20/03/2017 - 15:29

ជាងចម្លាក់មានទេពកោសល្យ

កើតនិងធំដឹងក្តីក្នុងគ្រួសារមានបវេណីខាងចម្លាក់​ សិតពុម្ព បងយ័ញ ថាយត្រាង បច្ចុប្បន្ន ជាសិប្បករចម្លាក់មួយរូបបានព្រះសង្ឃនិងគណៈកម្មការវត្តនានាអញ្ជើញមកគូរគំនូរនិងឆ្លាក់ព្រះពុទ្ធបដិមា។

បងត្រាង កំពុងលាបពណ៌ព្រះពុទ្ធបដិមា។

មកកាន់អនុសង្កាត់៤ សង្កាត់១ ទីរួមខេត្តយ៉ារ៉ាយ ខេត្តបាកលីវ  សួររក ផ្ទះបងយ័ញថាយត្រាង(ហៅថាយយុង) មាមីងនៅទីនេះស្គាល់សឹងតែគ្រប់គ្នា។ ផ្ទះនេះ ក៏ជាផ្ទះរបស់សិប្បករយ័ញសារ៉ិន (ឪពុកបងត្រាង)។ ពីមុនសិប្បករយ័ញសារ៉ិន ជាជាងល្បីឈ្មោះនៅបាកលីវ ជាមួយនឹងវណ្ណកម្មចម្លាក់និងក្បាច់រចនាខ្មែរណាមបូ។

បងត្រាង ទទួលលាបពណ៌ព្រះជីវ៍វត្តពិទូឃោសរង្សី នៅខណ្ឌនិញកេវ ក្រុងកឹងធើ ទើបសម្រេចរួចរាល់ បងចែករំលែក៖ "កាលនៅកុមារថ្វីត្បិត មានទេពកោសល្យក៏ដោយ ប៉ុន្តែខ្ញុំពិតជាពុំទាន់ចូលចិត្តខាងរបរចម្លាក់ ។ ពេលឪពុកខ្ញុំសុខភាពថមថយ ទើបខ្ញុំយល់ពីសារៈសំខាន់នៃរបរនេះ និងមានបំណងបន្តវេន ម៉្លោះហើយខ្ញុំព្យាយាមរៀនរបរ"។ ពិតមែនតែបានឪពុកផ្ទេរជូននូវបទពិសោធន៍ និងវិធីសំខាន់ៗក្នុងរបរក៏ដោយ ប៉ុន្តែ ពេលប្រកបរបរចំណេះដឹងទាំងនេះនៅតែមិនទាន់សព្វគ្រប់ បងចាប់ផ្តើមទៅស្វែងយល់ពីសិល្បៈចម្លាក់តាមវត្តខ្មែរនានានៅណាមបូ។ បងទៅតាមខេត្តដែលមានវត្តខ្មែរច្រើនដូច៖ ខេត្តត្រាវិញ សុកត្រាំង ឲ្យតែឮថាវត្តណាមានចម្លាក់ និងក្បាច់រចនាល្អវិចិត្រ បងនឹងទៅសាកសួរសិប្ប ករចំណានៗនៅទីនោះភ្លាម។

មកទល់នឹងបច្ចុប្បន្ន បងត្រាងទទួលឆ្លាក់និងជួសជុលព្រះពុទ្ធបដិមា តាមវត្តខ្មែរនៅណាមបូជិត២០វត្ត។ បងក៏ធ្លាប់ទៅទទួលឆ្លាក់និងគូរគំនូរ ពុទ្ធប្បវត្តិនៅវត្តគិរីបុប្ផារាម នៅទីរួមខេត្តឡុងខាញ់ ខេត្តដុងណាយ។ ក្រៅពីនោះ បងនៅទាំងទទួលសូនរូបព្រះពុទ្ធបដិមាទ្រង់ទ្រាយធំ មានកម្ពស់ជិត២០ម៉ែត្រ នៅវត្តសិរីមង្គល ឃុំហូធីកី ស្រុកថើយប៊ិញ ខេត្តកាម៉ាវ សំណង់នេះសាងសង់រយៈកាល៧ខែទើបសម្រេចរួចរាល់។ ឆ្លង តាមរយៈនោះ កេរ្តិ៍ឈ្មោះនិងថ្វីដៃចម្លាក់របស់បងត្រាងពីមួយថ្ងៃទៅថ្ងៃ កាន់តែល្បីទៅឆ្ងាយ ហើយបានអ្នកទាំងឡាយដឹងឮជាច្រើន។ ព្រះតេជព្រះគុណលីហ៊ុង ព្រះចៅអធិការវត្តពិទូឃោសរង្សី មានព្រះថេរដីកា៖ "របរចម្លាក់និងគូរគំនូរ សព្វថ្ងៃកម្រមានអ្នករៀន ពីព្រោះរបរនេះទាម ទារត្រូវតែមានទេពកោសល្យខ្ពស់ រៀនរយៈពេលយូរ ម៉្លោះហើយកម្រ រកបានសិប្បករវ័យក្មេង មានទេពកោសល្យដូចបងយ័ញថាយត្រាង គួរឲ្យកោតសរសើរណាស់"

បន្ទាប់ពីឆ្លាក់ពុទ្ធបដិមានៅវត្តពិទូឃោសរង្សីសម្រេចរួចរាល់ បងយ័ញថាយត្រាង ទៅទទួលឆ្លាក់នៅខេត្តសុកត្រាំង។ បងត្រាង សំណេះសំណាល៖"ព្រះពុទ្ធបដិមា គឺជាទីបង្អែកខាងស្មារតីរបស់ជនរួមជាតិខ្មែរណាមបូ ម៉្លោះហើយពេលខ្ញុំប្រកបរបរតែងតម្កល់ស្មារតីខ្ពស់ក្នុងការងារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទនៅ តាមវត្តនានា"

ថាញ់ភូ-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងយ័ញថាយត្រាង