មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

29/07/2026 - 05:44

ភាព​ផ្លាស់​ថ្មី​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​ញូយ៉ា 

ឃុំ​ញូ​យ៉ា ទី​ក្រុង​កឹង​ធើ គឺ​ជា​ភូមិ​ភាគ​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជិត​ ៤១% នៃ​ចំ​នួន​ប្រ​ជា​ជន​។ ច្រើន​ឆ្នាំ​កន្លង​ នៅ​តំ​បន់​ជន​បទ​ឃុំ​ញូយ៉ា មាន​ការ​ផ្លាស់​ថ្មី​យ៉ាង​ច្បាស់​ក្រ​ឡែត​ អា​ស្រ័យ​ផ្តុំ​កម្លាំង​កសាង​ហេ​ដ្ឋារចនា​សម្ព័ន្ធ​ ក៏​ដូច​ជា​ឧបត្ថម្ភ​មា​មីង​អភិវឌ្ឍ​ផលិត​។

ដំ​ណាំ​ដាំ​ដុះ​របស់​ប្រ​ជា​ជន​នៅ​តាម​បណ្តោ​យភ្លឺ​ប្រ​ឡាយ​នៅ​ភូមិ​ព្រែក​ឈ្វេង​ឃុំ​ញូយ៉ា។

តាមផែន​ការ​ឆ្នាំ​ ២០២៦ ឃុំ​បាន​បែង​ចែក​ទុន​វិនិយោគ​របស់​រដ្ឋ​ចំ​នួន​ ២៤,៧៥ ពាន់​លាន​ដុង​ ដើម្បី​អនុ​វត្ត​សំ​ណង់​ចំ​នួន​ ៩។ ក្នុង​ចំ​ណោម​នោះ​ មាន​សំ​ណង់​ចំ​នួន​ ៨ បាន​បង្កើន​កម្រិត​ និង​បើក​ទូ​លាយ​ផ្លូវ​ជន​បទ​ និង​មាន​គម្រោង​កសាង​ប្រ​ព័ន្ធ​លូ​ បង្ហូរ​ទឹក​ចំ​នួន​១។ នៅ​ភូមិ​ព្រែក​អណ្តើក​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ ៨៥% មាន​ដង​ផ្លូវ​បេតុង​មួយ​ទទឹង​ ៣ ម៉ែ​ត្រ​ ប្រ​វែង​ជាង​ ៦០០ ម៉ែ​ត្រ​ ទើប​បា​នក​សាង​អស់​ថវិកា​ ១,៧ ពាន់​លាន​ដុង​។ មុន​នោះ​ មាន​ដង​ផ្លូវ​មួយ​នៅ​ភូមិ​នេះ​មាន​ប្រ​វែង​ ២.០០០ ម៉ែ​ត្រ​ ក៏​បាន​វិនិយោគ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដែរ​។ ផ្លូវ​គមនាគមន៍​បា​នកសាង​សម​រម្យ​ ជួយ​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​ និង​កូន​ចៅ​ទៅ​រៀន​សូ​ត្រ​មាន​ភាព​ងាយ​ស្រួល​ ហើយ​ការ​ដឹក​ជញ្ជូន​ទំនិញ​កសិ​ផល​ក៏​រហ័ស​ជាង​មុន​ដែរ​។

អ្នក​មីង​ ត្រឹង​ធី​ថា​ញ់ នៅ​ភូមិ​ព្រែក​អណ្តើក​ ឱ្យ​ដឹង​៖ “ពី​មុន​ ដង​ផ្លូវ​ក្នុង​ភូមិ​គឺ​ជា​ផ្លូវ​ដី​ ម្ល៉ោះហើយ​ក្នុង​រដូវ​ភ្លៀង​ ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​ក្នុង​ភក់​ជ្រាំ​។ ម៉ូតូក៏​ផ្ញើ​គេ​នៅ​ខាង​ក្រៅ​ពី​ព្រោះ​មិន​អាច​បើក​បរ​ចូល​បាន​ ហេ​តុ​នោះ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​មាន​ការ​លំ​បាក​។ ឥ​ឡូវ​នេះ​ បាន​រដ្ឋ​វិនិយោ​គក​សាង​ផ្លូវ​បេតុង​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​កាន់​តែ​ងាយ​ស្រួល​ជាង​មុន​ មា​មីង​អ្នក​ណា​ក៏​ត្រេក​អរ”។

