ជាង ២០ ឆ្នាំផ្សារភ្ជាប់នឹងរបរឡើងយកទឹកត្នោតប្រពៃណីរបស់គ្រួសារ លោកថាច់វោ កើតឆ្នាំ ១៩៦២ នៅភូមិត្រមង ឃុំត្រាកូង ខេត្តវិញឡុង បានខិតខំប្រឹងប្រែងរកស៊ីចិញ្ចឹមជីវិតដោយតំណក់ទឹកផ្អែមពីដើមត្នោត។ ទោះបីរបរនេះមានការនឿយហត់ ប៉ុន្តែបុរសជនជាតិខ្មែររូបនេះនៅតែព្យាយាមច្បាមមុខរបរម្នាក់ឯងចិញ្ចឹមកូនៗរៀនសូត្រ។ គាត់គឺជាសក្ខីភាពសម្រាប់ឆន្ទៈជម្នះលំបាកនិងតម្លៃចីរភាពនៃរបរប្រពៃណី។

ពូថាច់យោ។
ជាងពីរទសវត្សរ៍កន្លង រូបភាពពូថាច់យោ ឡើងដើមត្នោតខ្ពស់ត្រដែតយ៉ាងរំភើយដែលប្រជាជននៅភូមិត្រមងធ្លាប់បានឃើញ។ ជារៀងរាល់ថ្ងៃ នៅវេលាម៉ោង ៤ រសៀល ពូចាប់ផ្តើមយកបំពង់ទៅដាក់ទឹកត្នោត។ រហូតដល់ម៉ោង ៤ ព្រឹកថ្ងៃបន្ទាប់ ពូឡើងយកទឹកត្នោតយកទៅលក់ឱ្យមាមីងក្នុងភូមិ។ ថ្ងៃណាបានទឹកត្នោតច្រើន ពូនៅទាំងរម្ងាស់ធ្វើជាស្ករត្នោត ដើម្បីបង្កើនប្រាក់ចំណូល។ ពូថាច់យោ ឱ្យដឹង៖ “របរឡើងត្នោតយកទឹកបានបន្សល់មកពីដូនតាជាច្រើនជំនាន់។ ឆ្នាំ ១៩៩៩ បន្ទាប់ពីរៀបការរួច ពូក៏ធ្លាប់ទៅធ្វើជាកម្មករសំណង់ ប៉ុន្តែប្រាក់ចំណូលមិនទៀងទាត់។ សង្កេតឃើញរបរប្រពៃណីរបស់គ្រួសារ អ្នកបន្តវេនតិចទៅៗ ពូក៏សម្រេចចិត្តត្រឡប់មកផ្សារភ្ជាប់ជាមួយដើមត្នោតវិញ។ របរនេះមិនធ្វើមាន ប៉ុន្តែមានប្រាក់ចំណូលលំនឹង គ្រប់ផ្គត់ផ្គង់ជីវភាពនិងចិញ្ចឹមកូនរៀនសូត្រ” ពូថាច់យោ បានចែករំលែកដូច្នេះ។
បច្ចុប្បន្ន ពូថាច់យោ ទាញយកផលបាន ២០ ដើម។ រដូវឡើងត្នោតយកទឹកមានរយៈពេលប្រហែល ៨ ខែ គឺចាប់ពីខែស្រាពណ៍រហូតដល់ដាច់ខែផល្គុន យោងទៅតាមលក្ខណៈអាកាសធាតុ។ បន្ទាប់ពីផាត់ទាត់ខ្ទង់ចំណាយប្រចាំថ្ងៃ នៅសេសសល់បានប្រមាណពី ២០០.០០០ - ៣០០.០០០ ដុងក្នុងមួយថ្ងៃ។ ទោះបីប្រាក់ចំណូលមិនច្រើន ប៉ុន្តែ នោះគឺជាលទ្ធផលបានមកពីការខិតខំប្រឹងប្រែងឡើងដើមត្នោត ចិញ្ចឹមកូនៗរៀនសូត្រ។ ក្រោយពីប្រពន្ធស្លាប់ ពូម្នាក់ឯងធ្វើជាឪពុកផងនិងធ្វើជាម្តាយផង ដើម្បីគិតគូរជីវភាពគ្រួសារ។ ដោយមានចរិតឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក ដើម្បីចិញ្ចឹមកូនៗធំដឹងក្តី រៀនសូត្របានចប់ចុងចប់ដើម។ កូនស្រីច្បង ថាច់ធីបែញី បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ រៀបការមានជីវភាពលំនឹង។ កូនប្រុសពៅ ថាច់ថាញបាវ កំពុងសិក្សាផ្នែកយន្តកម្ម ជានិស្សិតឆ្នាំទី ៤ នៃសាកលវិទ្យាល័យកឹងធើ។ សម្រាប់គាត់ សុភមង្គល និងជោគជ័យដ៏ធំបំផុត ពេលឃើញកូនៗមានវ័យវឌ្ឍនាការ មានមុខរបរនិងមានជីវភាពលំនឹង។
លោកថាច់ង៉ុក លេខាសាខាបក្សនិងជាប្រធានគណៈប្រជាជនភូមិត្រមង ឱ្យដឹង៖ “បច្ចុប្បន្ន ភូមិភាគមានប្រមាណពី ៣-៤ គ្រួសារ ប្រកបរបរយកទឹកត្នោត។ ក្នុងនោះ ពូថាច់យោ គឺជាគំរូលេចធ្លោអំពីស្មារតីឧស្សាហ៍ព្យាយាមពលកម្មនិងឆន្ទៈជម្នះលំបាក។ របរនេះមិនត្រូវការទុនច្រើន សំខាន់គឺចំណាយកម្លាំងនិងត្រូវចេះមានការអត់ធ្មត់។ ទោះបីស្ថានភាពគ្រួសារជួបការលំបាក ប្រពន្ធស្លាប់ ប៉ុន្តែពូយោនៅតែតស៊ូប្រកបរបរយកទឹកត្នោត ដើម្បីចិញ្ចឹមកូនរៀនសូត្រសម្រេចជោគជ័យ។ គាត់គឺជាគំរូសម្រាប់អ្នកជាច្រើនរៀនសូត្រតាម”៕
ទីទុយ-មុនី