វត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរ តាំងពីយូរលង់មកហើយ មិនត្រឹមតែជាទីសក្ការបូជាខាងសាសនាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដែលមានប្រយោជន៍សម្រាប់សង្គមជាតិទៀតផង ចំពោះអ្នកដែលធ្លាប់បានបួសរៀននៅក្នុងវត្ត ក្រៅពីសិក្សាអក្សរសាស្ត្រ និងធម៌វិន័យរបស់ព្រះពុទ្ធ ថែមទាំងរៀនសូត្រនូវមុខរបរប្រពៃណីរបស់ជនជាតិខ្លួនទៀតផង។ ចេញពីសាលារៀននៅក្នុងវត្តទាំងនេះ ក៏មានវត្តមានរបស់វិចិត្រករគំនូរ និងជាងចម្លាក់ កាន់តែច្រើននាក់នៅក្នុងសហគមន៍។
ពេលឈានជើងចូលក្នុងវត្តខ្មែរ យើងខ្ញុំបានឃើញនូវក្បាច់ក្បូររចនា ចម្លាក់យ៉ាងល្អប្រណីត និងទន់ភ្លន់រស់រវើក លើសំណង់ស្ថាបត្យកម្មនានាក្នុងវត្ត។ ក្បូរក្បាច់រចនាចម្លាក់ដ៏វិចិត្រទាំងនោះ បានកើតឡើងដោយស្នាដៃដ៏ប៉ិនប្រសប់របស់ជាងខ្មែរដែលមានជំនាញច្បាស់លាស់។ ហើយពួកគាត់ផ្ទាល់ ក៏បានបណ្តុះបណ្តាលចេញពីវត្តខ្មែរនៅក្នុងសហគមន៍ផងដែរ។

បងស៊ើងថាញត្វឹង កំពុងគូរព្រាងក្បាច់រចនានៅលើក្រដាស។
បងស៊ើងថាញត្វឹង នៅសង្កាត់មីស្វៀង ទីក្រុងកឹងធើ អស់រយៈពេលជាង ២០ ឆ្នាំ បួសរៀននៅក្នុងវត្តព្រះពុទ្ធសាសនាថេរវាទខ្មែរ។ ក្នុងរយៈពេលសាងព្រះផ្នួស ក្រៅពីការសិក្សាភាសា អក្សរសាស្ត្រ និងធម៌វិន័យ បងក៏មានការស្រឡាញ់ពេញចិត្តយ៉ាងខ្លាំងចំពោះវិចិត្រសិល្បៈចម្លាក់ប្រពៃណីរបស់ជនជាតិ។ ដោយសារតែទឹកចិត្តស្រឡាញ់នេះ ទើបជំរុញឱ្យបងសម្រេចចិត្ត "ស្វែងរកគ្រូ" ដើម្បីរៀនរបរនេះ។ កាលនោះ គាត់នៅជាសង្ឃកំពុងគង់រៀនសូត្រក្នុងវត្ត ដូច្នេះ មានភាពស៊ាំជាមួយនឹងបរិយាកាសក្នុងវត្ត ក៏ដូចជាក្បាច់ក្បូររចនានៅក្នុងវត្ត ម្ល៉ោះហើយបងក៏យល់ពីរបរដែលបម្រុងនឹងរៀននោះជាមូលដ្ឋានផងដែរ។ ទន្ទឹមនឹងនោះ បងបានសុំអនុញ្ញាតព្រះចៅអធិការវត្ត ទៅរៀនសូត្រតាមវត្តនានានៅក្នុងភូមិភាគទីក្រុង ឱ្យតែឮថាទីណាមានការកសាងវត្ត មានបង្រៀនចម្លាក់ ឬមានគ្រូជំនាញខាងចម្លាក់ គឺបងនឹងទៅដល់ទីនោះភ្លាម ដើម្បីសុំរៀនសូត្រ។ ដោយភាពរហ័សរហួន ឆ្លាតវៃ ទាំងមានចិត្តស្រឡាញ់មុខរបរយ៉ាងខ្លាំង បងក៏រៀនចេះជំនាញចម្លាក់ពីលោកគ្រូរបស់ខ្ញួន។ បន្ទាប់ពីស្ទាត់ជំនាញ បងក៏បានសុំលាចាកសិក្ខាបទ ហើយចាប់ផ្តើមប្រកបរបរចិញ្ចឹមជីវិតជាមួយនឹងមុខជំនាញដែលខ្លួនបានជ្រើសរើស។ តែគ្រប់យ៉ាង ដូចពាក្យស្លោកពោលថា "ការចាប់ផ្តើមតែងជួបការលំបាក" ដំណើរប្រកបមុខរបរនេះ មិនមែនពេលណាក៏រលូនជានិច្ចនោះទេ ពោលគឺបងត្វឹងឆ្លងកាត់ការលំបាកនិងការនឿយហត់ជាច្រើន ទើបមានភាពជឿជាក់ក្នុងការទទួលការងារធ្វើដូចសព្វថ្ងៃនេះ។
ពេលជួបជាមួយយើងខ្ញុំ បងស៊ើងថាញត្វឹង នៅឃុំដាយតឹម សង្កាត់មីស្វៀង ទីក្រុងកឹងធើ បានចែករំលែក៖ “និយាយរួមទៅ ខ្ញុំមានចិត្តស្រឡាញ់មុខរបរតាំងពីតូចមកម្ល៉េះ ឃើញក្បាច់ក្បូររចនានៅក្នុងវត្តស្អាតៗ ក៏ចូលចិត្ត ទើបតាមរៀនតាំងពីតូច រហូតដល់បួសបានតាមរៀនមុខរបរនេះ។ កាលពីតូចក៏បានឪពុកណែនាំបន្តិចបន្តួចដែរ ក្រោយមកទើបបន្តរៀននៅក្នុងវត្ត។ រៀនមុខរបរនេះពិបាកជាងរៀនអក្សរ ព្រោះបើចង់ចាំ ចង់ធ្វើបាន គឺយើងត្រូវតែរៀនគូរ ហាត់គូររាល់ថ្ងៃ ទើបអាចចាំក្បាច់បាន។ ចាប់ពីពេលរៀនរហូតដល់ចេញប្រកបរបរ គឺចំណាយពេលអស់ ៣ ទៅ ៤ ឆ្នាំ ក្រោយមកចេញប្រកបមុខរបរលើកដំបូង គឺជួយធ្វើនៅក្នុងវត្តពោធិសត្ថារាម កាលណោះគូរព្រះវិហារ ផ្តើមពីនោះក៏តាមមុខរបរនេះរហូតមក ទោះជាលាចាកសិក្ខាបទហើយ ក៏នៅតែបន្តធ្វើការងារឱ្យតាមវត្តនានាដែរ”។
ដោយសេចក្តីស្រឡាញ់ពេញចិត្តចំពោះក្បាច់ក្បូររចនាប្រពៃណីរបស់ជនជាតិ បងស៊ើងថាញត្វឹង មិនគិតពីការនឿយហត់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ស្វែងរកវិធីសាស្ត្រធ្វើថ្មីៗ និងដុសខាត់បំណិនចម្លាក់ជារៀងរាល់ថ្ងៃ។ ដោយការអត់ធ្មត់និងខិតខំព្យាយាមទាំងនោះបានជួយឱ្យបងលើកកម្ពស់ស្នាដៃ និងភាពជឿជាក់ក្នុងការច្នៃប្រតិដ្ឋលើវិស័យចម្រុះជាច្រើន ចាប់តាំងពីការចម្លាក់ឈើ ស៊ីម៉ង់ត៍ ចាក់ពុម្ពក្បាច់ រហូតដល់គូរគំនូរក្បាច់ គឺបងអាចទទួលរ៉ាប់រងធ្វើបានទាំងអស់។ បងសើងថាញត្វឹង បានឱ្យដឹង៖ “ខ្ញុំអាចធ្វើបានច្រើនប្រភេទ ដូចជាធ្វើពុម្ពក្បាច់ ចម្លាក់ ធ្វើរូបបដិមា និងការគូរគំនូរក៏ទទួលធ្វើដែរ ប៉ុន្តែធ្វើច្រើនជាងគេគឺចម្លាក់ក្បាច់ក្បូរ។ កាលពីមុនមិនទាន់មានទូរស័ព្ទប្រើប្រាស់ ខ្ញុំតែងតែដើរទៅតាមវត្តនានាដើម្បីមើលជាងដទៃ គេធ្វើដូចម្តេច ក្រោយមកមានទូរស័ព្ទ ក៏តាមដានលើគេហទំព័រវប្បធម៌ខ្មែរនៅលើបណ្ដាញ ដើម្បីរៀនសូត្របន្ថែមនូវអ្វីដែលថ្មីៗ ធ្វើឱ្យវណ្ណកម្មរបស់យើងមានភាពរស់រវើកជាងមុន។ នៅពេលខាងមុខ ខ្ញុំនឹងខិតខំធ្វើឱ្យវាកាន់តែល្អ កាន់តែស្អាត និងអភិវឌ្ឍជាងនេះទៅទៀត។
មិនត្រឹមតែពូកែខាងជំនាញមុខរបរប៉ុណ្ណោះទេ បងស៊ើងថាញត្វឹង ជាវិចិត្រករវ័យក្មេងម្នាក់ដែលមានមានឆន្ទៈមោះមុត ជាមួយវិចិត្រសិល្បៈប្រពៃណីរបស់ជនជាតិ។ ចំពោះរូបបង វណ្ណកម្មនីមួយៗ គឺជាកូនបង្កើតខាងស្មារតី ដែលជាងត្រូវខិតខំប្រឹងប្រែងរាល់ថ្ងៃ ហេតុនេះហើយ បានជាវណ្ណកម្មទាំងនោះតែងតែបង្កប់នូវព្រលឹងរបស់សិល្បករ។ ចំពោះបងស៊ើងថាញត្វឹង ការដែលបានរៀនរបរនិងប្រកបរបរនេះ គឺជាសំណាងផ្ទាល់ខ្លួនមួយ បានបង្រៀនមុខរបរនេះទៅឱ្យអ្នកដទៃ គឺបងកាន់តែមានសេចក្តីរីករាយ ព្រោះថានឹងមានអ្នកបន្តវេន មានវិចិត្រករបន្ថែមទៀតដើម្បីរួមកម្លាំងថែរក្សាវប្បធម៌ជនជាតិ។ បងស៊ើងប៊ិញយឹង នៅឃុំតាយវ៉ុាំង ទីក្រុងកឹងធើ មករៀនមុខរបរជាមួយបងស៊ើងថាញត្វឹង បានចែករំលែក៖ “ខ្ញុំឃើញស្នាដៃរបស់បងត្វឹង ល្អបង្គួរ បានជាខ្ញុំមកធ្វើការងាររួមជាមួយ ដើម្បីរៀនសូត្របទពិសោធន៍បន្ថែមពីបង ដើម្បីធ្វើយ៉ាងណាថែរក្សាឱ្យបាននូវលក្ខណៈក្បាច់ក្បូរដ៏ទន់ភ្លន់ ត្រឹមត្រូវតាមប្រពៃណីរបស់ជនជាតិ។ ពួកខ្ញុំធ្វើការជាមួយគ្នា ចែករំលែកបទពិសោធន៍ទៅវិញទៅមក ឃើញបងខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយណាស់”។
ផ្តើមពីបរិស្ថានដ៏ស្ងប់ស្ងាត់នៃទ្វារវត្ត ក្តីស្រឡាញ់ចំពោះស្នាមចុងជក់ និងចម្លាក់របស់បងស៊ើងថាញត្វឹង ត្រូវបានចិញ្ចឹមក្នុងចិត្តនិងធំឡើងជារៀងរាល់ថ្ងៃ។ ជម្នះរាល់ការលំបាកនឿយហត់ក្នុងថ្ងៃដំបូងចាប់ផ្តើមប្រកបរបរ មកទល់ពេលនេះ បងមិនត្រឹមតែជួយធ្វើឱ្យសំណង់ស្ថាបត្យកម្មរបស់ជនជាតិខ្លួនមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងក្លាយជាអ្នកចម្លងភ្លើងគំនិត ចែករំលែកបទពិសោធន៍ដល់មិត្តរួមដំណើរទាំងឡាយផងដែរ៕
ថាញហុង-ត្រឹងរ៉ូន