ទោះបីភ្លៀងធ្លាក់អូសបន្លាយក៏ដោយ ប៉ុន្តែមាមីងកសិករដែលដាំចំការនៅសុកត្រាំង មានក្តីរីករាយណាស់ ពីព្រោះដំណាំលក់បានថ្លៃ ហេតុដូច្នោះ មាមីងរកបានប្រាក់ចំណេញច្រើន។
មាមីងកសិករនាំស្ពៃក្តោបទៅលក់ឲ្យឈ្មួញ។
រយៈកាលកន្លង ភ្លៀងធ្លាក់អូសបន្លាយនាំឲ្យជះឥទ្ធិពលដល់ការលូតលាស់របស់ដំណាំ ដូច្នេះអ្នកដាំត្រូវថែទាំឲ្យបានហ្មត់ចត់និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទើបមានផលិតផលសម្រាប់លក់។ បងស្រីលីធីមីញៀង អ្នកប្រមូលទិញបន្លែបង្ការនៅភូមិព្រែកឆ្វេង ឲ្យដឹងៈ" ឆ្នាំនេះចំនួនបន្លែបង្ការថយចុះប្រមាណ៥០% បើប្រៀបធៀបជាមួយនឹងឆ្នាំមុន មិនគ្រប់ផ្គត់ផ្គង់ឲ្យឈ្មួញនៅខេត្តនានា ដូច្នេះបណ្តាលឲ្យតម្លៃឡើងខ្ពស់យ៉ាងនេះ។ ហេតុដូច្នោះ មាមីងកសិកររកបានប្រាក់ចំណេញច្រើន" ។
បច្ចុប្បន្ន មាមីងដែលដាំចំការនៅសងខាងមាត់ប្រឡាយរបស់ភូមិព្រែកឆ្វេងកំពុងប្រមូលផលខ្ទឹមស្លឹក គូឆាយ ស្ពៃក្តោប ស្ពៃបូកគោ ។ល។ បងថាច់ឌាង នៅភូមិព្រែកឆ្វេង ឲ្យដឹងដោយក្តីរីករាយៈ" នេះជាលើកដំបូងដែលខ្ញុំដាំចំការបានទាំងទិន្នផលនិងតម្លៃ។ ខ្ញុំដាំស្ពៃបូកគោ១កុង អាចប្រមូលផលបាន២២លានដុង ប៉ុន្តែចំណាយដើមទុនតែប្រមាណ១លានដុងប៉ុណ្ណោះ ដូច្នេះខ្ញុំសប្បាយចិត្តណាស់។ បច្ចុប្បន្ន តម្លៃស្ពៃបូកគោពី១៨.០០០ដុង-២០.០០០ដុង/គីឡូក្រាម"។ ចំណែកបងស្រីតូធីកីមហឿង ក៏នៅភូមិព្រែកឆ្វេងដែរឲ្យដឹងៈ" ពិតណាស់ឆ្នាំនេះ បន្លែបង្ការប្រភេទណាក៏បានថៃ្លទាំងអស់ ម៉្លោះហើយមាមីងនរណាក៏រីករាយដែរ។ បច្ចុប្បន្ន នាងខ្ញុំដាំខ្ទឹមស្លឹកនិងគូឆាយជាង២កុង គូឆាយផ្តល់ផ្កាជាង៥០គីឡូក្រាម/ថ្ងៃ ដោយតម្លៃ២០.០០០ដុង/គីឡូក្រាមចំណែកខ្ទឹមស្លឹកវិញមួយបាច់(៣គីឡូក្រាម)តម្លៃ៥០.០០០ដុង។ មួយថ្ងៃនាងខ្ញុំអាចប្រមូលផលខ្ទឹមស្លឹកប្រមាណ៥០បាច់ ហើយមួយកុងអាចប្រមូលផលប្រមាណ១០ថ្ងៃគឺរួចស្រេចហើយ។ នេះជាឆ្នាំដំបូងដែលនាងខ្ញុំឃើញថាបន្លែបង្ការបានថ្លៃយ៉ាងនេះ"។ ក៏ដូចបងស្រីហឿងដែរ បងស្រីដាវធីធូ នៅភូមិព្រែកឆ្វេង ឲ្យដឹងៈ" ឆ្នាំណាក៏ដូចឆ្នាំណាឲ្យតែដល់រដូវហ្នឹងគឺ នាងខ្ញុំប្រមូលផលស្ពៃក្តោប ប៉ុន្តែតម្លៃស្ពៃក្តោបឆ្នាំនេះកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំទៅមិញ។ ស្ពៃក្តោបដាំចំរដូវភ្លៀងវាងាយនឹងខូចខាតណាស់ ប៉ុន្តែអាស្រ័យនាងខ្ញុំមានបទពិសោធន៍ដាំយូរឆ្នាំ ម៉្លោះហើយទើបនាងខ្ញុំចេះរបៀបថែទាំកាត់បន្ថយការបង់ខាត។ ឆ្នាំនេះតម្លៃស្ពៃក្តោបប្រមាណ៨.០០០ដុង/គីឡូក្រាម ដូច្នេះជាមួយនឹងស្ពៃក្តោប៣កុង ក្រោយពីគិតចំណូលចំណាយរួចស្រេច នាងខ្ញុំនៅចំណេញជិត៣០លានដុង"។
សុកត្រាំង ជាភូមិភាគមួយក្នុងចំណោមភូមិភាគដែលមានផ្ទៃដីដាំចំការច្រើនបង្គួរ ដោយមានតំបន់ជំនាញដាំចំការដូចជាឃុំដាយតឹង ថាមដូង ថាញ់ភូ (ស្រុកមីស្វៀង) អាងនិញ (ស្រុកចូវថាញ់) ភូមី(ស្រុកមីទូ) ។ល។ ចំណុចពិសេសឆ្នាំនេះ គឺមាមីងដាំដំណាំខុសរដូវ ម៉្លោះហើយទទួលបានប្រាក់ចំណូលខ្ពស់។ ប្រសិទ្ធភាពនេះ មិនត្រឹមតែជួយឲ្យគ្រួសារចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ នៅទាំងបង្ហាញនូវរបៀបធ្វើល្អៗ ពេលមាមីងអ្នកដាំចំការបានអនុវត្តវិទ្យសាស្រ្តបច្ចេកទេសក្នុងការផលិត ដើម្បីបង្កើនប្រាក់ចំណូល៕
លីធាន-សុផល