាន-លីសៀ