(អ.ឡ) នៅថ្ងៃទី១៤ ខែកក្កដា មន្ទីរសុខាភិបាលទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំផ្សព្វផ្សាយពីផែនការពិនិត្យសុខភាពទូទាំងប្រជាជន ឆ្នាំ២០២៦ និងបង្កើតសៀវភៅសុខភាពអេឡិចត្រូនិកដល់ប្រជាជនលើភូមិឋាន។ ចំណុចខ្ពស់នៃកម្មវិធីនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា។
វេជ្ជបណ្ឌិតឯកទេស កម្រិតII ង្វៀងង៉ុកវៀតង៉ា នាយិកាមន្ទីរសុខាភិបាលទីក្រុងកឹងធើ ឱ្យដឹង៖ ការពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃទូទាំងប្រជាជន គឺជាភារកិច្ចថ្មីលើទូទាំងប្រទេស។ ទិសស្លោករបស់ផ្នែកសុខាភិបាលទីក្រុង គឺធ្វើបណ្តើរ ដកបទពិសោធន៍បណ្តើរនិងអនុវត្តតាមការណែនាំពីមុខជំនាញផ្ទាល់ពីក្រសួងសុខាភិបាល។
តាមផែនការ ផ្នែកសុខាភិបាលទីក្រុងកឹងធើបានកំណត់ច្បាស់ក្រុមមុខសញ្ញាចំនួន២។ក្រុមទី១ ថ្លឹងថ្លែងថវិកាដោយខ្លួនឯង(មិនប្រើថវិការដ្ឋ) រួមមាន៖ កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ កម្មករនិយោជិតនិងសិស្ស និស្សិត។ ទិន្នន័យពិនិត្យរបស់ក្រុមនេះ ត្រូវតែធ្វើបច្ចុប្បន្នភាពឱ្យបានពេញលេញទៅក្នុងប្រព័ន្ធរបស់ក្រសួងសុខាភិបាល ដើម្បីកសាងមូលដ្ឋានទិន្នន័យសុខភាពអេឡិចត្រូនិកទូទាំងប្រជាជន។ ក្រុមទី២ បានឧបត្ថម្ភដោយឥតគិតថ្លៃពីថវិការដ្ឋ។ ដោយសារប្រភពធនធានមានកម្រិត ទីក្រុងផ្តោតការយកចិត្តទុកដាក់ផ្តល់អាទិភាពដល់ក្រុមមុខសញ្ញាពិសេសដោយឡែកចំនួន៧ មនុស្សវ័យចាស់អាយុចាប់ពី៦០ឆ្នាំឡើងទៅ អ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ អ្នកពិការ អ្នកទទួលការឧបត្ថម្ភគាំពារសង្គមប្រចាំខែ អ្នកស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រនិងគ្រួសារក្បែរក្រ អ្នកកើតជំងឺរ៉ាំរ៉ៃមិនឆ្លងត្រូវការគ្រប់គ្រងព្យាបាល ប្រជាជននៅតំបន់ជនជាតិភាគតិច តំបន់មានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំងឬឃុំតំបន់កោះ។

វេជ្ជបណ្ឌិត ឯកទេស កម្រិតII ង្វៀងថាញ់ឡឹប ប្រធានការិយាល័យជំនាញវេជ្ជសាស្ត្រនៃមន្ទីរសុខាភិបាលទីក្រុងកឹងធើ ឆ្លើយបំភ្លឺរាល់ការងឿងឆ្ងល់ដល់អង្គភាពនិងភូមិភាគនានា។ រូបថត៖ ធូសឿង
