ពីដើមឆ្នាំមកដល់សព្វថ្ងៃ ប្របតាមដងព្រែក ប្រឡាយជាច្រើនកន្លែងលើភូមិឋានទីក្រុងបន្តកើតមានសភាពបាក់ស្រុតធ្ងន់ធ្ងរ។ ក្នុងពេលបណ្តាកំណាត់បាក់ស្រុតចាស់មិនទាន់បានជំនះផង មានកន្លែងថ្មីកើតឡើងទៀតធ្វើឱ្យប្រជាជនរស់ដោយអារម្មណ៍ភ័យខ្លាច។

សភាពបាក់ស្រុតផ្លូវគមនាគមន៍នៅឃុំអាងឡាកថូងមួយថ្ងៃកាន់តែធ្ងន់ធ្ងរ ប្រជាជនធ្វើដំណើរជួបការលំបាក។
ប្របតាមព្រែកបាឡាង សង្កាត់កាយរាំង មានគ្រួសារជាច្រើនរស់ក្នុងសភាពភិតភ័យ ត្បិតផ្ទះត្រូវប្រេះមានហានិភ័យបាក់ស្រុតគ្រប់ពេល។ ជាក់ស្តែងផ្ទះថ្មីទើបសាងសង់របស់គ្រួសារមីងង្វៀងធីហូ រងការបាក់ស្រុតឆ្វៀលខូងបាតផ្ទះ គ្រួសារមីងហូត្រូវរុះរើផ្ទះ។ ឃ្លាតពីនោះមិនឆ្ងាយ ផ្ទះរបស់បងង្វៀងធីយីមហុង ក៏ត្រូវប្រេះ។ បងហុងនិយាយ៖ “ប្តីប្រពន្ធសន្សំសំចៃបានប្រាក់ប៉ុន្មានគឺសង់បានផ្ទះនេះ។ ឥឡូវផ្ទះប្រេះជញ្ជាំង ប្រេះស្រុតទាំងធាផ្ទះ ខ្ញុំរើឥវ៉ាន់ទៅទីផ្សេងបណ្តោះអាសន្ន”។
លោកចូវអាងបិញ ប្រធានការិយាល័យសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុងសង្កាត់កាយរាំងឱ្យដឹង៖ “សភាពការណ៍បាក់ស្រុតយ៉ាងធ្ងន់ធ្ងរ។ ចំពោះមុខ គណៈកម្មាធិការប្រជាជនសង្កាត់ជូនដំណឹងបន្ទាន់ សំណូមពរប្រជាជនដាច់ខាតមិននៅក្នុងផ្ទះចំណុះតំបន់គ្រោះថ្នាក់នាពេលយប់។ ទន្ទឹមនោះដោតផ្លាកសញ្ញាសម្គាល់ ហាមបណ្តាយានយន្តចរាចរលើផ្លូវរងឥទ្ធិពល ចាត់កងកម្លាំងប្រចាំការដើម្បីដោះស្រាយពេលមានឧបទ្ទវហេតុកើតឡើង”។
នៅឃុំអាងឡាកថូង សភាពបាក់ស្រុតច្រាំងព្រែកបណ្តាលឱ្យដងផ្លូវគមនាគមន៍ជនបទរងការគំរាមកាត់ផ្តាច់។ លោកហ្វិញវ៉ាំងអ៊ុក ប្រជាជនភូមិភាគនិយាយ៖ “ក្នុងខែមិថុនា ឆ្នាំ២០២៦ ខ្ញុំឮសំឡេងធំចេញមើលឃើញដី គ្រួសបាក់ស្រុតចុះព្រែកអស់។ ទាំងគ្រួសាររត់ចេញយករួចខ្លួន។ ខ្ញុំស្នើរដ្ឋអំណាចភូមិភាគ បណ្តាផ្នែកសមត្ថកិច្ចទីក្រុងយកចិត្តទុកដាក់ធ្វើរបាំងរឹងមាំដើម្បីរក្សាដីជួយប្រជាជនមានកន្លែងនៅលំនឹងជីវភាព”។
លោកផាងឡុងឌឹក ប្រធានគណៈកម្មាធិការប្រជាជន ឃុំអាងឡាកថូង ផ្តល់ព័ត៌មាន៖ “ពីបណ្តាខែរដូវប្រាំង គណៈកម្មាធិការប្រជាជនឃុំបានដាក់ឱ្យប្រើបណ្តាឯកសារចង្អុលការ និងឃោសនាដើម្បីប្រជាជនម្ចាស់ការទប់ទល់នឹងសភាពការណ៍បាក់ស្រុតក្នុងរដូវភ្លៀង។ ដោយកិច្ចម្ចាស់ការនោះ ទើបរយៈពេលកន្លង ទោះលើភូមិឋានមានផ្ទះ៦ខ្នងត្រូវបាក់ស្រុតតែគ្មានការស្លាប់មនុស្សឡើយ។ សព្វថ្ងៃថវិការបស់ភូមិភាគស្តួចស្តើង យើងខ្ញុំស្នើទីក្រុងយកចិត្តទុកដាក់ឧបត្ថម្ភដើម្បីជំនះបណ្តាកន្លែងបាក់ស្រុត អាទិភាពដោះស្រាយបណ្តាកន្លែងមានហានិភ័យខ្ពស់ក្នុងរយៈពេលខាងមុខដើម្បីធានាសុវត្ថិភាពឱ្យប្រជាជន”។
តាមស្ថិតិពីដើមឆ្នាំមកដល់សព្វថ្ងៃ លើភូមិឋានទីក្រុងកើតមាន៧៦កន្លែងបាក់ស្រុត សរុបប្រវែងជាង២គីឡូមែត្រ។ លោកង្វៀងក្វាងវិញ អនុប្រធានសាខានាយកដ្ឋានធារាសាស្ត្រទីក្រុងកឹងធើឱ្យដឹង៖ “មន្ទីរកសិកម្មនិងបរិស្ថានទីក្រុងបានធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុង ទន្ទឹមនោះមានឯកសារសំណើក្រសួងកសិកម្មនិងបរិស្ថានពិនិត្យ ធ្វើបច្ចុប្បន្នភាពការរៀបគម្រោងប្លង់បណ្តាគម្រោងសំខាន់ៗដើម្បីដាក់ចូលផែនការវិនិយោគ។ ក្រៅពីនេះទីក្រុងកំពុងស្នើខាងមជ្ឈិមពិនិត្យឧបត្ថម្ភអនុវត្តគម្រោងបង្ការលិចលង់ឱ្យទីក្រុងកឹងធើ។ ប្រសិនបើបានមជ្ឈិមយកចិត្តទុកដាក់ឧបត្ថម្ភប្រភពទុនទាន់ពេល ទីក្រុងនឹងលើកកម្ពស់លទ្ធភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុល្អជាង ជួយការពារសុវត្ថិភាពបណ្តាមណ្ឌលប្រជាជនរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់”៕
ខាកវៀត - ចន្ថា