ចារសាស្រ្តាស្លឹករឹតជាវិធីអភិរក្ស ក្បួន ច្បាប់ ធម៌អាថ៌ វិន័យរបស់ព្រះសង្ឃ និងជនរួមជាតិខ្មែរណាមបូមានតាំងពីយូរមកហើយ។ ប៉ុន្តែបច្ចេកទេសនេះ កំពុងប្រឈមនឹងការសាបរលាប។ ដើម្បីខិតខំអភិរក្សលក្ខណៈវប្បធម៌ដ៏ពិសេសនេះ ផ្នែកមុខងារខេត្ត អាងយ៉ាងបានសហការជាមួយនឹងព្រះសង្ឃ ប្រជាជនបើកថ្នាក់ បង្រៀនចារសាស្រ្តាស្លឹករឹតដំបូងបង្អស់នៅនឹងខេត្ត។
ព្រះឧបជ្ឈាយ៍ចៅទីកំពុងបង្រៀនរបៀបចារអក្សរលេីស្លឹករឹត។
មុខសញ្ញាសំខាន់របស់ថ្នាក់រៀនចារសាស្រ្តាស្លឹករឹត គឺយុវសង្ឃចេះស្ទាត់អក្សរខ្មែរ និងចេះចាំធម៌អាថ៌វិន័យ។ ថ្នាក់រៀននេះបានបើកនៅវត្តស្វាយសឃុំណូយតូ ស្រុកទ្រីតូង អាស្រ័យដោយព្រះឧបជ្ឈាយ៍ចៅទី បង្រៀនដោយផ្ទាល់ ពីព្រោះព្រះអង្គយល់ជ្រៅជ្រះខាងបច្ចេកទេសចារសាស្រ្តាស្លឹករឹតនៅអាងយ៉ាង។ ព្រះសង្ឃរៀនថ្នាក់នេះនិមន្តមកពីវត្តនានាទូទាំងខេត្ត។ តាមការគ្រោងទុកថ្នាក់រៀននេះនឹងបើកក្នុងអំឡុង២០ថ្ងៃ ថវិកាអាស្រ័យដោយផ្នែកមុខងារចំណាយ ដើម្បីបង្កលក្ខណៈរៀន សូត្រល្អបំផុតសម្រាប់ថ្នាក់រៀន។
សិក្ខាកាមភាគច្រើនតែងជួបការលំបាក ពេលរៀនធ្វើឧបករណ៍ចារស្លឹករឹត។ នោះគឺដងដែកចារដែលធ្វើពីឈើមានទម្រង់ដូចជាប៊ិច ហើយនៅក្នុងដងឈើនោះ គេដោតបញ្ចូលដែកស្រួចមួយហៅថាដែកចារ សម្រាប់ចារលើស្លឹករឹត។ ដើម្បីឃើញអក្សរច្បាស់ពេលចាររួចហើយគេយកធ្យូងលាបលើផ្ទៃស្លឹករឹតមួយសន្លឹកៗ ឲ្យជ្រាបចូលតាមស្នាមចាររួចយកក្រណាត់ជូតឲ្យជ្រះ ពេលនោះគេនឹងឃើញអក្សរខ្មៅលេចឡើង យ៉ាងច្បាស់លើផ្ទៃស្លឹករឹត។ ការចារអក្សរលើស្លឹករឹតនេះ ទាមទារការប្រ មូលផ្តុំអារម្មណ៍ហ្មត់ចត់កម្លាំងដៃសមល្មមចៀសវាងខុសលក្ខណៈអក្សរ ឬក៏ធ្វើឲ្យដាច់ស្លឹករឹតជាដើម។ ពេលខុសត្រង់កន្លែងណាមួយត្រូវតែចោលស្លឹកនោះ ហើយចារឡើងសាជាថ្មី។ ព្រះឧបជ្ឈាយ៍ចៅទី មានព្រះថេរដីកាៈ" សិក្ខាកាមទាំង១៦អង្គសិក្សាបានល្អណាស់ ហើយមួយអង្គៗ សុទ្ធតែមានចំណេះដឹងជាមូលដ្ឋាន ដើម្បីដោះដូរបច្ចេកទេសរបស់ព្រះអង្គតទៅអនាគត។ ទោះបីរៀនក្នុងរយៈពេលខ្លី ដើម្បីក្តាប់ក្តោមចំណេះដឹងជាមូលដ្ឋាន ប៉ុន្តែដើម្បីសម្រេចបាននូវជំនាញកម្រិតខ្ពស់ទៀត គប្បី មានពេលវេលាវែងសម្រាប់លត់ដំ ប្រការនោះអាស្រ័យទៅតាមសមត្ថភាពរបស់សិក្ខាកាមនីមួយៗ"។
បច្ចុប្បន្ន វត្តខ្មែរជាច្រើននៅវាលរាបទន្លេគឺវឡុង បានអភិរក្សក្បួនខ្នាត ធម៌អាថ៌វិន័យច្បាប់ជាច្រើនដោយសាស្រ្តាស្លឹករឹតដ៏មានតម្លៃ។ ប៉ុន្តែឥឡូវមិនសូវមានព្រះសង្ឃចេះបច្ចេកទេស ចារសាស្ត្រាស្លឹករឹតដ៏អស្ចារ្យ នេះទៀតទេ នៅតែព្រះសង្ឃមានវស្សាចាស់មួយចំនួនព្រះអង្គចេះចារស្ទាត់ជំនាញប៉ុណ្ណោះ។ ស្ថានភាពជាក់ស្តែងនេះក៏កើតមាននៅខេត្តអាងយ៉ាងដែរ បច្ចុប្បន្នទូទាំងខេត្ត ព្រះសង្ឃដែលចេះចារអក្សរសាស្រ្តាស្លឹករឹតនៅត្រឹមតែពីរបី ព្រះអង្គប៉ុណ្ណោះ និងមានវស្សាច្រើនណាស់ទៅហើយ។
លទ្ធផលរបស់វគ្គសិក្សានេះ សង្ឃឹមថានឹងមានអ្នកចេះចារជំនាន់ក្រោយ សំដៅអភិរក្សបន្តសិល្បៈចារសាស្រ្តាស្លឹករឹត។ ព្រះឧបជ្ឈាយ៍ ចៅទី មានព្រះថេរដីកាៈបញ្ហាសំខាន់គឺសិក្ខាកាមទាំងនេះត្រូវតែខិតខំបង្រៀនបច្ចេកទេសនេះជាបន្តទៀតនៅនឹងកន្លែងបួសរៀន។ ប៉ុន្តែប្រការដែលញំាុងឲ្យព្រះអង្គបារម្ភបំផុត គឺស្លឹករឹតមិនសូវមាន ហើយថ្លៃ ទៀតផង។ ស្លឹករឹត១.០០០ស្លឹកមានតម្លៃ៣០០USD។ នេះក៏ជាមូល ហេតុសំខាន់ធ្វើឲ្យការបង្ហាត់បង្រៀនចារអក្សរដ៏អស្ចារ្យនេះត្រូវដាច់រយៈដ៏យូរ ។ ព្រះឧបជ្ឈាយ៍សង្ឃឹមថា នឹងមានការឧបត្ថម្ភយូរអង្វែងនិងខ្លាំងក្លាជាងទៀតរបស់បណ្តាស្ថាប័នមុខងារ ដើម្បីបច្ចេកទេសចារសាស្រ្តា ស្លឹករឹត បានរក្សាពីជំនាន់មួយទៅជំនាន់មួយ៕
ថាញ់ភូ-វិមាន