គណៈកម្មាភិបាលប្រជាជនសង្កាត់វិញត្រាច់ ខេត្តកាម៉ាវ បានរៀបចំអនុវត្តសាកល្បងទម្រង់ “រដ្ឋបាលចល័ត” លើភូមិឋាន។ នេះត្រូវបានចាត់ទុកថា ជាជំហានជាក់ស្តែងមួយក្នុងការកែទម្រង់វិធីសាស្ត្របម្រើប្រជាជនរបស់រដ្ឋអំណាចមូលដ្ឋាន ឆ្ពោះទៅរកការកសាងរដ្ឋបាលទំនើប តម្លាភាព ដោយយកប្រជាជនជាស្នូល។

កម្មាភិបាល បុគ្គលិករដ្ឋបាលណែនាំប្រជាជនក្នុងការបំពេញនីតិវិធីរដ្ឋបាល។
តាមផែនការ ទីតាំង“រដ្ឋបាលចល័ត” នឹងត្រូវបានរៀបចំដាក់នៅតាមអគារវប្បធម៌ អនុសង្កាត់ និងមណ្ឌលប្រជាជនតាំងទីលំនៅលើភូមិឋានសង្កាត់ ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ប្រជាជនមកទំនាក់ទំនងការងារ។ តាមរយៈនោះ បានរួមចំណែកកាត់បន្ថយពេលវេលា និងប្រាក់ចំណាយក្នុងការធ្វើដំណើររបស់អង្គការ បុគ្គល និងគ្រួសារដែលរស់នៅឆ្ងាយពីមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋរបស់សង្កាត់។ អ្នកស្រី ង្វៀងធីស្វឹងក្វៀង អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់វិញត្រាច់ ឱ្យដឹង៖ “ការអនុវត្តទម្រង់ “រដ្ឋបាលចល័ត” ធានាមានភាពជាក់ស្តែង ប្រសិទ្ធភាពនិងស្របតាមបទប្បញ្ញត្តិច្បាប់ ដោយមិនធ្វើឱ្យមានការផ្លាស់ប្តូរវិធីទទួល និងដោះស្រាយបែបបទរដ្ឋបាលដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ដំណើរការអនុវត្តក៏ធានាបាននូវភាពបើកចំហ តម្លាភាព ភាពងាយស្រួលសម្រាប់ប្រជាជន រួមចំណែកជួយកាត់បន្ថយការងារសម្រាប់ថ្ងៃធ្វើការក្នុងសប្ដាហ៍ និងបន្ថយរយៈពេលរង់ចាំរបស់អង្គការនិងប្រជាជន”។
រៀងរាល់ថ្ងៃសៅរ៍នៃសប្ដាហ៍ នៅអាគារវប្បធម៌អនុសង្កាត់អាងត្រាច់ដុង ដែលជាតំបន់មានជនរួមជាតិខ្មែររស់នៅច្រើន ក្រុមការងាររដ្ឋបាលចល័ត តែងមានមុខជាប្រចាំ ដើម្បីជួយណែនាំប្រជាជនក្នុងការបំពេញនីតិវិធីរដ្ឋបាលនៅនឹងកន្លែងដោយផ្ទាល់។ ពូជីមមិញហ៊ី ស្នាក់នៅអនុសង្កាត់អាងត្រាច់ដុង ឱ្យដឹង៖ “ថ្ងៃនេះ ខ្ញុំបានឮដំណឹងថា ក្រុមការងាររដ្ឋបាលចល័តចុះមកភូមិ ដូច្នេះ ខ្ញុំក៏មកស្នើធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី។ កម្មាភិបាល បានពន្យល់យ៉ាងហ្មត់ចត់ និងណែនាំច្បាស់លាស់ ដើម្បីឱ្យខ្ញុំបំពេញ ឯកសារបានគ្រប់គ្រាន់។ ការណែនាំនិងជួយបែបនេះ ធ្វើឱ្យប្រជាជនងាយចងចាំងាយអនុវត្ត ហើយមិនចាំបាច់ធ្វើដំណើរទៅមកច្រើនសា”។