តាមប្រសាសន៍អ្នកស្រី ង្វៀងង៉ុកវៀតង៉ា ចំណុចថ្មីបំផុតនៅក្នុងកម្មវិធីគឺសេចក្តីណែនាំដែលទើបប្រកាសឱ្យប្រើនៅដើមខែកក្កដា ឆ្នាំ២០២៦ របស់ក្រសួងសុខាភិបាល ដើម្បីដោះស្រាយពីបញ្ហាលំបាកផ្នែកខាងប្រភពធនធានសម្រាប់ភូមិភាគនានា។ តាមរយៈនោះ ការពិនិត្យវិភាគវេជ្ជសាស្ត្រ(ធ្វើតេស្ត ថតកាំរស្មីX ឆ្លុះអេកូ។ល។)មិនចាប់បង្ខំអនុវត្តព្រមៗគ្នា ត្រូវបានអនុវត្តពេលមានវេជ្ជបញ្ជាផ្នែកជំនាញពីវេជ្ជបណ្ឌិតពិនិត្យ ប្រសិនបើប្រទះឃើញមានរោគសញ្ញាសង្ស័យ។ បច្ចុប្បន្ន មន្ទីរសុខាភិបាលបានពិនិត្យវាយតម្លៃនិងប្រកាសបញ្ជីឈ្មោះមូលដ្ឋានសុខាភិបាលចំនួន ៥៧ កន្លែងដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការពិនិត្យសុខភាពលើភូមិឋាន។ ផ្អែកលើបញ្ជីឈ្មោះដែលបានផ្សព្វផ្សាយជាសាធារណៈនេះ គណៈកម្មាធិការប្រជាជនឃុំ សង្កាត់នានា នឹងម្ចាស់ការជ្រើសរើស ចុះកិច្ចសន្យាជាមួយអង្គភាពសុខាភិបាលសមស្រប ដើម្បីធ្វើការថែទាំសុខភាពជូនប្រជាជន។
ចំពោះការងារផ្លាស់ប្តូរឌីជីថល មន្ទីរសុខាភិបាលបានចាត់តាំងវគ្គហ្វឹកហាត់យ៉ាងឆាប់រហ័សនៅ៣បណ្តុំលើភូមិឋាន ដើម្បីធ្វើបច្ចុប្បន្នភាពសេចក្តីសម្រេចលេខ ២០៦២/QĐ-BYT ដាក់ឱ្យប្រើនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ធ្វើវិសោធនកម្មនូវសេចក្តីសម្រេចលេខ១៥៥១/QĐ-BYT ចុះនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងសុខាភិបាលអំពីការតភ្ជាប់បច្ចេកវិទ្យាព័ត៌មាន។ ដោយសារហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសនៅកន្លែងមួយចំនួនមិនទាន់ព្រមៗគ្នានិងតម្រូវការតភ្ជាប់ពីខាងក្រសួងនគរបាល(ចំពោះកម្មវិធីVNeID) កំពុងតែបន្តការបង្កើនកម្រិតតាមដំណាក់ការ មន្ទីរសុខាភិបាលបានដាក់ចេញនូវដំណោះស្រាយបត់បែន ប្រសិនបើប្រព័ន្ធមានការរអាក់រអួលឬមិនទាន់តភ្ជាប់បានទាន់ពេលវេលា បណ្តាមូលដ្ឋានសុខាភិបាលនៅតែបន្តការពិនិត្យជាធម្មតា កត់ត្រានិងបញ្ចូលទិន្នន័យដោយដៃលើលិខិតគំរូ។ ទិន្នន័យទាំងនោះនឹងធ្វើសមកាលកម្មទៅលើគេហទំព័រព័ត៌មានរបស់ក្រសួងសុខាភិបាល បន្ទាប់ពីហេដ្ឋារចនាម្ព័ន្ធបានកែសម្រួលសុក្រឹត។
នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលក៏បានស្នើឱ្យភូមិភាគនានាពិភាក្សាច្បាស់លាស់ ឆ្លុះបញ្ចាំងពីបញ្ហាប្រឈមជាក់ស្តែង ដើម្បីសហការជាមួយមន្ទីរសុខាភិបាលនិងមន្ទីរហិរញ្ញវត្ថុ ស្វែងរកវិធានការដោះស្រាយការលំបាកឱ្យបានទាន់ពេលទាំងមុខជំនាញ និងយន្តការហិរញ្ញវត្ថុ៕
ធូសឿង-មុនី