រយៈពេលកន្លង ការងារថែទាំសុខភាពជូនប្រជាជននៅលើភូមិឋានទីក្រុងកឹងធើ ទទួលបានការយកចិត្តទុកដាក់អនុវត្តពីគ្រប់ថ្នាក់ គ្រប់ផ្នែក ដោយរូបភាពជាច្រើនដែលមានអត្ថន័យជាក់ស្តែង និងនាំមកនូវអត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាជន។

ប្រជាជននៅឃុំលិតហូយធឿង បានពិនិត្យភ្នែកដោយឥតគិតថ្លៃ។
នៅឃុំលិតហូយធឿង មានប្រជាជនជាច្រើន សំខាន់គឺមនុស្សវ័យចាស់បានមកពិនិត្យភ្នែក អាស្រ័យគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ សហការជាមួយមន្ទីរពេទ្យភ្នែកសៃហ្គង រៀបចំកម្មវិធីពិនិត្យនិងពិគ្រោះជំងឺភ្នែក ដូចជា ជំងឺឡើងបាយភ្នែក មីញ៉ូបជិត មីញ៉ូបឆ្ងាយ ចក្ខុវិកលភាព និងភ្នែកស្ងួត។ លើសពីនេះ កងជួរគ្រូពេទ្យនិងវេជ្ជបណ្ឌិត ក៏បានណែនាំអស់ពីចិត្តអំពីវិធីថែទាំនិងការពារភ្នែកបានត្រឹមត្រូវ ដើម្បីបង្ការជំងឺនិងរកឃើញបញ្ហាជំងឺភ្នែកបានទាន់ពេល ជួយបន្ថយចំណាយព្យាបាលចំពោះគ្រួសារដែលមានជីវភាពលំបាក។
តាមប្រសាសន៍លោក ត្រឹងមិញញ៉ឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំលិតហូយធឿង សកម្មភាពនៃការពិនិត្យសុខភាពនិងពិគ្រោះជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាជននេះ មិនត្រឹមតែរួមចំណែកថែទាំសុខភាពសហគមន៍ប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ចំពោះការងារសុខុមាលភាពសង្គមទៀតផង។ លោកត្រឹងមិញញ៉ឹង បានបញ្ជាក់ថា នៅពេលខាងមុខ ឃុំនឹងបន្តចលនាប្រភពធនធានក្នុងសង្គម និងសហការជាមួយអង្គភាពសុខាភិបាល ក៏ដូចជាអង្គការសប្បុរសធម៌នានា ដើម្បីរក្សាបន្តនិងពង្រីកកម្មវិធីដ៏មានអត្ថន័យទាំងនេះ ជួយឱ្យប្រជាជនទទួលបានសេវាសុខាភិបាលទាន់ពេល និងលើកកម្ពស់គុណភាពនៃជីវភាព។
ទន្ទឹមនឹងនោះ នៅឃុំសាភៀង ចាប់តាំងពីដើមឆ្នាំ២០២៦មក ឃុំបានរៀបចំកម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជនជាច្រើនលើក ដូចជា កម្មវិធី “គ្រូពេទ្យវ័យក្មេងស្ម័គ្រចិត្ត- ព្រួតដៃ ដើម្បីសុខភាពសហគមន៍ ឆ្នាំ២០២៦” និងកម្មវិធីពិនិត្យសុខភាព និងពិគ្រោះជំងឺព្រមទាំងចែកថ្នាំពេទ្យជូនប្រជាជនដោយឥតគិតថ្លៃ។ កម្មវិធីនេះ បានចែកថ្នាំពេទ្យរាប់រយកញ្ចប់និងអំណោយរាប់រយចំណែកជូនមាមីង។ ប្រជាជនដែលមកពិនិត្យសុខភាព មិនត្រឹមតែបានពិនិត្យសុខភាពទូទៅប៉ុណ្ណោះទេ ថែមទាំងទទួលបានពិគ្រោះអំពីវិធីបង្ការជំងឺដែលជួបប្រទះជាញឹកញាប់ ពិសេសគឺជំងឺពាក់ព័ន្ធនារីនិងមនុស្សវ័យចាស់។
បងយ័ញឡើយ ប្រធានគណៈប្រជាជនភូមិង៉ាបាក់ ឱ្យដឹង៖ “កម្មវិធីពិនិត្យសុខភាពនិងពិគ្រោះជំងឺដោយឥតគិតថ្លៃ មានអត្ថន័យយ៉ាងធំធេងសម្រាប់មាមីងក្នុងភូមិ សំខាន់គឺមនុស្សវ័យចាស់និងគ្រួសារដែលមានជីវភាពលំបាក។ អ្នកជាច្រើនពីមុនគ្មានលទ្ធភាព ទៅពិនិត្យជំងឺ បច្ចុប្បន្នបានទៅពិនិត្យសុខភាព រកឃើញជំងឺបានទាន់ពេល និងទទួលបានការណែនាំព្យាបាលត្រឹមត្រូវ ដូច្នេះ មាមីងសប្បាយរីករាយយ៉ាងខ្លាំង”។
អាចឃើញថា កម្មវិធីថែទាំសុខភាពដោយឥតគិតថ្លៃជូនជនរួមជាតិខ្មែរ មិនត្រឹមតែមានអត្ថន័យជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរទម្លាប់ក្នុងការថែទាំសុខភាពរបស់ប្រជាជនទៀតផង៕
ហុងទើ - ពេជ្រសឿន