អំ​ពី​ការ​ផលិត​កសិ​កម្ម​ មិន​ត្រឹម​តែ​ធ្វើ​ស្រែ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ចេះ​ផ្គួប​ផ្សំ​ទម្រង់​ជា​ច្រើន​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​ទៀត​ផង​។ នៅ​ភូមិ​ព្រែក​ឈ្វេង​ មា​មីង​ឆ្លៀត​ប្រើ​ប្រាស់​ភ្លឺ​ប្រ​ឡាយ​ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​ជិត​ ៤០ ហិក​តា​។ ក្នុង​ស្រែ​ផលិត​ស្រូវ​ លើ​ភ្លឺ​ប្រ​ឡាយ​ដាំ​ដំ​ណាំ​ គួប​ផ្សំ​នឹង​ចិញ្ចឹម​ជ្រូក​ព្រៃ​ ចិញ្ចឹម​គោ​ ហេ​តុ​នោះ​រៀង​រាល់​ឆ្នាំ​មាន​គ្រួ​សារ​ជា​ច្រើន​រក​បាន​ប្រាក់​ចំ​ណូល​ពី​ ២០០ លាន​ដុង​ឡើង​ទៅ​។ ដើម្បី​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ឃុំ​បាន​ផ្គត់​ផ្គង់​គោ​ពូជ​ដល់​ប្រ​ជា​ជន​ តាម​រយៈ​ទម្រង់​រដ្ឋ​ឧបត្ថម្ភ​ ៥០% អ្នក​ចិញ្ចឹម​រួម​ចំ​ណែក​ ៥០%។ របៀប​ធ្វើ​នេះ​ ជួយ​ឱ្យ​មា​មីង​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​មួយ​នឹង​ទម្រង់​រក​ស៊ី​ ចិញ្ចឹម​ជីវិត​របស់​ខ្លួន​ជាង​ទៀត​ ជៀស​វាង​សំ​អាង​លើ​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​។

មក​ដល់​ពេល​នេះ​ ឃុំ​ញូយ៉ា បាន​សម្រេច​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ទាំង​ ១៩។ ទូ​ទាំង​ឃុំ​មាន​គ្រួ​សា​រស​ម្រេច​បទ​ដ្ឋាន​គ្រួ​សារ​វប្ប​ធម៌​ជាង​ ៨.០០០ គ្រួ​សារ​ (ស្រូប​អត្រា​ជិត​ ៩៥%) ហើយ​ភូមិ​ទាំង​អស់​សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ភូមិ​វប្ប​ធម៌​ជន​បទ​ថ្មី​។ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​ ក្នុង​នោះ​ គ្រួ​សារ​ក្រី​ក្រ​ដែល​ជា​ជន​ជាតិ​ភាគ​តិច​នៅ​តែ​ ៣៩ គ្រួ​សារ​ប៉ុណ្ណោះ​។

វាយ​តម្លៃ​អំ​ពី​ដំ​ណើរ​ការ​អភិវឌ្ឍ​ជន​បទ​របស់​ភូមិ​ភាគ​ លោក​ ង្វៀង​ក្វឹក​ហឹង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ញូយ៉ា ឱ្យ​ដឹង​៖ “អា​ស្រ័យ​ប្រ​ភព​ធន​ធាន​វិនិយោគ​របស់​រដ្ឋ​ ព្រម​ជា​មួយ​នឹង​ការ​ឯក​ភាព​របស់​ប្រ​ជា​ជន​ ប្រ​ព័ន្ធ​គមនាគមន៍​ជន​បទ​នៅ​លើ​ភូមិ​ឋាន​ឃុំ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ជូន​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​ ដឹក​ជញ្ជូន​ កសិ​ផល​និង​អភិវឌ្ឍ​ការ​ផលិត​។ ទន្ទឹម​នឹង​នោះ​ ភូមិ​ភាគ​ក៏​ផ្សព្វ​ផ្សាយ​នូវ​ទម្រង់​ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​បង្កើន​ប្រាក់​ចំ​ណូល​ បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​មា​មីង​កាន់​តែ​បាន​កែ​លម្អ​ រួម​ចំ​ណែក​កសាង​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​”៕

                                           វឌ្ឍា - វិមាន​

ចែករំលែកអត្ថបទ