ចុងឆ្នាំ ២០២៣ ពូជស្រូវ BL9 បានមជ្ឈ មណ្ឌលពូជកសិកម្មខេត្តកាម៉ាវ ស្រាវជ្រាវនិងបង្កាត់ពូជដោយជោគជ័យពីការផ្សំរវាងពូជ RVT និង OM4900 ដែលបានក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ ទទួលស្គាល់និងដាក់ឱ្យប្រើប្រាស់ជាអាទិភាព។ មកដល់ពេលនេះ ពូជស្រូវ BL9 បានរីកចម្រើនយ៉ាងខ្លាំង និងក្លាយជាពូជស្រូវចម្បងរបស់ខេត្ត បានសហករណ៍ជាច្រើនជ្រើសយកមកផលិតតាមបែបសរីរាង្គ ដើម្បីបង្កើតបានជាអង្ករឆ្ងាញ់និងជ្រះ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
តាមប្រសាសន៍ លោក ផាម វ៉ាំងមឿយ អនុប្រធានមន្ទីរកសិកម្មនិងបរិស្ថានខេត្តកាម៉ាវ បានឱ្យដឹង៖ ពូជស្រូវក្រអូប BL9 មានរយៈពេលលូតលាស់ពី ១០០ ដល់ ១០៥ ថ្ងៃ; កម្ពស់ដើមប្រមាណពី ៩៥ ដល់ ១០៥ សង់ទីម៉ែត្រ; ចំនួនគ្រាប់ពេញក្នុងមួយកួរមានពី ៧០ ដល់ ៩០ គ្រាប់; និងទិន្នផលមធ្យមពី ៥,៥ ដល់ ៧,៥ តោនក្នុងមួយហិកតា។ ពូជស្រូវនេះមានភាពស៊ាំល្អទៅនឹងជំងឺរលួយដើម មមាចត្នោត ដង្កូវចោះដើម និងជំងឺអុជស្លឹក ព្រមទាំងមានសមត្ថភាពធន់នឹងជាតិប្រៃខ្ពស់ ប្រមាណ ៤0/00 ។ លក្ខណៈពិសេសនៃពូជស្រូវនេះគឺសមស្របនឹងតំបន់ផលិតរបស់ខេត្ត បំផុតគឺតំបន់ផលិតបង្គា-ស្រូវ។ ក្រោយពីបង្កបង្កើនផលអស់រយៈពេលច្រើនឆ្នាំកសិករមានភាពពេញចិត្តយ៉ាងខ្លាំងចំពោះទិន្នផល និងផ្ទៃដីវប្បកម្មប្រចាំឆ្នាំសម្រេចបានប្រមាណ ១.០០០ ហិកតា។

អង្ករ BL9 របស់សហករណ៍កសិកម្មចម្រុះ បាឌិញ ឃុំវិញឡុក ខេត្តកាម៉ាវ ពានរង្វាន់លេខ១ នៅក្នុងការប្រឡងអង្ករឆ្ងាញ់នៃតំបន់វាលរាបទន្លេគីវឡុង លើកទី I ឆ្នាំ២០២៦។
ជាមួយលក្ខណៈពិសេសរបស់ពូជស្រូវដែលមិនសូវមានសត្វល្អិតនិងជំងឺបំផ្លាញ ចាប់តាំងពីឆ្នាំ ២០២៣ មកទល់បច្ចុប្បន្ន សហករណ៍កសិកម្មចម្រុះបាឌិញ ឃុំវិញឡុក ខេត្តកាម៉ាវ បានជ្រើសពូជស្រូវ BL9 មកវប្បកម្មតាមបែបសរីរាង្គនៅលើវាលស្រែបង្គា-ស្រូវ ជាមួយផ្ទៃដីផលិតជាង ៣០ ហិកតា។ កសិករចូលអនុវត្តវិធីសាស្ត្រស្ទូងសំណាបកម្រាល ប្រើប្រាស់ជីសរីរាង្គ និងថ្នាំជីវសាស្ត្រ ១០០%; ប្រើប្រាស់យន្តូបនីយកម្មក្នុងការផលិត ដូចជា៖ បាញ់ថ្នាំនិងបាចជីដោយដ្រូន និងប្រមូលផលដោយម៉ាស៊ីនច្រូតកាត់ចម្រុះ។ ទន្ទឹមនឹងនោះ សហករណ៍ក៏បានអនុវត្តផ្នែកទន់ FaceFarm ក្នុងការគ្រប់គ្រង និងស្វែងរកប្រភពដើមនៃផលិតផល ដោយកត់ត្រារាល់ដំណើរការផលិត តាំងពីការសាបព្រោះរហូតដល់ការប្រមូលផល ជួយឱ្យអ្នកប្រើប្រាស់អាចពិនិត្យព័ត៌មានផលិតផលបានយ៉ាងងាយស្រួល។ លោក ណុង វ៉ាំងថាច់ នាយកសហករណ៍កសិកម្មចម្រុះបាឌិញ ឱ្យដឹង៖ “សហករណ៍កំពុងធ្វើឱ្យសុក្រឹតនូវសង្វាក់ផលិតកម្ម ដើម្បីបានទទួលស្គាល់ផលិតផល OCOP ជាជំហានដំបូង បន្ទាប់មកគឺការកសាងវិញ្ញាបនបត្រស្រូវសរីរាង្គសម្រាប់ពូជ BL9 របស់សហករណ៍។ ជាពិសេស ផលិតផលស្រូវអង្ករ BL9 របស់សហករណ៍ បានចុះកិច្ចសន្យាប្រមូលទិញទាំងស្រុងក្នុងតម្លៃ ៧.