ចំណែកលោក ថាច់ហ្វាងខាយ រៀបរាប់៖ “ប្ដីប្រព័ន្ធខ្ញុំរៀបការរយៈពេល ២ ឆ្នាំហើយ ប៉ុន្តែដោយសារបែបបទមួយចំនួននៅមានបញ្ហា ទើបមិនទាន់អាចចុះបញ្ជីអាពាហ៍ពិពាហ៍បាន។ ថ្ងៃនេះ បានក្រុមការងាររដ្ឋបាលចល័ត ណែនាំនិងជួយធ្វើបែបបទចុះបញ្ជីអាពាហ៍ពិពាហ៍នៅនឹងកន្លែងផ្ទាល់ ខ្ញុំសប្បាយចិត្តខ្លាំងណាស់! នៅពេលមានសំបុត្រអាពាហ៍ពិពាហ៍ហើយ ការធ្វើសំបុត្រកំណើតឱ្យកូនក៏នឹងមានភាពងាយស្រួល”។ ទម្រង់ “រដ្ឋបាលចល័ត” មិនត្រឹមតែជួយដោះស្រាយនីតិវិធីរដ្ឋបាលប៉ុណ្ណោះ ទេ ថែមទាំងបង្កការផ្លាស់ប្តូរនៅក្នុងរបៀបបម្រើ ប្រជាជន៖ ផ្ដើមពី “ប្រជាជនទៅរករដ្ឋអំណាច” ទៅជា “រដ្ឋអំណាចម្ចាស់ការចុះទៅបម្រើប្រជាជន”; ផ្ដើមពី “ការទទួលពាក្យបែបអសកម្ម” ទៅជា “ការណែនាំនិងជួយដោះស្រាយដល់ទីកន្លែង”; ផ្ដើមពី “រដ្ឋបាលគ្រប់គ្រង” ទៅជា “រដ្ឋបាលបម្រើ”។ នេះគឺជាតម្លៃស្នូលនិងមានអត្ថន័យយូរអង្វែងនៃទម្រង់នេះ ក្នុងដំណើរការកំណែទម្រង់រដ្ឋបាលនាពេលបច្ចុប្បន្ន។
អ្នកស្រី ង្វៀងធីស្វឹងក្វៀង បញ្ជាក់៖ “ក្រុមការងារ រដ្ឋបាលចល័ត នឹងមានកម្មាភិបាល និងបុគ្គលិករដ្ឋបាលចុះណែនាំ ទទួលនិងដោះស្រាយនីតិវិធីរដ្ឋបាលជាច្រើនដោយផ្ទាល់ដែលស្ថិតក្នុងសមត្ថកិច្ច ដូចជា៖ ការផ្ទៀងផ្ទាត់ច្បាប់ចម្លងពីឯកសារដើម ការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព ការចុះបញ្ជីអាពាហ៍ពិពាហ៍និងនីតិវិធីផ្សេងៗទៀត តាមសេចក្តីកំណត់នៃច្បាប់។ លើសពីនេះ ប្រជាជនក៏បានជំនួយក្នុងការបង្កើតគណនី ប្រគល់ឯកសារតាមប្រព័ន្ធអនឡាញ និងទទួលបានការណែនាំក្នុងការប្រើប្រាស់សេវារដ្ឋលើបរិស្ថានឌីជីថល។ ទម្រង់នេះ បានបង្កទំនុកចិត្តនិងទាក់ទាញការចាប់អារម្មណ៍ពីប្រជាជន ដូច្នេះ សង្កាត់នឹងបន្តអនុវត្តនិងរក្សាទម្រង់នេះក្នុងរយៈពេលវែង”៕
យ៉ីអាញ - ពេជ្រសឿន