នាព្រឹកថ្ងៃទី ៥ ខែមីនា រួមជាមួយបណ្តាភូមិភាគក្នុងទូទាំងប្រទេស ខេត្តកាម៉ាវ បានចាត់តាំងយ៉ាងឱឡារិកនូវពិធីប្រគល់ និងទទួលទ័ពឆ្នាំ ២០២៦ នៅទីតាំងចំនួន៥ក្នុងខេត្ត ដើម្បីជូនដំណើរយុវជនឆ្នើមរបស់ភូមិស្រុកជាង ២.៣០០ នាក់ ចេញដំណើរទៅបំពេញកាតព្វកិច្ចយោធា និងចូលរួមកងកម្លាំងនគរបាលប្រជាជន។
ក្នុងឆ្នាំ ២០២៦ ខេត្តកាម៉ាវ បានប្រគល់ភាគកម្រិតពលរដ្ឋចូលបម្រើកងទ័ព និងបំពេញកាតព្វកិច្ចនគរបាលប្រជាជនចំនួន ២.៣៤៨ នាក់ ក្នុងនោះមានពលរដ្ឋ ១.៩០០នាក់ បំពេញកាតព្វកិច្ចយោធា និងពលរដ្ឋ ៤៤៨ នាក់ បំពេញភារកិច្ចនគរបាលប្រជាជន (មាននារី៩នាក់)។ ការងារជ្រើសរើស និងហៅពលរដ្ឋចូលបម្រើកងទ័ព បានអនុវត្តយ៉ាងម៉ត់ចត់ ត្រឹមត្រូវតាមបទប្បញ្ញត្តិ ធានាប្រជាធិបតេយ្យ បើកចំហ យុត្តិធម៌ និងសម្រេចបានគុណភាព។
ថ្លែងការណ៍ក្នុងពិធីនេះ អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកឡឺក្វាងងើយ បានសង្កត់ធ្ងន់៖ ពិធីប្រគល់ និងទទួលទ័ពឆ្នាំ ២០២៦ គឺជាព្រឹត្តិការណ៍នយោបាយ-សង្គម ដែលមានអត្ថន័យដ៏សំខាន់ បង្ហាញពីការទទួលខុសត្រូវ មនោសញ្ចេតនា និងជំនឿទុកចិត្តរបស់បក្ខភាគ រដ្ឋអំណាច និងប្រជាជនក្នុងខេត្ត ចំពោះបុព្វហេតុកសាង និងការពាររឹងមាំមាតុភូមិវៀតណាមសង្គមនិយម។

យុវជនខេត្តកាម៉ាវ ស្វាហាប់ចេញដំណើរទៅការពារមាតុភូមិ។
ក្នុងបរិការណ៍ដែលស្ថានភាពពិភពលោក និងតំបន់នៅតែមានការប្រែប្រួលយ៉ាងស្មុគស្មាញ ភារកិច្ចកសាងខឿនការពារជាតិទូទាំងប្រជាជន ផ្សារភ្ជាប់ជាមួយសមរភូមិសន្តិសុខប្រជាជន បានដាក់ចេញនូវតម្រូវការកាន់តែខ្ពស់ ការអនុវត្តច្បាប់កាតព្វកិច្ចយោធា មិនត្រឹមតែជាការទទួលខុសត្រូវតាមផ្លូវច្បាប់ប៉ុណ្ណោះទេ នៅទាំងជាកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមរបស់ពលរដ្ឋម្នាក់ៗចំពោះមាតុភូមិផងដែរ។

លេខាគណៈកម្មាធិការបក្សខេត្តកាម៉ាវ លោកង្វៀងហូហាយ សួរសុខទុក្ខ លើកទឹកចិត្ត និងជូនអំណោយដល់ពលរដ្ឋដែលចូលបម្រើកងទ័ព។
ចំពោះពលរដ្ឋដែលចូលបម្រើកងទ័ព អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកឡឺក្វាងងើយ មានបំណងឱ្យពលរដ្ឋម្នាក់ៗ លើកកម្ពស់ប្រពៃណីបដិវត្តន៍របស់ភូមិស្រុក ស្មោះត្រង់ដាច់ខាតចំពោះមាតុភូមិ ចំពោះបក្ស និងចំពោះប្រជាជន អនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិន័យកងទ័ព ច្បាប់របស់រដ្ឋ មិនបង្អង់ការសិក្សា រៀនសូត្រ ហ្វឹកហាត់ លើកកម្ពស់គោលជំហរនយោបាយ ឆន្ទៈ មនសិការ និងកម្រិតវិជ្ជាគ្រប់ជ្រុងជ្រោយ; សាមគ្គីភាព ប្តេជ្ញាចិត្តសម្រេចបានយ៉ាងល្អប្រសើរនូវភារកិច្ចដែលបានប្រគល់ជូន សមស្របទៅនឹងជំនឿទុកចិត្តរបស់គ្រួសារ និងភូមិស្រុក។ ទន្ទឹមនឹងនោះ លោកក៏បានស្ងើចសរសើរនូវស្មារតីសកម្ម ស្ម័គ្រចិត្តរបស់ពលរដ្ឋ; ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារ ដែលបានលើកទឹកចិត្តកូនចៅឱ្យចេញដំណើរចូលបម្រើកងទ័ព និងសំណូមពរបណ្តាថ្នាក់ បណ្តាផ្នែក បន្តអនុវត្តឱ្យបានល្អនូវគោលនយោបាយសមរភូមិក្រោយកងទ័ព ដើម្បីឱ្យយុទ្ធជនថ្មីមានភាពស្ងប់ចិត្តក្នុងកិច្ចការងារ និងការហ្វឹកហាត់។
នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្តបានជូនបាច់ផ្កា អំណោយសួរសុខទុក្ខ និងលើកទឹកចិត្តដោយផ្ទាល់ដល់ពលរដ្ឋដែលចូលបម្រើកងទ័ព មុនពេលឡើងរថយន្តទៅកាន់អង្គភាព ដើម្បីជំរុញក្តីជំនឿ កម្លាំងចិត្តឱ្យសមមិត្តគ្រប់រូបសម្រេចបានល្អនូវភារកិច្ចដែលបានប្រគល់ជូន៕
យ្វីអាញ - សុផន