តំបន់ដីកំពង់ធំ - ជាកន្លែងមានបងប្អូនជនជាតិទាំង៣ គឺគិញ - ខ្មែរ - ហ្វា រស់នៅពីយូរណាស់មកហើយ មានវត្តខ្មែរមួយតែងបានប្រជាជនដឹងឮច្រើន ពីព្រោះនាមវត្តបានផ្សារភ្ជាប់នឹងរឿងព្រេង ក៏ដូចជាកេរដំណែលវប្បធម៌ខ្មែរបានស្នងបន្តអស់រយៈកាលជាច្រើនសតវត្សរ៍ នោះគឺវត្តព្រះបួនព្រះភ័ក្រ្ត ស្ថិតនៅភូមិភឿកធ្វឹង ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ។

បដិមាព្រះបួនព្រះភ័ក្រ្ត បានផ្សារភ្ជាប់នឹងការ កកើតនាមវត្តព្រះបួនព្រះភ័ក្រ្ត។
វត្តបានរៀបចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្រ្ត - វប្បធម៌ថ្នាក់ខេត្តសុកត្រាំង (ចាស់) កាលពីឆ្នាំ ២០១៧ ប្រវត្តិកកើតវត្ត ព្រះបួនព្រះភ័ក្រ្ត មានអាយុកាលជិត ៥០០ ឆ្នាំ ផ្សារភ្ជាប់ជាមួយនឹងរឿងនិទានក្នុងសហគមន៍ខ្មែរ។ រឿងនិទានដំណាលតៗមកថា ពីមុនតំបន់ នេះមានវាលធំល្វឹងល្វើយពេលប្រជាជនកាប់ឆ្ការ ជីកដីក៏ប្រទះឃើញផែនថ្ម ១ ដុំបួនជ្រុង ក្នុងមួយជ្រុងៗមានព្រះពុទ្ធរូប ៥ ព្រះអង្គ ត់ទុកជាសញ្ញាមានសំណាងល្អ ក្នុងឆ្នាំ ១៥៣៧ សហគមន៍ខ្មែរនៅទីនេះ បាននាំគ្នាកសាងវត្តមួយតម្កល់ព្រះពុទ្ធរូបដ៏ពិសេសនេះសម្រាប់គោរពបូជា។ ចាប់ពីពេលនោះមក នាមវត្តព្រះបួនព្រះភ័ក្រ្តបានហៅជាប់រហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន បដិមាព្រះពុទ្ធនោះ បានតម្កល់ជាទីសក្ការនៅក្នុងព្រះវិហារ របស់វត្ត។
បរិវេណជុំវិញវត្តនៅមានប្រវត្តិរឿងព្រេងនិទាន ស្រះទេវតា ចម្ងាយពីវត្តប្រហែល ១០០ ម៉ែត្រ។ រឿងព្រេងនិទាននេះ បានសហគមន៍ខ្មែរនិទានតៗគ្នា ដើម្បីបកស្រាយពីប្រពៃណី ទំនៀមទម្លាប់ កូនប្រុសត្រូវចូលដណ្តឹងកូនស្រី ក្នុងពិធីមង្គលការ ទន្ទឹមនឹងនោះ បានបង្ហាញពពីទំនៀមទម្លាប់ មាតាធិបតេយ្យក្នុងទំនៀមទម្លាប់ប្រពៃណីអ្នកស្រុករបស់ជនរួមជាតិខ្មែរពីបុរាណ។
ក្នុងឆ្នាំ ២០២០ ពេលមាមីងខ្មែរនៅទីនេះជីក ដីក៏បានប្រទះឃើញរូបសំណាកព្រះវិស្ណុ ជាអវតារ មួយអង្គក្នុងព្រហ្មញ្ញសាសនា មានអាយុកាល រាប់រយឆ្នាំ សព្វថ្ងៃរូបសំណាកនេះបានដាក់កម្កល់ នៅក្នុងឧបដ្ឋានសាលា ហើយមានអ្នកដឹងឮនិងស្គាល់វត្តនេះកាន់តែច្រើនឡើង។
តាមឯកសារកត់ត្រានៃវិទ្យាស្ថានបារាំងចុងបូព៌ាប្រទេស មុននេះ ក្នុងសតវត្សរ៍មុន នៅតំបន់ដីកំពង់ធំប្រជាជនបានប្រទះឃើញវត្ថុបុរាណជា ច្រើនតាមរចនាបទព្រហ្មញ្ញសាសនា ដូចជា លិង្គ បដិមាព្រះនាងឱមាភគវតីនិងបដិមាព្រះវិស្ណុ។ តាមការស្រាវជ្រាវវត្ថុបុរាណនិងរឿងព្រេងនិទាន ពីជំនាន់មួយទៅជំនាន់មួយ បានរួមចំណែកអះអាងនូវតម្លៃដ៏ពិសេសនៃតំបន់ដីកំពង់ធំនិយាយរួម និងវត្តព្រះបួនព្រះភ័ក្រ្តនិយាយដោយឡែក។ មិនត្រឹមតែជាកន្លែងជំនឿសាសនារបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ វត្តព្រះបួនព្រះភ័ក្រ្តនៅទាំងជាកន្លែងអភិរក្សនូវវត្ថុតាងរបស់ព្រហ្មញ្ញសាសនា និងពុទ្ធសាសនា បានបង្ហាញពីដំណាក់កាលកកើត និងការទទួលយកវប្បធម៌របស់មាមីងខ្មែរ លើតំបន់ដីណាមបូ។
មិនត្រឹមតែផ្សារភ្ជាប់ជាមួយនឹងរឿងព្រេងនិទាន និងស្លាកស្នាមវប្បធម៌ខ្មែរបុរាណ ក្នុងបរិវេណវត្តនៅទាំងដាំដើមទន្លាប់រាប់សិបដើម ក្នុងនោះដើមខ្លះមានអាយុកាលជាងមួយរយឆ្នាំ។ គ្មាននរណាដឹងច្បាស់អ្នកដាំ ហើយដាំពីកាលណានោះទេ គ្រាន់តែដឹងថាដើមទម្លាប់មានមែកជាម្លប់ដ៏ត្រជាក់និងមានផ្លែផ្អែមឆ្ងាញ់តាំងពីយូរណាស់មកហើយ៕
វឌ្ឍា-ដាលីន