ជីវភាពរបស់ជនរួមជាតិខ្មែរនៅឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ មានការផ្លាស់ថ្មីយ៉ាងច្រើន អាស្រ័យគោលនយោបាយវិនិយោគដោយឡែករបស់រដ្ឋសម្រាប់ជនរួមជាតិខ្មែរក្នុងរយៈពេលកន្លង។
សិស្សានុសិស្សជនជាតិខ្មែរទៅសាលារៀន។
នៅសងខាងផ្លូវចូលទៅកាន់ឃុំថើយស្វឹង មាមីងដាំផ្កាលម្អដូចជាផ្ការំ យោលផ្កាម៉ោងដប់ជាដើម។ បងស្រីថាច់ធីហុង ផ្ទះនៅជិតមជ្ឈមណ្ឌល ឃុំថើយស្វឹង ឲ្យដឹង៖" ពីមុនផ្លូវចូលផ្ទះខ្ញុំត្រូវដើរព័ទ្ធពីឃុំថើយដុង ទើបចូលមកបាន។ បច្ចុប្បន្ន អាស្រ័យបានរដ្ឋកសាងផ្លូវកៅស៊ូពីមជ្ឈមណ្ឌលស្រុកកើ-ដ ឆ្ពោះទៅឃុំថើយស្វឹងឆ្លងកាត់ដីរបស់នាងខ្ញុំ ម៉្លោះហើយគ្រួ សារនាងខ្ញុំបានរុះរើផ្ទះពីមាត់ព្រែកមកសង់លើមាត់ថ្នល់ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរនិងបើកហាងលក់ដូររកប្រាក់ចំណូលបន្ថែម" ។ និយាយថារកប្រាក់ចំណូលបន្ថែម តាមពិតទៅប៉ុន្មានឆ្នាំកន្លងហាងលក់នៅមាត់ផ្លូវតូចមួយនេះ ជាប្រភពចំណូលចម្បងសម្រាប់គ្រួសារបងស្រី លំនឹងជីវភាព។ បងស្រីហុង ឲ្យដឹងដោយក្តីរីករាយ៖" ហាងតូចមួយនេះ អាចផ្តល់ប្រាក់ចំណូលដល់គ្រួសារនាងខ្ញុំរៀងរាល់ថ្ងៃ ចំណែកប្រាក់ចំណូលបានមកពីការធ្វើស្រែ នាងខ្ញុំទុកសម្រាប់ថ្ងៃក្រោយសង់ផ្ទះ "។
តាមបងហ្វិ្វញកាវមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង អាស្រ័យគោលនយោបាយពិសេសសម្រាប់ជនរួមជាតិខ្មែរ ឃុំបានកសាងសម្រេចផ្លូវបេតុងចំនួន៨.៧៧០ម៉ែត្រ តភ្ជាប់ពីភូមិមួយទៅភូមិមួយនិងពីភូមិទៅដល់មជ្ឈមណ្ឌលឃុំ ក្នុងនោះជំនួយទាំង១០០% ដល់គ្រួសារជនរួមជាតិខ្មែរដែលមានជីវភាពក្រីក្រចំនួន១២១គ្រួសារ គ្មានទុនបដិភាគ។ ពិសេសគឺ ដងផ្លូវបេតុងជាង៥.០០០ម៉ែត្រ នោះបានឆ្លងកាត់ភូមិថើយត្រឿង១ និងថើយត្រឿង២ ភូមិទាំងពីរមានជនរួមជាតិខ្មែររស់នៅកុះករបំផុតរបស់ឃុំ។ ពូថាច់ផល នៅភូមិថើយត្រឿង១ ឲ្យដឹង ដោយក្តីរីករាយ" បច្ចុប្បន្ន កាលបើក្នុងគ្រួសារមានអ្នកឈឺថ្កាត់ម្តងៗ គឺកូនខ្ញុំយកម៉ូតូឌុបទៅកាន់ដំណាក់សុខាភិបាលពិនិត្យភ្លាម ពីព្រោះខ្ញុំបានរដ្ឋជូនប័ណ្ណធានាហានិភ័យសុខាភិបាល។ ផ្លូវកសាងបានរលូន ដូច្នោះ ពេលមានកូនចៅទៅរៀនងាយស្រួលយើងខ្ញុំមានការនឹងនរចិត្តណាស់ មិនខ្លាចពួកវាដួលរអិលធ្លាក់ព្រែកធ្លាក់ស្ពានទៀតទេ។ មុននេះ រដ្ឋបានជំនួយផ្ទះនៅ សព្វថ្ងៃរដ្ឋគិតគូរការងារទាំងនេះទៀត ដូច្នេះយើងខ្ញុំអរគុណរដ្ឋខ្លាំងណាស់" ។
តាមប្រសាសន៍បងហ្វិ្វញកាវមិញ ឃុំថើយស្វឹងបានបង្កើតឡើងផ្អែកលើមូលដ្ឋានចែកចេញ ពីឃុំថើយដុងក្នុងឆ្នាំ២០០៩ ទូទាំងឃុំមាន១.៧៣០គ្រួសារ ក្នុងនោះ មានគ្រួសារជនជាតិខ្មែរចំនួន៥៤០ ស្រូបយកអត្រា៣១,៥៦%។ នេះជាឃុំមួយក្នុងចំណោមឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះករបំផុតរបស់ក្រុងកឹងធើ។ ពេលទើបតែចែកឃុំថើយស្វឹងពេល នោះមិនទាន់មានសាលាមត្តេយ្យ មិនទាន់មានដំណាក់សុខាភិបាលមិនទាន់មានទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនឃុំ។ល។ បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ថើយស្វឹងបានលំនឹងបន្ទាប់ពីដំណាក់សុខាភិបាលឃុំ បានកសាងថ្មីសម្រេចបទដ្ឋានជាតិ សាលាមត្តេយ្យបានកសាងថ្មីដោយសរុបថវិកាជាង២០ពាន់លានដុង ក៏សម្រេចបទដ្ឋានមជ្ឈមណ្ឌលរដ្ឋបាលឃុំ បានកសាងថ្មីធានាឲ្យការកំណែទម្រង់រដ្ឋបាល មានភាពងាយស្រួល។ល។ ជាមួយនឹងលក្ខណសម្បត្តិដូចបច្ចុប្បន្ន ជឿជាក់ថា រយៈកាលខាងមុខជីវភាពរបស់ជនរួមជាតិខ្មែរឃុំថើយស្វឹងកាន់តែមានការអភិវឌ្ឍន៍៕
ហាថាញ់ - សុផល