៦០០ ដុង/គីឡូក្រាម ខ្ពស់ជាងច្រើនបើប្រៀបនឹងពូជស្រូវផ្សេងទៀតនៅភូមិភាគ”។ លោក ថាច់ វ៉ាំងកាញ់ អ្នកធ្វើពូជស្រូវ BL9 លើដីបង្គា-ស្រូវ បានឱ្យដឹង៖ “ក្រោយពីធ្វើពូជស្រូវ BL9 អស់រយៈពេល ៣ ឆ្នាំ ខ្ញុំឃើញស្រូវមានការលូតលាស់ល្អ បែកគុម្ពខ្លាំង មិនសូវមានសត្វល្អិតនិងជំងឺបំផ្លាញ និងមានទិន្នផលខ្ពស់បង្គួរ សម្រេចប្រមាណ ៨០០ គីឡូក្រាមក្នុងមួយកុង។ ពិសេស ពេលដាំបាយគឺទន់ល្មួត ឆ្ងាញ់ និងក្រអូប។ ប្រសិនបើ BL9 បានទទួលស្គាល់ និងកសាងទៅជាម៉ាកយីហោអង្ករសរីរាង្គរបស់ខេត្ត ឆ្លើយតបនឹងតម្រូវការទីផ្សារ នោះកសិករនឹងស្ងប់ចិត្តក្នុងការផលិត”។
ដំណោះស្រាយនានាដើម្បីនាំយកផលិតផលស្រូវអង្ករ BL9 ឈានទៅបានឆ្ងាយ
ការចងសម្ព័ន្ធផលិត និងការធានាប្រមូលទិញចំពោះពូជស្រូវ BL9 របស់សហករណ៍ បាឌិញ មិនត្រឹមតែជួយឱ្យកសិករស្ងប់ចិត្តចំពោះទីផ្សារលក់ចេញប៉ុណ្ណោះទេ ថែមទាំងបង្កទំនុកចិត្តក្នុងការផលិតទៀតផង។ លោក ផាម វ៉ាំងមឿយ អនុប្រធានមន្ទីរកសិកម្មនិងបរិស្ថានខេត្តកាម៉ាវ បានឱ្យដឹង៖ “ការកសាងម៉ាកយីហោស្រូវអង្ករ បានក្លាយជានិន្នាការមួយដែលចាំបាច់ នៅពេលដែលតម្រូវការពីម្ហូបអាហារជ្រះរបស់អ្នកប្រើប្រាស់កាន់តែកើន។ ហើយការបង្កបានផលិតផលដែលមានប្រភពដើមច្បាស់លាស់ មានសុវត្ថិភាព គុណភាព និងបានការទុកចិត្តពីអ្នកប្រើប្រាស់ នឹងជាប្រៀបខ្លាំងដ៏ធំសម្រាប់កសិផលរបស់ខេត្ត។ រយៈពេលខាងមុខ ខេត្តនឹងបន្តពង្រីកផ្ទៃដីផលិតស្រូវ BL9 នៅក្នុងកសិករ ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់សហករណ៍នានាក្នុងការចូលរួមផលិត និងកសាងផលិតផលសម្រេចតាមបទដ្ឋានសុវត្ថិភាព ជ្រះ និងសរីរាង្គ។ នេះក៏ជាជំហានវិវឌ្ឍដ៏សំខាន់ដើម្បីបង្កើតម៉ាកយីហោស្រូវអង្ករដោយឡែក និងមានលក្ខណៈពិសេសរបស់ខេត្ត ដើម្បីឈានទៅបានឆ្ងាយជាង”។

ពូជស្រូវ BL9 បានកសិករខេត្តកាម៉ាវផលិតយ៉ាងទូលំទូលាយ។
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៦ អង្ករ BL9 របស់សហករណ៍កសិកម្មចម្រុះ បាឌិញ ឃុំវិញឡុក ខេត្តកាម៉ាវ បានឈ្នះពានរង្វាន់លេខ ១ នៅក្នុងការប្រកួតអង្ករឆ្ងាញ់តំបន់វាលរាបទន្លេគីវឡុង លើកទី I ឆ្នាំ២០២៦។ នេះគឺជាជំហានវិវឌ្ឍដ៏សំខាន់ដើម្បីកសាង និងអភិវឌ្ឍម៉ាកយីហោស្រូវអង្ករនៅកាម៉ាវ សំដៅបង្កើនតម្លៃសម្រាប់ផលិតផលស្រូវអង្ករ។ វីរៈពលកម្ម លោក ហូក្វាងកួ ដែលជា “បិតាបង្កើត” អង្ករ ST24 និង ST25 យល់ឃើញថា៖ “ដើម្បីនាំយកផលិតផលអង្ករ BL9 ឈានទៅកាន់ទីផ្សារពិភពលោក និងជួយឱ្យកសិករមានភាពធូរធារ គឺត្រូវតែចុះបញ្ជីម៉ាកយីហោផលិតផល ព្រោះនេះមិនត្រឹមតែជាបែបបទរដ្ឋបាលមួយប៉ុណ្ណោះទេ ប៉ុន្តែវាជា “ខែលការពារផ្លូវច្បាប់” ស្លាប់រស់សម្រាប់អាជីវកម្ម។ នៅក្នុងបរិការណ៍នៃការធ្វើសមាហរណកម្ម និងការប្រកួតប្រជែងអន្តរជាតិ ម៉ាកយីហោកាន់តែមានសារៈសំខាន់ខ្លាំង ដូច្នេះផលិតផលកសិកម្មវៀតណាម ដូចជាអង្ករគុណភាពខ្ពស់ កំពុងចូលរួមយ៉ាងជ្រៅក្នុងទីផ្សារពិភពលោកពីមួយយថ្ងៃទៅមួយថ្ងៃ។ ហេតុនេះ បើចង់ឱ្យអង្ករ BL9 ឈានទៅបានឆ្ងាយលើពិភពលោក គឺត្រូវតែចុះបញ្ជីការពារកម្មសិទ្ធិបញ្ញានៅតាមទីផ្សារនាំចេញ ដើម្បីកុំឱ្យអាជីវកម្មបាត់បង់សិទ្ធិប្រើប្រាស់ដោយម៉ាកយីហោរបស់ខ្លួននៅបរទេស”។ តាមប្រសាសន៍ បណ្ឌិត ត្រឹងមិញហាយ ចាងហ្វាងរងសាលាគោលនយោបាយរដ្ឋនិងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្មនិងបរិស្ថាន បានឱ្យដឹង៖ ជាច្រើនឆ្នាំកន្លង វិស័យកសិកម្មវៀតណាមតែងតែប្រឈមមុខនឹងបញ្ហា “បានផលតែធ្លាក់តម្លៃ”; ក្តីបារម្ភពីការចំណាយដំបូងកើនខ្ពស់; ហានិភ័យពីគ្រោះធម្មជាតិនិងជំងឺ; ស្ថានភាពដែលកសិករសល់កសិផល ខណៈដែលអាជីវកម្មបែរជាខ្វះវត្ថុធាតុដើមសម្រេចបទដ្ឋាន។ មូលហេតុចម្បងគឺមកពីវិធីសាស្ត្រផលិតនៅរាត់រាយ តូចតាច ខ្វះការចងសម្ព័ន្ធ និងមិនទាន់ផ្សារភ្ជាប់ប្រាកដទៅនឹងសញ្ញាទីផ្សារ។ ដូច្នេះ ក្នុងបរិកាណ៍បច្ចុប្បន្ន ក្នុងសង្វាក់ផលិតស្រូវអង្ករគុណភាពខ្ពស់ បំផុតគឺអង្ករ BL9 ខេត្តកាម៉ាវ ត្រូវតែអនុវត្តតាមខ្សែសង្វាក់តម្លៃនៃការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាង កសិករ - សហករណ៍ - អាជីវកម្ម និងផលិតតាមបែបសរីរាង្គ ដើម្បីបង្កើតផលិតផលជ្រះ និងមានសុវត្ថិភាព ទើបអាចធានាបាននូវចីរភាពក្នុងការផលិត ឆ្លើយតបនឹងតម្រូវការទីផ្សារនាំចេញ”។
យោងតាមមន្ទីរឧស្សាហពាណិជ្ជកម្មខេត្តកាម៉ាវ ខេត្តមានឧត្តមភាពយ៉ាងច្បាស់ នៅពេលដែលអត្រាស្រូវគុណភាពខ្ពស់ ស្រូវក្រអូប និងស្រូវពិសេស ស្រូបលើស៩០% នៃផ្ទៃដីនិងទិន្នផល។ ហេតុនេះ ការចុះបញ្ជីម៉ាកយីហោផលិតផល និងការអភិវឌ្ឍផលិតកម្មស្រូវអង្ករតាមខ្សែសង្វាក់តម្លៃនៃការផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាង កសិករ - សហករណ៍ - អាជីវកម្ម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតដើម្បីអភិវឌ្ឍផលិតផលអង្ករមានតម្លៃខ្ពស់ ឆ្លើយតបទៅនឹងតម្រូវការកាន់តែតឹងរ៉ឹងនៃទីផ្សារក្នុងស្រុក និងការនាំចេញ៕
យ្វីអាញ-មេងលី